ជាតិ
សង្គមជាតិ
បារាយណ៍ទឹកថ្លា​ជួយ​កសិករ​ផលិត​ស្រូវប្រាំង​បាន៤ពាន់​ហិកតា
09, Dec 2015 , 4:03 pm        
រូបភាព
សៀមរាប៖ បារាយណ៍ទឹកថ្លា ឫ​បារាយណ៍​ខាងលិច គឺជា​តំបន់​មួយ​សំខាន់ នៅក្នុង​តំបន់​អង្គរ។ ក្រៅពី ជា​តំបន់​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​ហើយ​នោះ បារាយណ៍ទឹកថ្លា ក៏​ជា​ប្រភពទឹក​មួយ​យ៉ាងសំខាន់ សម្រាប់​កសិករ​បង្កប​ង្កើ​ត​ផល​កសិកម្ម​ផងដែរ។ ផល​ពី​ទឹក​បារាយណ៍​នេះ ធ្វើ​ឲ្យកសិករ​ដែល​ពឹង​អាស្រ័យ​លើទឹក អាច​បង្កបង្កើត​ផល​ស្រូវប្រាំង​បាន ចំនួន៤០០០ហិកតា​ក្នុងមួយឆ្នាំៗ ។



ពលរដ្ឋ​ប្រមាណ៨០០នាក់ បាន​ចូលរួម​សកម្មភាព ស្ដារ និង​សម្អាត​ប្រឡាយ​បារាយណ៍ទឹកថ្លា ឫ​ហៅ​បារាយណ៍​ខាងលិច ដែលជា​ប្រព័ន្ធ​ទឹក​យ៉ាងសំខាន់​សម្រាប់​ពួកគេ។ សកម្មភាព​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៩ ធ្នូ ក្នុង​បំណង ដើម្បី​ឲ្យ​ប្រព័ន្ធ​ទឹក ហូរ​បាន​លឿន និង​ងាយស្រួល​ក្នុងការ​បូម​បញ្ចូល​ស្រែ។

ប្រធាន​សមាគម​កសិក​រ​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច លោក ហួត ហាយ បាន​ឲ្យ​ដឹងថា កសិករ​ដែល​ពឹង​អាស្រ័យ​ផល​ដោយ​ទឹក​បារាយណ៍​មាន៩ឃុំ​សង្កាត់ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប និង​ស្រុក​ពួក។ ផ្ទៃដី​ធ្វើស្រែមាន​ចំនួន ១២០០០ហិកតា ដែល​បាននិងកំពុង​ពឹង​អាស្រ័យ​លើ​ប្រព័ន្ធ​បារាយណ៍ទឹកថ្លា ក្នុងនោះ ៤០០០ហិកតា ជា​ស្រែប្រាំង។ នេះ​ជាការ​បញ្ជាក់​របស់ លោក ហាយ ដែលជា​ប្រធាន​សមាគម និង​ដឹកនាំ​កសិករ​ចុះ​សម្អាត​ប្រឡាយ។

នៅ​ដើមខែ កក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច ប្រគល់​បារាយណ៍ទឹកថ្លា ដែល​ពីមុន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ធនធានទឹក មក​ឲ្យ​អាជ្ញាធរ​អប្សរា គ្រប់គ្រង​ជំនួស។ ជា​បន្តបន្ទាប់ បារាយណ៍ទឹកថ្លា មានការ​ជួសជុល និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ក្នុងនោះ​មានការ​ជួសជុល​ទ្វារ​ទឹក ស្ដារ​ប្រឡាយចាស់ៗក្នុងភូមិ​ឃុំ​មួយចំនួន ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់។ សកម្មភាព​ជាច្រើន​មាន​ជា​ហូរហែរ តួយ៉ាង​ការសម្អាត​ប្រឡាយ​នៅពេលនេះ ក្នុង​បំណង​ជួយ​សម្រួល​ទឹក​ ឲ្យ​​ហូរ​លឿន​ជា​ពេលមុន ហើយ​ដែល​អាច​ស្រោចស្រព​ដល់​ស្រែប្រាំង ដែល​នៅខាងក្រោមៗបាន ។

លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​មួយឆ្នាំក្នុងកាគ្រប់គ្រងរបស់ខ្លួន  អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការគ្នា​យ៉ាង​ល្អ​ជាមួយ​សហគមន៍ ដែល​ប្រើប្រាស់​ទឹក​បារាយណ៍ ដើម្បី​ដឹង​ពី​តម្រូវការ​របស់​កសិក​រ។ លោក​បញ្ជាក់ថា ពលរដ្ឋ​មានចិត្ត​រីករាយ​ជាងមុន ព្រោះ​អាច​ផលិត​ស្រូវប្រាំង និង​មិន​ខ្វះ​ទឹក​ដូចពេលមុន។ លោក រ៉ា​ឌី​ណា បន្ថែម៖ យើង​ឃើញថា មាន​ស្រែ​ខ្លះ ដែល​ពេលមុន​មិនអាច​ធ្វើស្រែ​បាន ឥឡូវ​គាត់​ធ្វើ​វិញ​បាន។ ដូច​នៅ​ខាង​សង្កាត់​ស្វាយដង្គំ ពីមុន​គាត់​មិនអាច​ទាញ​ប្រយោជន៍​ពី​ទឹក​ក្នុង​បារាយណ៍ តែ​ពេលនេះ​គាត់​អាច​ប្រើប្រាស់​បាន។ នេះ​ជា​ជោគជ័យ​របស់​យើង»។



អាជ្ញាធរ​ជាតិ​អប្សរា ទទួល​សិទ្ធិ​គ្រប់គ្រង​បារាយណ៍ទឹកថ្លា​ពី​រដ្ឋាភិបាល ដោយ​ក្នុងនោះ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​តម្រូវការ​ទឹក​សម្រាប់​ស្រូវ​ចំនួន ១២០០០ហិកតា ក្នុងនោះ​មាន​ស្រូវប្រាំង ៤០០០ហិកតា រួម​និង​ដំណាំ​រួមផ្សំ​មួយចំនួនទៀត​ប្រមាណ ១០០០ហិកតា។ ក្នុងការ​គ្រប់គ្រង​នេះ ត្រូវ​ធានា​ដោះស្រាយ​រាល់​គ្រោះទឹកជំនន់ រាំងស្ងួត ដែល​អាច​កើតមាន​ជាយថាហេតុ​ក្នុង​តំបន់​ទាំងនោះ៕




Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com