ជាតិ
សង្គមជាតិ
ពលរដ្ឋ​ប្រមាណ​៣០០០​នាក់ ទាមទារ​៥​ចំណុច​ធំៗ ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​លើ​ទី​៦៧​នេះ​
10, Dec 2015 , 4:15 pm        
រូបភាព
 
​ក្រុម​សង្គម​ស៊ីវិល តំណាង​សហគមន៍​ដីធ្លី តំណាង​សហជីព សមាគម​នានា រួមទាំង​ព្រះសង្ឃ និង​ប្រជាព​រដ្ឋ​ប្រមាណ​៣០០០ អង្គ​នាក់ បាន​ដង្ហែរ​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌ នាឱកាស​ទិវា​សិទ្ធិមនុស្ស​លើក​ទី​៦៧ ក្នុង​ថ្ងៃទី​១០ ខែធ្នូ​នេះ​។ ខ្លឹមសារ​នៃ​ញត្តិ​នោះ បានស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ក៏ដូចជា រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ធំៗ​ចំនួន​៥ ជូន​ប្រជាពលរដ្ឋ​។​


 
​អង្គការក្រៅរដ្ឋាភិបាល តំណាង​សហជីព សកម្មជន​នានា ព្រមទាំង​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ ប្រហែលជា​៣០០០​អង្គ​នាក់ បានមក​ប្រមូល​ផ្គុំ​គ្នា​នៅ​ក្រសួងយុត្តិធម៌​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​កើតមាន​កន្លងមក​។ ព្រះសង្ឃ រួមទាំង​ប្រជាពលរដ្ឋ​ទាំងនោះ មកពី​បណ្តា​រាជធានី​ខេត្ត​ចំនួន​១៦ ដូចជា ខេត្តព្រះវិហារ និង​ខេត្តបាត់ដំបង​ជាដើម​។​
  
​គោលបំណង​សំខាន់ៗ​ចំនួន​៥ ដែល​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ទាំងនោះ​ទាមទារ​គឺ ១. ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ទូទាំងប្រទេស​, ២. កែ​ប្រព័ន្ធតុលាការ និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​រូ​ម​ទាំង​សកម្មជន​ដីធ្លី ដែល​ជាប់ពន្ធនាគារ​, ៣. ដំឡើង​ប្រាក់ខែ​ជួន​កម្មករ​ឲ្យ​បាន​សមរម្យ​, ៤. បញ្ឈប់​អំពើហិង្សា​លើ​ប្រជាជន ជាពិសេស​ក្រុមបាតុករ​, ៥. គោរព​សេរីភាព​ក្នុងការ​បញ្ចេញមតិ ការជួបជុំ និង​ការប្រមូលផ្តុំ​ដោយ​អហិង្សា​។ 
  
​លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​តំណាង​កម្មករ មាន​សុទិដ្ឋិនិយម​យ៉ាងខ្ពស់​ថា ក្រសួងយុត្តិធម៌​នឹង​យកចិត្តទុកដាក់ ដោះស្រាយ​នូវ​អ្វីដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​នៅថ្ងៃនេះ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​សង្ឃឹមថា ញត្តិ​នេះ​នឹង​ទៅ​ដល់ដៃ​ឯកឧត្តម​រដ្ឋ​មន្ត្រី ហើយ​ឯ​ឧ​ត្ត​ម​នឹង​ពិនិត្យ​ពិចារណា​លើ​ញត្តិ​នេះ ដើម្បី​កែសម្រួល​ប្រព័ន្ធតុលាការ​ឡើងវិញ​។ យើង​សង្ឃឹម​ដូច្នេះ ព្រោះ​ទាំង​ខ្លឹមសារ​នៃ​ញត្តិ  និង​សកម្មភាព​របស់​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ បាន​បង្ហាញថា ប្រជាពលរដ្ឋ​កំពុងតែ​ស្រែក​ឃ្លាន​យុត្តិធម៌​យ៉ាងខ្លាំង​»​។​
  
​ចំណែកឯ​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ បាន​លើកឡើងថា យុត្តិធម៌​អាច​កើន​មាន​ក្នុងសង្គម​ខ្មែរ​បាន ដរាបណា​ប្រព័ន្ធយុត្តិធម៌​ត្រូវបាន​រៀបចំ​ឲ្យ​មាន​ឯករាជ្យ និង​កែប្រែ​ឲ្យ​ត្រូវ​ស្តង់​ស្តារ​ជាមុនសិន​។ លោក​សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖ «​អ្វីដែល​សំខាន់បំផុត គឺ​ត្រូវតែ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ ឲ្យ​ទៅជា ប្រព័ន្ធ​មួយ​ដែល​ឯករាជ្យ និង​ត្រូវ​តាម​ស្តង់ដា ដែល​ប្រជាជនមាន​ជំនឿ​ទុកចិត្តបាន​។ បើ​ធ្វើ​រឿង​ហ្នឹង​បាន​មែន ខ្ញុំ​គិតថា​ភាពយុត្តិធម៌​នឹង​អាច​កើតមាន​ហើយ​»​។​
  
​ជាងនេះទៅទៀត រូបលោក បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា ថ្ងៃនេះ ជា​ថ្ងៃ​សិទ្ធិមនុស្ស ដូច្នេះ​វា​ជា​ឱកាសល្អ​ដែល​ប្រជាពលរដ្ឋ អាច​ផ្ញើ​សារ​ពី​ទុក្ខលំបាក ទៅដល់​រដ្ឋាភិបាល ហេតុនេះ​ក្រសួងយុត្តិធម៌ ក៏ដូចជា​រដ្ឋាភិបាល នឹង​ដោះ​ស្រា​រាល់​បញ្ហា ដែល​ប្រជាពលរដ្ឋ​ចង់បាន​។ 
 
​ក្រោយពី​តំណាង​ក្រសួងយុត្តិធម៌​ចេញមក​ទទួល​ញត្តិ ប្រជាពលរដ្ឋ រូ​ម​ទាំង​ព្រះសង្ឃ​ទាំងអស់ បានបញ្ចប់​សកម្មភាព​នៃ​ការដាក់​ញត្តិ​នោះ នៅ​ម៉ោង​១០:៣០ ព្រឹក​៕
 
 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com