ជាតិ
សុខភាព
ស្រា ស ស្រាថ្នាំ និង​សាច់​ឆ្កែ សម្លាប់​ពលរដ្ឋ​១០​នាក់​ហើយ​នៅ​ស្នួល ខេត្តក្រចេះ​
11, Dec 2015 , 11:50 am        
រូបភាព
​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ហើយ ​បាន​ស្លាប់​ដោយសារ​ការបរិភោគ​ស្រាស ស្រាថ្នាំ និង​សាច់​ឆ្កែ​។ វា​ជា​ករណី​ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​បានកើត​ឡើងជា​បន្តបន្ទាប់​នា​អំឡុង​ខែធ្នូ​នេះ នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។



​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ថ្ងៃ​សុក្រ​នេះ​ថា ពលរដ្ឋ​១០​នាក់ ដែល​រស់នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ស្លាប់​ដោយសារ​ករណី​បរិភោគ​ស្រា និង​សាច់សត្វ​ដែល​ងាប់ គ្មាន​ការត្រួតពិនិត្យ​។

​លោក​បាន​រៀបរាប់​លំអិត​ថា​៖«​ពលរដ្ឋ​ក្នុងភូមិ​ស្នួល​កើត ឃុំ​ស្នួល ចំនួន​៦​នាក់​ស្លាប់​ដោយសារ​ផឹកស្រា និង​ហូប​សាច់​ឆ្កែ​ដែល​ងាប់ ពលរដ្ឋ​៣​នាក់​ទៀត​រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្លាប់​បន្ទាប់ពី​ផឹកស្រា និង​ម្នាក់ទៀត​នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្លាប់​ដោយសារ​ផឹកស្រា​»​។

​បើតាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក៏មាន​ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​៣​នាក់​ដែរ បាន​ស្លាប់​ដោយសារ​ពុល​ស្រា និង​បរិភោគ​សាច់សត្វ​ដែល​ងាប់​នេះ ខណៈ​រយៈពេល​២​ខែ​ចុងក្រោយ មាន​ពលរដ្ឋ​ដែល​ឈឺ​ជាង​១០០​នាក់​។

​ទាក់ទង​នឹង​ករណី​បរិភោគ​ស្រា និង​សាច់​ឆ្កែ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​នៅក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល​៦​នាក់​ស្លាប់ កាលពី​ថ្ងៃទី​៧​ខែធ្នូ​កន្លងទៅ លោក ឈ្នាង សុ​វុត្ថា បាន​បញ្ជាក់ថា   មន្ត្រី​សុខាភិបាល​ខេត្ត​កំពុង​បន្ត​ការត្រួតពិនិត្យ និង​អង្កេត នៅតាម​ភូមិ ឃុំ ផ្សេងទៀត​។

​លោក ឈ្នាង សុ​វុត្ថា ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បរិភោគ​ស្រា ជាពិសេស​ស្រា​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ឬ​សាច់សត្វ​ងាប់​ដោយសារ​ការបំពុល ឬ​មាន​ជំងឺ ឬ​អាហារ​មាន​ជាតិពុល ឬ​មាន​មេរោគ ដើម្បី​ចៀសវាង​ការឈឺ ឬ​ស្លាប់​ដែល​អាច​កើតឡើង​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ រាយការណ៍​ទៅ​មន្ទីរ​សុខាភិបាល នៅពេល​ឃើញ​មាន​សត្វ​ងាប់ និង​ប្រញាប់​ទៅ​មន្ទីរពេទ្យ​នៅពេល​មាន​ករណី​មិន​ស្រួលខ្លួន​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៧​ធ្នូ​កន្លងទៅ ពលរដ្ឋ​រស់នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​បាត់បង់​ជីវិត​ដល់​ចំនួន ៦​នាក់​ហើយ ចំណោម​ពលរដ្ឋ​រងគ្រោះ​ចំនួន​៣៦​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល និង​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ករណី​ហូប​ស្រា ជាមួយ​សាច់​ឆ្កែ​ដែល​គេ​បំពុល​៕



Tag:
 សាច់​ឆ្កែ​
  ស្រាស​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com