ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គ រណឫទ្ធិ ចង់ធ្វើមេអណ្តើកឲ្យលោក ហ៊ុ​ន សែន និងលោក សម រង្ស៊ី
11, Dec 2015 , 12:41 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អះ​អាង​ថា​ព្រះអង្គ​នឹង​ស្ម័​គ្រ​ព្រះទ័យ ដើរតួ​ជា​មេ​អណ្តើ​ក​​ដើម្បី​ផ្សះផ្សា​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ តែ​ប្រសិនបើ​គ្មាន​ការស្នើ​សុំនោះ​ទេ ព្រះអង្គ​ដាច់​ខាត​មិន​លូកដៃ​ចូលក្នុង​បញ្ហា​របស់​គណបក្ស​ទាំងពីរ​នេះឡើយ។



ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅតែ​បង្ហើប​ថា ព្រះអង្គ​សុខចិត្ត​ធ្វើជា​មេ​អណ្តើ​ក ក្នុងការ​សម្រុះ​សម្រួល​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឲ្យ​សាមគ្គី​គ្នា​ឡើយ​វិញ បើ​ប្រមុខ​បក្ស​​ទាំងពីរ​នេះ មក​ពឹងពាក់​ព្រះអង្គ។

ប្រមុខ​បក្សរាជានិយម​​អង្គនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​សម្តេច​ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី លោក​ឲ្យ​ខ្ញុំ​ធ្វើជា​មេអណ្តើក ខ្ញុំ​ក៏​ធ្វើជា​មេ​អណ្តើ​ត​ជូន​ដែរ។ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត និយាយដដែលៗ ថា បើ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ លុះត្រាតែ​ខ្មែរ​ទាំងអស់គ្នា​ចេះ​រួបរួមគ្នា​ជាមុនសិន»។

តែយ៉ាងណាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បញ្ជាក់ថា កន្លងមក​ ព្រះអង្គ​មិន​យក​ព្រះកាយ​ទៅ​បៀត ឬ​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់លោក ហ៊ុន សែន ប្រធាន​បក្ស​កាន់អំណាច និង​លោក សម រង្ស៊ី ប្រធាន​បក្សប្រឆាំង ​នោះទេ។ ព្រះអង្គ​បាន​បន្ថែមទៀតថា រឿង​អ្វី​ក៏ដោយ ក៏​ព្រះអង្គ​មិន​ប៉ះពាល់​ជា​ដាច់​ខាត សូម្បីតែ​វប្បធម៌​សន្ទនា ក៏​ព្រះអង្គ​មិន​លូកដៃ​លូក​ជើង​ចូល​ដែរ។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​យុវជន និង​តំណាង​ចលនា​អ្នករាជានិយម ប្រមាណជាង៣០០នាក់ នៅ​ទូទាំង២៥រាជធានី​ខេត្ត ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី១១ ខែធ្នូ នេះ។ 






Tag:
 នរោត្តម រណឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com