ជាតិ
កងទ័ព​មួកខៀវ​ម្នាក់ ស្វែងរក​ជំនួយ​ពី​លោក​ហ៊ុន សែន និង​UN ក្រោយពី​ងងឹតភ្នែក​នៅ​ម៉ាលី​
11, Dec 2015 , 5:04 pm        
រូបភាព
​អតីត​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ម្នាក់ គឺ​លោក ពា សុ​ផុន បាន​ផ្ញើលិខិត​ពីរ​ច្បាប់​ផ្សេងគ្នា​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង និង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ អ្នកស្រី Claire Van der Vaeren ដើម្បី​ស្វែងរក​ជំនួយ​ព្យាបាល​ភ្នែក​ដែល​ពិការ​នៅក្នុង​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​តាំងពី​ឆ្នាំ​២០១៤​។ លោក ពា សុ​ផុន បាន​ផ្ញើលិខិត​នេះ​ទៅ​លោកនាយក​រដ្ឋមន្ត្រី និង​តំណាង​អង្គការ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១១​ខែធ្នូ​នេះ​។



​នៅក្នុង​បេសកកម្ម​មនុស្សធម៌​នៃ​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​លើក​ទី​២​នៅក្នុង​ទីក្រុង​គី​ដាល់​នៃ​ប្រទេស​ម៉ាលី ក្នុង​ឆ្នាំ​២០១៤ លោក ពា សុ​ផុន បាន​ពុល​អាហារ ហើយ​បាន​រងគ្រោះ​រហូតដល់​ពិការភ្នែក​។ កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​អាយុ​៣៥​ឆ្នាំ ក៏​ត្រូវបាន​បញ្ជូនមក​ប្រទេស​កំណើត​វិញ ហើយក៏​បាន​លក់​ទ្រព្យសម្បត្តិ​មួយចំនួន​ដើម្បី​ព្យាបាល​ភ្នែក​។ តែ​គ្មាន​ប្រយោជន៍​ឡើយ​។​

​នៅក្នុង​លិខិត​ដែល​ពិពណ៌នា​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី Claire Van der Vaeren នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ពា សុ​ផុន រៀបរាប់ថា គ្រូពេទ្យ​បាន​អះអាង​អំពី​ការ​អស់​លទ្ធភាព​នៃ​ការព្យាបាល​ភ្នែក​របស់លោក ហើយ​លោក​ក៏បាន​សម្រេចចិត្ត​មក​រស់នៅ​ជាមួយ​ម្តាយ​ចាស់​នៅ​ភូមិ​ចុង​កោះ​នៃ​ស្រុក​ខ្សាច់កណ្តាល ខណៈ​ទំនាក់ទំនង​ស្វាមីភរិយា​របស់លោក ក៏​ឈានដល់​ការ​លែងលះ ដោយសារ​ពិការភាព​របស់លោក​។​

​នៅពេលដែល​លោក ពា សុ​ផុន សម្រេចចិត្ត​ឲ្យ​ក្មួយ​ស្រី​ជួយ​សរសេរ​លិខិត​តាម​ការតាក់តែង​របស់​លោក​នោះ នោះ​គឺ​លោក សុ​ផុន សង្ឃឹម​ទទួលបាន​ថវិកា​ជំនួយ ឬ​សំណង តាម​លក្ខខណ្ឌ​ការងារ ដោយសារតែ​លោក​បាន​ធ្លាក់ខ្លួន​ពិកា​នៅក្នុង​បេសកកម្ម​។ លោក សុ​ផុន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយពី​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ ជំនួយការ​ឯកឧត្តម សែម សុវណ្ណនី បានមក​សួរសុខទុក្ខ និង​នាំយក​ថវិកា​៥០​ម៉ឺន​រៀល និង​ទឹកក្រូច​មក​ជូន​ខ្ញុំ​ដែរ​។ ប៉ុន្តែ​ការសួរសុខទុក្ខ​នោះបាន​កើតឡើង​តាំងពី​ខែធ្នូ​ឆ្នាំទៅ​។ រហូតដល់​ឥឡូវ​គឺ​មួយឆ្នាំ​ហើយ ខ្ញុំ​គ្មាន​ដំណឹង​អ្វី​ទាល់តែសោះ​»​។​

​នៅក្នុង​លិខិត​រៀបរាប់​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី និង​តំណាង​អង្គការសហប្រជាជាតិ លោក ពា សុ​ផុន ក៏បាន​រម្លឹក​ដែរ​ថា​៖ «​បន្ទាប់ពី​ទទួលរង​គ្រោះ មន្ត្រី​UN​ដែល​ធ្លាប់បាន​សន្យា​ជួយ​ដោះស្រាយ និង​ជូន​សំណង​ដល់​ជនរងគ្រោះ​នៅ​តំបន់​បេសកកម្ម បាន​ពន្យា​ពេល និង​មិនបាន​ផ្តល់​សំណង​រហូតដល់​ពេលនេះ​»​។​

​មន្ត្រី​យោធា​ខ្មែរ ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​កងទ័ព​តាំងពី​ឆ្នាំ​១៩៩៨ បាន​ត្អូញត្អែរ​នៅក្នុង​លិខិត​ដដែល​នោះ​ថា លោក​ពុំមាន​ប្រាក់​ចិញ្ចឹមជីវិត​ទៀតឡើយ ដោយ​សារភាព​ងងឹតភ្នែក​នេះ​៕


Tag:
 អង្គការសហប្រជាជាតិ
  កងទ័ព​មួក​ខៀវ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com