ជាតិ
សង្គមជាតិ
​វេទិកាយុវជន FORUM ONE ស្ដីអំពី​«​នយោបាយ​សម័យ​បច្ចេកវិទ្យា​»
15, Dec 2015 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ បណ្ដាញ​ព័ត៌មាន​សង្គម​ បាន​រីកលូតលាស់​ខ្លាំង​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៣​ក្នុង​ស្រទាប់​បណ្ដា​យុវជន និង​បញ្ញវន្ត និង​សាធារណជន​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។ បណ្ដាញ​សង្គម​ទាំងនេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ទំនាក់ទំនង​សង្គម ពាណិជ្ជកម្ម ការតស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស ការអប់រំ តាមដាន​ស្ថានភាព​សង្គម កិច្ចការ​សាធារណៈ សង្គ្រាមពាក្យសម្ដី និង​ឧបករណ៍​នយោបាយ​ជាដើម​។​

 
​នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ អង្គការ​សភា​យុវជន​ខ្មែរ នឹង​រៀបចំ​កម្មវិធី​វេទិការ​យុវជន​FORUM ONE ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សាកលវិទ្យាល័យ ហ្សា​ម៉ាន់​(Zaman University )​។ វេទិកា​នេះ គឺជា​វេទិការ​ពិភាក្សាគ្នា​មួយ​ក្នុង​ស្រទាប់​យុវជន ដើម្បី​ធ្វើការ​វាយតម្លៃ​ជាទូទៅ​អំពី​ផល​វិជ្ជមាន និង ផល​អវិជ្ជមាន នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ចាប់​តាំង ពី​ឆ្នាំ​២០១៣​ មក​។​
 
​ម្យ៉ាងវិញទៀត​វេទិកានេះ នឹង​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ផ្លូវ​គំនិត ឬ​គោលនយោបាយ ដើម្បី​ឲ្យ​យុវជន​ខ្មែរ ចេះ​ប្រើប្រាស់​នូវ​បណ្តាញ​ព័ត៌មាន​សង្គម Facebook និង Twitter ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។ ជាពិសេស​ការប្រើប្រាស់​ប​ណ្ដា​ញ​សង្គម​ទាំងនេះ គឺមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ ការបោះឆ្នោត​នា​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ​។ នេះ​បើ​យោងទៅតាម​សេចក្ដីប្រកាស់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សភា​យុវជន​ខ្មែរ​។​
​នៅក្នុង​វេទិការ​យុវជន​FORUM ONE ស្ដីអំពី​«​នយោបាយ​សម័យ​បច្ចេកវិទ្យា​» មានការ​ចូលរួម​ពី​វាគ្មិន និង​ប្រធានបទ​សំខាន់ៗ​ដូចជា​៖
 
- ឧបក​រណ៍​ឃោសនា​មហាជន : វាគ្មិន លោក ឈាង វុន (TBC) ជា​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភាជាតិ​
- ឧបករណ៍​ប្រជាធិបតេយ្យ : វាគ្មិន លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ (TBC) ជា​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភាជាតិ​
- ឧបករណ៍​សិទ្ធិមនុស្ស : វាគ្មិន លោកស្រី ចក់ សុភាព (TBC) ប្រធាន​មជ្ឈមណ្ឌល CCHR
- ឧបករណ៍​បោះឆ្នោត : វាគ្មិន លោក គល់ បញ្ញា (TBC) នាយក Comfrel
-​ឧបករណ៍​ត​ប្រឆាំង​អំពើពុករលួយ : វាគ្មិន លោក ព្រាប កុល (TBC) នាយក TI-Cambodia
 
​គួររម្លឹកថា វេទិកា​យុវជន FORUM ONE ស្ដីអំពី​«​នយោបាយ​សម័យ​បច្ចេកវិទ្យា​»​នេះ​និង​កំណត់​យក​អ្នកចូលរួម​ចំនួន​១៥០​នាក់​។ សាធារណជន​ចង់​ចូលរួម​អាច​ទៅ Register យក​សំបុត្រ​នៅក្នុង​http://www.eventbrite.com/e/forum-one-tickets-19836154472។ ហើយ​វេទិកា​យុវជន FORUM ONE: The Center of Dialogue for Young Liberal and Democrat ជា​កម្មវិធី​ថ្មី​មួយ​របស់ អង្គការ​សភា​យុវជន​ខ្មែរ ដែល​នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​យុ​ជន​ជាច្រើន​ជា​បន្តបន្ទាប់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ជួបជុំ ពិភាក្សា រក​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម​សំខាន់ៗ របស់​យុវជន​៕

© រក្សាសិទ្ធិដោយ thmeythmey.com