ជាតិ
បទវិភាគ
សង្គមជាតិ
ដល់ពេល​ខ្មែរ​ត្រូវបង្កើត​មោទនភាព​សម្រាប់​វប្បធម៌​ចម្រៀង​ខ្មែរ ដោយ​ឈប់​ចម្លង​ពី​បរទេស​!
15, Dec 2015 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ជា​ញឹកញាប់​ផលិតកម្ម​ក្រៅប្រទេស តែង​បរិហារ​ធ្ងន់ៗ​អ្នកចម្រៀង​ឬ​ផលិតកម្ម​ខ្មែរ​ថា ពូកែ​តែ​ខាង​លួច​ពី​គេ គ្មាន​គំនិត​បង្កើត​ខ្លួនឯង ហើយ​ជួនកាល​ផលិតកម្ម​បរទេស​ទាំងនោះ ព្រមាន​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង​។ ដូច្នេះ​រឿង​អាម៉ាស់​ទាំងអស់នេះ ល្មម​ដល់​ពេលដែល តារាចម្រៀង ឬ​ផលិតកម្ម​ចម្រៀង​ស្រុក​ខ្មែរ​ឈប់​ធ្វើ​ត​ទៀត ដោយ​ងាក​មក​បង្កើន​ស្មារតី​ជាតិនិយម និង​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង​វិញ​ម្តង​។ 


 
​វា​ល្មម​ដល់ពេល​ហើយ​ដែល​តារាចម្រៀង ឬ​ម្ចាស់​ផលិតកម្ម​ចម្រៀង​ស្រុក​ខ្មែរ ត្រូវមាន​ស្មារតី​ជាតិនិយម ហើយ​ឈប់​លួច​ចម្លង​បទ​ចម្រៀង​ពី​បរទេស​បន្តទៀត​។ កន្លងមកនេះ​ក្នុង​វិស័យ​ចម្រៀង​នេះ  កិត្តិយស​របស់​កម្ពុជា រង​ភាពអាម៉ាស់ ដោយសារតែ​តារាចម្រៀង និង​ផលិតកម្ម​ខ្មែរ លួច​ចម្លង​បទ​ចម្រៀង​បរទេស​មក​ច្រៀង ឬ​ផលិត​បន្ត​។ ផលិតកម្ម​បរទេស​ដែល​បរិហារ​អ្នកចម្រៀង និង​ផលិតកម្ម​ខ្មែរ​កន្លងមក មានដូចជា ថៃ វៀតណាម និង​កូរ៉េខាងត្បូង ជាដើម​។ 
 
​ក្នុង​ចំ​ណោ​ម​​ភាពអាម៉ាស់​ជាច្រើន មាន​ភាពអាម៉ាស់​ធ្ងន់ធ្ងរ​ចំនួន ៤ យ៉ាង ដែល​កើតចេញ​មកពី​ការលួចចម្លង​ចម្រៀង​ពី​បរទេស​នេះ ទី ១ បាត់បង់​មោទនភាព​ជាតិ ពោលគឺ​មិនមែន​ត្រឹមតែ​ខូច​កិត្តិយស​របស់​តារាចម្រៀង និង​ផលិតកម្ម​ផ្ទាល់​ដែល​លួច​ចម្លង​ពី​បរទេស​នោះទេ តែ​វា​ក៏​ធ្វើ​ប៉ះពាល់​ដែរ​ដល់​មុខមាត់​ប្រជាជន​ខ្មែរ​ទាំងមូល​។ ហើយ​ពាក្យ​ថា មោទនភាព​ភាព​ជាតិខ្មែរ​ក្នុង​វិស័យ​ចម្រៀង​នេះ នឹងត្រូវ​ហិនហោច​។ ទី ២ តារាចម្រៀង ឬ​ផលិតកម្ម​ចម្រៀង​ខ្មែរ អាច​ត្រូវគេ​ហៅថា ជា​«​ចោរ​» ពីព្រោះ​តែ​លួ​ចម្លង​ពី​គេ ដែល​ធ្វើ​ឲ្យ​វប្បធម៌​ចម្រៀង​ខ្មែរ​ចុះខ្សោយ​។ ទី ៣ អ្នកចម្រៀង ឬ​ផលិតកម្ម​ចម្រៀង​បច្ចុប្បន្ន គ្មាន​ស្នាដៃ​អ្វី​ថ្មី​ដែលជា​របស់ខ្លួន សម្រាប់​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ហើយ​ទី ៤ ធ្វើ​ឲ្យ​បរទេស​មើលងាយ​កម្ពុជា​។ 
 
​ដូច្នេះ​នៅ​ពោះ​មុខ​ភាពអាម៉ាស់​ទាំងនេះ តារាចម្រៀង ម្ចាស់​ផលិតកម្ម​ចម្រៀង​ខ្មែរ​ទាំងអស់ ត្រូវតែ​បញ្ឈប់​សកម្មភាព​លួច​ចម្លង​ចម្រៀង​ពី​បរទេស​ឲ្យ​បាន ហើយ​ងាក​មក​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង​។ ស្នាដៃ​ខ្លួនឯង​ជា​របស់​ខ្មែរ គឺ​មោទនភាព​ជាតិខ្មែរ​។ ស្មារតី​ជាតិនិយម មនសិការ​ជាតិ ឧ​ត្ត​ម​គតិ និង​សតិសម្បជញ្ញៈ​ជា​ជនជាតិខ្មែរ ត្រូវតែមាន​នៅក្នុង​បេះដូង​តារាចម្រៀង និង​ម្ចាស់​ផលិតកម្ម​ចម្រៀង​ខ្មែរ ទើប​អាច​លើកស្ទួយ​វប្បធម៌​ចម្រៀង​ខ្មែរ​បាន​។ 
 
​ជា​ការពិត​ការផលិត​ខ្លួនឯង វា​ពិតជា​មានការ​លំបាក និង​ត្រូវការ​ធនធានមនុស្ស ព្រមទាំង​ចំណាយ​ដើមទុន និង​ពេលវេលា​ច្រើន ហើយ​ពេលខ្លះ​មិន​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ស្តាប់​ទៀត​។ តែ​មិនអាច​យក​លេស​នេះ ហើយ​លួច​ចម្លង​ពី​បរទេស​នោះឡើយ​។ ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ ជាពិសេស​គឺ​យុវជន ក៏​ត្រូវមាន​ស្មារតី​ជាតិនិយម​ដែរ ពោលគឺ​ត្រូវ​ប្រកាន់​ជំហរ​ឈប់​គាំទ្រ ឈប់​ស្តាប់ បទ​ចម្រៀង​ដែល​តារាចម្រៀង ឬ​ផលិតកម្ម​ចម្រៀង​ខ្មែរ​ដែល​លួច​ពី​បរទេស​។ តែ​ផ្ទុយទៅវិញ យុវវ័យ​ត្រូវ​នាំគ្នា​លើកស្ទួយ គាំទ្រ តារាចម្រៀង ឬ​ផលិតកម្ម​ចម្រៀង​ខ្មែរ ដែល​ផលិត​ដោយ​ខ្លួនឯង ដោយ​មិន​ចម្លង​ពី​បរទេស​។ សូម​ចាំ​ថា ប្រសិនបើ​ស្អប់ខ្ពើម​ការលួចចម្លង​ពី​បរទេស ខ្មែរ​ត្រូវ​គាំទ្រ​ស្នាដៃ​របស់​ខ្មែរ​៕
 

Tag:
 ​វប្បធម៌​ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com