អន្តរជាតិ
​អូ​បា​ម៉ា​និង​ស៊ី​ជិន​ពីង​សន្យា​អនុវត្ត​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ប៉ារីស​
15, Dec 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាអំណាច​ចិន និង អាមេរិក​បានប្រកាស​ស​ហ​ការ​គ្នា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ដែល​ទើបតែ​ចេញពី​រូបរាង​កាលពី​សប្ដាហ៍​មុននេះ​។ ការសន្យា​នេះ​បាន​កើតឡើង​នៅពេលដែល​លោក ស៊ី ជិន​ពីង និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជជែក​គ្នា​តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​១៣ ខែធ្នូ​។​



​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង និង​សម​ភាគី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​យល់ព្រម​ធ្វើការ​ជាមួយគ្នា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សកល​ស្ដី​បម្រែបម្រួល​អាកាសធាតុ​ដែល​បានអនុម័ត​កាលពី​សប្ដាហ៍​មុននេះ នៅ​ទីក្រុង​ប៉ារីស​។ ហើយ​បាន​អបអរ​កិច្ចព្រមព្រៀង​នេះ​ដែល​នឹង​ជួយ​ដល់​ពិភពលោក​ទាំងមូល​។​

​យោងតាម​ការផ្សាយ​រប​ស់​ក្រសួងការបរទេស​ចិន លោក ស៊ី បាន​ប្រាប់​ទៅ​លោក អូ​បា​ម៉ា​ថា កិច្ចព្រមព្រៀង​ដែល​សម្រេច​កាលពី​ថ្ងៃអាទិត្យ គឺជា​លទ្ធផល​នៃ​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​វា​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ការប្រឹងប្រែង​ជា​សកល​ថ្ងៃ​ខាងមុខ​។ មួយវិញទៀត​លោក ស៊ី ជិន​ពីង បាន​ប្រា​ប់លោក អូ​បា​ម៉ា​ទៀតថា ចិន​ចង់​បន្ត​ការសម្របសម្រួលនិង​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ជា​បន្តទៀត​លើ​បញ្ហា​អន្តរជាតិ​ផ្សេងទៀត​។ 

​ទាក់ទង​នឹង​បញ្ហា​នេះដែរ ខាង​សេត​វិមាន​ក៏បាន​បញ្ជាក់ថា ក្នុងពេល​និយាយ​ទូរ​សព្ទ​លោក​ស៊ី ប្រធានាធិបតី អូ​បា​ម៉ា បាន​អបអរ​កិច្ចព្រមព្រៀង​នេះ ដែល​នឹង​ជួយ​ដោះស្រាយ​ការបញ្ចេញ​ជាតិពុល​ក្នង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​នេះ​។ ហើយ​លោក​អូ​បា​ម៉ា បន្តថា ក្រុម​ចរចា​របស់​ចិន​និង​អាមេរិក បានធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​សម្រេច​ចេញ​កិច្ចព្រមព្រៀង​នេះ​ឡើង​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែធ្នូ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​១៩៥ ដែល​ជុំគ្នា​នៅ​ក្រុងប៉ារីស បាន​ស្រុះស្រួល​គ្នា​សម្រេច​ចេញ​កិច្ចព្រមព្រៀង​លើ​វិធានការ​កាត់បន្ថយ​សីតុណ្ហភាព​ផែនដី ឲ្យ​បាន​២​អង្សារ​នៅ​ដំណាច់ឆ្នាំ ២១០០ ។ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ពី​ពេលនេះ​រហូតដល់​ឆ្នាំ ២០២០ ក្រុម​ប្រទេស​អ្នកមាន​ត្រូវ​ជួយ​ថវិកា​ប្រចាំឆ្នាំ ១០០​ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​។

​ចិន​និង​អាមេរិក គឺជា​ប្រទេស​ពីរ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ច្រើនជាងគេ ហើយ​បាន​បំពុលបរិស្ថាន​យ៉ាងខ្លាំង បើ​ប្រៀបធៀប​ប្រទេស​រីកចម្រើន​ដទៃទៀត​។ ជានិច្ចកាល ប្រទេស​ទាំងពីរ​បានប្រកាស​ពី​គោលបំណង​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​៕


Tag:
 ចិន​
  អាមេរិក​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com