កីឡាជាតិ
ជាតិ
ថា​យ​ហ្គឺ​រ និង​វេ​ស្ទើ​ន បញ្ចូល​គ្នា​ជា​ក្រុម​តែមួយ
16, Dec 2015 , 10:30 am        
រូបភាព
ដោយ: រួបរួម
​ក្លិប​កីឡាបាល់ទាត់ Western ដែលមាន​ប្រភព​ចេញពី​សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​ក្លិប Cambodian Tiger ដែលមាន​ម្ចាស់​ជា​សហគ្រិន​ជនជាតិ​ជប៉ុន បានប្រកាស​រួមបញ្ចូល​គ្នា ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។​

 
​ពិធី​ប្រកាស​ភាពជា​ដៃគូ​ផ្លូវការ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ។ សារព័ត៌មាន​ថ្មីៗ​មិនមាន​ព័ត៌មាន​លម្អិត​ឡើយ ទាក់ទង​នឹង​ការច្របាច់បញ្ចូលគ្នា​រវាង​ក្លិប​ទាំងពីរ​នេះ ដោយសារ​មិនបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​។​
 
​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ www.cambodian-tiger.com ដែល​សរសេរ​ជា​ភាសា​ជប៉ុន ការសម្រេច​រួមបញ្ចូល​គ្នា ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក Kato Akihito ប្រធាន​ក្លិប Cambodian Tiger និង​លោក តែ ឡូ​រិ​ន ម្ចាស់​ក្លិប​វេ​ស្ទើ​ន​។​
 
​ក្លិប​ទាំងពីរ បានសម្រេច​ប្រើប្រាស់​ឈ្មោះ Cambodian Tiger ហើយ​កំពុង​ពិភាក្សា​រក​ឡូហ្គោ​រួមមួយ ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​អាច​ប្រើប្រាស់​ក្រោម​ឈ្មោះ Western Tiger ខណៈ​ប្រតិបត្តិការ​នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​។​
 
​កាលពី​រដូវ​កាល​ឆ្នាំ​២០១៥ Cambodian Tiger បាន​ប្រើប្រាស់​កីឡដ្ឋាន Western Stadium របស់​វេ​ស្ទើ​ន សម្រាប់​ការប្រកួត​នៅក្នុង​ដី​របស់ខ្លួន​។ Cambodian Tiger ទទួលបាន​ចំនាត់ថ្នាក់​លេខ​៤ ខណៈ​វេ​ស្ទើ​ន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១១ ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​វេ​ស្ទើ​ន បាន​អះអាងថា ឈ្មោះ Western FC នឹងមិន​បាត់​វត្តមាន​នោះឡើយ ដោយ​ពួកគេ​ត្រៀម​ចូលរួម​ប្រជែង​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​ពីរ​នា​រដូវ​កាល​ក្រោយ​៕

Tag:
 បាល់ទាត់​
  វេ​ស្ទើ​ន​
  ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com