ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន
17, Dec 2015 , 7:39 am        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន
 
​រដ្ឋសភា​អនុម័តផ្ដល់សច្ចាប័នលើច្បាប់ស្ដីពីការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ដោយ​សំឡេងគាំទ្រ​ជា​ឯក​ច្ឆ័​ន ១០១ សំឡេង ខណៈដែល​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៨​ហើយ ដែល​បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។​


​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​នៅក្នុង​កិច្ចប្រជុំសភា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការផ្ដល់​សច្ចាប័ន​រប​ស់​កម្ពុជា ជាការ​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​ធានាបាន​នូវ​និរន្ត​រភាព​នៃ មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន (ACB) សម្រាប់​អនុវត្ត​ការងារ​ថ្នាក់​តំបន់ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​អាស៊ាន សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ជីវៈចម្រុះ និង​ការរៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​
 
​លោក សាយ សំ​អាល់ បន្ថែមថា ក្រសួងបរិស្ថាន​បាន​ជួបពិភាក្សា និង​ពិគ្រោះ​យោ​ប​ល់​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការបង់​វិភាគទាន និង​និតិ​វិធី​ផ្ដល់​សច្ចាប័ន​របស់​កម្ពុ​ជា ។ លោក​ថា ការចុះ​សច្ចាប័ន​នេះ កម្ពុជា​ត្រូវ​បង់​វិភាគទាន​ចំនួន៥​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​រក្សាទុក​នៅក្នុង​ធនាគារ ជាមួយ​មូលនិធិ​ទាយ​ជ្ជ​ទាន សម្រាប់​ដំណើការ​ម​ជ្ឈម​មណ្ឌលជីវៈ​ចម្រុះ​អាស៊ាន ។​
 
​រហូតមកដល់​បច្ចុប្បន្ន​នេះ បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៨​ហើយ បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​នេះ នៅសល់តែ​ប្រទេស​ពីរ​ប៉ុណ្ណោះ គឺ​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​មិនទាន់​បានផ្ដល់​សច្ចាប័ន​។​
 
​កន្លងមក​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន ធ្លាប់បាន​សម្របសម្រួល​ការងារ​ជាច្រើន​ដល់​បណ្ដា​ប្រទេស​អាស៊ាន ក៍​ដូចជា​ប្រទេស​កម្ពុជា​លើ​ផ្នែក​អភិរក្ស​ជីវៈចម្រុះ ទាំង​បច្ចេកទេស និង​ថវិកា ក្នុងការ​អនុវត្ត​គម្រោង​ថ្នាក់​តំបន់ ការកសាង​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ និង​ការងារ​មួយចំនួនទៀត​ទាក់ទង​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​។​
 
​រដ្ឋសភា​អនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្ដីពី​ការបង្កើត​មជ្ឍមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ដោយ​សំឡេងគាំទ្រ​ជា​ឯក​ច្ឆ័​ន ១០១ សំឡេង ដោយមាន​ការចូលរួម​ពី​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៧​រូប និង​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៤​រូប​៕

© រក្សាសិទ្ធិដោយ thmeythmey.com