ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទេព នីថា នឹងដាក់​ពាក្យ​ជា​បេក្ខជន​អគ្គលេខាធិការ គ​.​ជ​.​ប ថ្មី​
17, Dec 2015 , 9:59 pm        
រូបភាព
​អគ្គលេខាធិការ​គ​.​ជ​.​ប លោក ទេព នីថា បាន​បញ្ជាក់ថា រូបលោក​នឹងដាក់​ពាក្យ​ជា​បេក្ខជន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថ្មី ដើម្បី​ប្រកួតប្រជែង​ចូលកាន់​តំណែង​នេះ​ម្ដងទៀត​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​អគ្គលេខាធិកា​រ ១ រូប និង​អគ្គលេខាធិការរង​ចំនួន ៤ រូប​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ទទួល​ពាក្យ​បេក្ខជន​ចាប់ពី​ថ្ងៃទី ១៧ ខែធ្នូ​ដល់​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៥ ។



​ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​នោះ លោក ទេព នីថា បញ្ជាក់ថា រូបលោក​នឹងដាក់​ពាក្យ​ប្រជែង​កាន់តំណែង​នេះ​ម្ដងទៀត​។​លោក ទេព នីថា ដែល​កំពុងកាន់​តួនាទី​អគ្គលេខាធិការ​នេះ អះអាងថា លោក​មាន​បទពិសោធ​ច្រើន និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញ​តួនាទី​នេះ​។ «​ខ្ញុំ​នឹងដាក់​ពាក្យ​ម្ដងទៀត ព្រោះ​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​នេះ ខ្ញុំ​មានបទពិសោធន៍​ច្រើន​ឆ្នាំ និង​មាន​សមត្ថភាព​គ្រប់​លក្ខខណ្ឌ​ដែល​អាច​ចូល​ប្រជែង​ចូលកាន់​តំណែង​អគ្គលេខាធិការ គជប​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព នីថា ដែល​អះអាងថា រូបលោក​តែងតែ​អនុវត្ត​ការងារ​តាមច្បាប់​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ជានិច្ច​។

​លោក ទេព នីថា បាន​ចូលធ្វើ​ការងារ​នៅក្នុង​ស្ថាប័ន​គ​.​ជ​.​ប តាំងពី​ឆ្នាំ​១៩៩៨ មក ដោយ​ផ្តើម​ពី​តួនាទី​ជា​នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មុននឹង​លោក​ទទួល​តួនាទី​ជា​អគ្គលេខាធិការ គជប បច្ចុប្បន្ននេះ​។​

​តែ​ការបំពេញ​តួនាទី​អគ្គលេខាធិការ គជប កន្លងមកនេះ លោក ទេព នីថា ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​រិះគន់ថា លោក បំពេញការងារ​ក្រោម​អំណាច​អ្នកនយោបាយ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គ្មាន​ភាព​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​ឡើយ ។​

​ត្រង់ចំណុច​នេះ​លោក ទេព នីថា មិន​ចាប់អារម្មណ៍​និង​ការរិះគន់​ទាំងនេះ​ទេ​។​លោក​ថា ការរិះគន់​នេះ​គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពួកគេ​។ តែ​ការងារ​ដែល​លោក​ធ្វើ​កន្លងមក គឺ​លោក​គោរព​តាមច្បាប់ និង​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី អគ្គលេខាធិការ គជប រូបនេះ បញ្ជាក់ថា​៖«​នេះ​ជា​សិទ្ធិ​របស់​ពួកគេ​។​តែ​ការរិះគន់​របស់​ពួកគេ​ពេលខ្លះ​ត្រូវ ពេលខ្លះ​ក៏​មិនត្រូវ​ដែរ​។​ហើយ​ការបំពេញ​ការងារ​រប​ស់​ខ្ញុំ​មិនមែន​ធ្វើ​បានល្អ​ទាំងអស់​នោះទេ ពេលខ្លះ​ល្អ ពេលខ្លះ​មិនល្អ​ត្រូវ​តាមចិត្ត​គេ​ដែរ​»​។​

​ទាក់ទង​នឹង​លោក ទេព នីថា នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការជ្រើសរើស​អគ្គលេខា​ធិ​ការ និង​អគ្គលេខាធិការរង​ថ្មី​នេះ ក៏​នៅតែ​បើកផ្លូវ​ឲ្យ​លោក ទេព នីថា អគ្គលេខាធិការ​បច្ចុប្បន្ន ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ទទួល​តំណែង​នេះ​ដដែល​។ លោក ហង្ស ពុទ្ធា លើកឡើងថា ការជ្រើសរើស​តំណែង​ទាំងពីរ​នេះ តាមរយៈ​ការបោះឆ្នោត​សម្រេច​ពី​សមាជិក​គ​.​ជ​.​ប​ដោយ​សំឡេង ៥០ ភាគរយ​បូក ១ ។ « តំណែង​នេះ យើង​មិន​បិទ​សិទ្ធិ​ពលរដ្ឋ​ណាមួយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ដាក់ពាក្យ​កាន់តំណែង​នេះ​ទេ​។ លោក ទេព នីថា បើ​គាត់​ដាក់ពាក្យ​ឈរ​ជា​បេក្ខជន​អគ្គលេខាធិការ​ទៀត គឺជា​សិទ្ធិ​របស់គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​។​

​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លក្ខខណ្ឌ​ដែល​បេក្ខជន​អាចដាក់​ពាក្យ​ក្នុង​តំណែង​ទាំងពីរ​នេះ​បាន ត្រូវមាន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែមួយគត់ ក្នុង​រយៈពេល​បំពេញការងារ ។ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងតិច ៣០ ឆ្នាំ គិតដល់​ថ្ងៃ​តែងតាំង មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧ​ត្ត​ម​សិក្សា​ឡើងទៅ មានបទពិសោធន៍​ការងារ​យ៉ាងតិច ៥ ឆ្នាំ​។ ជាង​នេះ​បេក្ខជន មិន​ត្រូវជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី ១ របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com