ព័ត៍មានសុខភាព
សុខភាព៖ វិធី​ទាំងនេះ​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ល្អ​បំផុត​
19, Dec 2015 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺ​គ្មាន​រោគសញ្ញា​អ្វី​ឡើយ​ក្នុងដំណាក់កាល​ដំបូង ទោះបី​វា​មាន​អាកា​រៈ​អស់កម្លាំង ឬ​ល្ហិតល្ហៃ​តិចតួច​ក៏​មិន​យល់ថា​ជា​ជំងឺ​នេះដែរ​។ យ៉ាងណាមិញ ជំងឺ​នេះ​អាច​នឹង​កាន់តែ​ពិបាក​ព្យាបាល និង​ត្រូវការ​ការគ្រប់គ្រង​រយៈ​ពេល​យូ​បើសិនជា​មិនមាន​ការព្យាបាល​ទាន់ពេលវេលា​។


 
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ច្រើន​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង ទៅ​។ អ្នក​ដែលមាន​ជំងឺ​នេះ​មានន័យថា រាងកាយ​ពួកគេ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ដែល​ផលិត​ចេញពី​លំពែង​បាន​ដូច​មុន ហេតុ​ដូច្នេះហើយ​ទើប​បណ្តាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើយ​។ ផលវិបាក​របស់​វា​អាច​បណ្តាលឱ្យមាន​ជំងឺ​បេះដូង ខ្សោយតម្រងនោម និង​ខ្វាក់ភ្នែក​។​
 
​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មែន​នោះ មានរឿង​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​ចងចាំ​បើសិនជា​ចង់​គ្រប់គ្រង​វា​បាន​យ៉ាង​ល្អ និង​មិន​ចង់ឱ្យ​កើតជា​ផលវិបាក​របស់​វា​។ ពិតណាស់ អ្នកជំនាញ​ជាច្រើន​និយាយថា មានតែ​វិធីសាស្ត្រ​៥​ចំណុច​ខាងក្រោម​នេះ​ទេ​ទើប​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​អ្នក​បាន​គ្រប់ពេល​។​
 
​សម្រក​ទម្ងន់​
​ការ​ធាត់​មានន័យថា វា​នឹង​ធ្វើឱ្យ​រាងកាយ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​បានល្អ​ឡើយ​។ ក្រៅពីនេះ​វា​នឹងធ្វើ​ឱ្យ​លំពែង​កាន់តែ​ខូចខាត​ខ្លាំង​បន្ថែមទៀត​។ ហេតុ​ដូច្នេះហើយ អ្នក​ត្រូវតែ​សម្រក​ទម្ងន់​ដើម្បី​កុំ​ឱ្យមាន​បញ្ហា​នេះ​កើតឡើង​។ ការថែរក្សា​ទម្ងន់​ឱ្យនៅ​មាន​សុខ​ភាពល្អ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ដំណឹង​ល្អ​នោះ​គឺថា អ្នក​មិនបាច់​សម្រក​ទម្ងន់​រហូត​ដល់​ស្គម​ពេក​ឡើយ ប៉ុន្តែ​គួរតែ​សម្រក​ពី​៥ ទៅ​៧​ភាគរយ​នៃ​ទម្ងន់​សរុប​របស់​អ្នក​គឺ​គ្រប់គ្រាន់​ហើយ​។​
 
​ត្រូវមាន​ភាព​សកម្ម​ខាង​រាងកាយ​
​ការហាត់​ប្រាណ​ទៀងទាត់​ត្រូវបាន​ណែនាំ​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ការសិក្សា​ជាច្រើន​បានឱ្យដឹងថា អ្នក​ហាត់ប្រាណ​៣០​នាទី​ក្នុង​មួយថ្ងៃ អាច​កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម​រហូតដល់​៨០​ភាគរយ​។ បើសិនជា​អ្នក​មិន​ចូលចិត្ត​ហាត់ប្រាណ​បែប​កីឡាអត្តពលកម្ម ឬ​បង្កើត​កាយសម្បទា​នោះ អ្នក​ក៏​អាច​ជ្រើសរើស​វិធី​ធម្មតាៗ​ដូចជា ការដើរ ជិះ​កង់ ហែល​ទឹក ឬ​រាំ​។​
 
​បន្ថយ​ភាព​តានតឹង​
​សព្វថ្ងៃនេះ ការងារ និង​ការ​ចាស់​ទៅតាម​អាយុ​អាចជា​ដើមហេតុ​នាំឱ្យមាន​ភាព​តានតឹង​។ រឿង​ដែល​ធ្វើឱ្យ​ពិបាកចិត្ត​គឺជា​ដើមហេតុ​មួយ​ដែលនាំឱ្យ​ផលិត​អ័រម៉ូន​ជាច្រើន​ដែលមាន​ឥទ្ធិពល​អវិជ្ជមាន​លើ​រាងកាយ​ក្នុងការ​ប្រើប្រាស់​អាំង​ស៊ុយ​លីន​។ ជាមួយគ្នានេះដែរ ការដែល​កំពុងតែ​ស្ត្រេ​ស​អាចធ្វើឱ្យ​អារម្មណ៍​កាន់តែ​ពិបាក ជាពិសេស​ការ​ញ៉ាំ​អាហារ​តែម្តង ដូច្នេះ​វា​ពិតជា​ងាយ​ប្រឈម​នឹង​ការ​ញ៉ាំ​អាហារ​ដែលនាំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ណាស់​។ ការ​មាន​ទម្លាប់​បន្ថយ​ស្ត្រេ​ស​ដូចជា ការដកដង្ហើម​ជ្រៅៗ ការព្យាបាល​ដោយ​ក្លិន Aromatherapy ការ​ស្តាប់​ចម្រៀង ការ​ម៉ាស្សា ការហាត់​ក្បាច់​យោ​ហ្គា និង​អ្វីៗ ផ្សេងៗ​ទៀត​ពិតជា​អាច​គ្រប់គ្រង​ស្ត្រេ​ស និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​យ៉ាង​ងាយ​។​
 
​ញ៉ាំ​ស្រា​មួយ​កែវ​
​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ពិតជា​ល្អ​ចំពោះ​សុខភាព​ដែរ​ទេ​? រឿងនេះ​អាច​ក្លាយទៅជា​ការពិត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជាពិសេស​បើសិនជា​ពួកគេ​ចូលចិត្ត​ញ៉ាំ​ស្រា​ក្នុង​កម្រិត​មធ្យម​ដែរ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​ស្រា​មួយ​កែវជា​ទៀងទាត់​ប្រហែលជា​ជួយ​ឱ្យ​អាំង​ស៊ុយ​លីន​ងាយ​នឹង​ប្រើប្រាស់ ជាពិសេស​សាច់ដុំ​អាច​ប្រើ​បាន​យ៉ាង​ងាយ និង​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​កុំ​ញ៉ាំ​អាហារ​លឿន​
​ជា​ចុងក្រោយ យក​ល្អ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទាំងនេះ​ត្រូវ​តម​ការ​ញ៉ាំ​អាហារ​លឿន ព្រោះ​អាហារ​ទាំងនេះ​មាន​សារធាតុ​ជាច្រើន​ដែល​មិនល្អ​ចំពោះ​សុខភាព ដូចជា​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​កែឆ្នៃ​។ ក្រៅពីនេះ អាហារ​លឿន​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់ Saturated Fat ដែល​អាច​បណ្តាលឱ្យ​ស្ទះ​សរសៃឈាម​អាក់ទែ និង​ឡើង​ទម្ងន់ ដូច្នេះ​វា​ពិ​ជា​ធ្វើឱ្យ​ជំងឺ​ទឹកនោមផ្អែម​កានតែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com