ជាតិ
​សិស្សានុសិស្ស​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង​ ​ចុះ​ទស្សនកិច្ច​សិក្សា​អំពី​ប្រវត្តិ​រមណីយដ្ឋាន​ឧ​ទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”
25, Dec 2015 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​រ​ម្មណី​យ​ដ្ឋា​ន​កម្សាន្ត​ភ្នំ​បូកគោ ជា​ប្រភេទ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ត្រូវបាន​បង្កើតឡើង​ជិត​មួយ សតវត្សរ៍​មកហើយ​គឺ​នៅ​ឆ្នាំ​1917 សម្រាប់​ជា​កន្លែង​កម្សាន្ត​ដ៏​សែន​មនោ​រម្យ ដែលមាន​កំពស់​1079​ម៉ែត្រ​ពី​ទឹក សមុទ្រ​។



​លោក ឡុង ពិសី នាយករង​សាខា នៃ​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង បានឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា គោលបំណង​នៃ​ការដឹកនាំ​សិស្សានុសិស្ស​ចុះទៅ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៅ​ភ្នំ​បូកគោ​នេះ​គឺ ដោយ​លោក​យល់ឃើញ ថា រមណីយដ្ឋាន​នេះ​ជា​កន្លែង​ដែល​ទើបតែ​កសាងឡើង​ជាថ្មី បរិស្ថាន​ស្អាត ខ្យល់អាកាស​បរិសុទ្ធ អំណោយផល ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​សម្រាក​កម្សាន្ដ​អារម្មណ៍ ដែល​នៅ​ទីនោះ​មាន​កន្លែង​កម្សាន្ដ​ជាច្រើន ដូចជា វត្ដ​សំពៅ​ប្រាំ ទឹកធ្លាក់​3​ជាន់ ទំនប់ទឹក វាលស្រែ​100 វាំង​ខ្មៅ ឬ​វីឡា​សីហនុ អគារ​កាស៊ីណូ​ចាស់ និង​រូប ចម្លាក់​យាយ​ម៉ៅ​។​ល​។​

​លោក​បាន​បន្ដថា ផ្សារភ្ជាប់​ទៅនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​យល់ច្បាស់​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ សាលា​បានរៀបចំ​ជា​ប្រ​វ​ត្ដិ​ខេត្ដ​កំពត ប្រ​វ​ត្ដិ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ឱ្យ​លោកគ្រូ អ្នកគ្រូ អាន​ឱ្យ​សិស្ស​ស្ដាប់ និង​រៀបចំ​ជា​កម្រង​សំនួរ​-​ចម្លើយ​ខ្លីៗ សម្រាប់​ចោទសួរ​ទៅ​សិស្ស ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ទៅ កាន់​រមណីយដ្ឋាន​។ ឆ្លងតាម​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ លោក​សង្ឃឹមថា​សិស្សានុសិស្ស​ទាំងអស់ នឹង​យក​ចិ​ត្ដ ទុកដាក់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​កាន់​តែមាន​មនសិការ​ចេះ​ស្រឡាញ់ ឱ្យ​តម្លៃ និង​ថែរក្សា​សម្បត្ដិ​ធម្មជាតិ បរិស្ថាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។

​លោក​សង្កេតឃើញថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ សិស្សានុសិស្ស​ទាំងអស់​មា​ន​ភាពសប្បាយ​រីករាយ ឥតឧបមា​ជាមួយ​មិ​ត្ដ​ភ័ក្ដិ បងប្អូន មាតាបិតា អ្នកអាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ​របស់​ពួកគេ ដោយ​ឃើញ នូវ​ទិដ្ឋភាព​ប្លែកៗ ទេសភាព​ស្រស់បំព្រង ជាពិសេស​ធាតុអាកាស​ដ៏​ត្រជាក់​ពោរពេញ​ទៅដោយ​អ័ព្ទ​ង​ងិ​ត​ស្លុង​ប្រៀប ដូច​នៅលើ​មេឃ​។​

សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ ដោយបាន​សម្រាក​លម្ហែកាយ​បន្ទាប់ពី​ការសិក្សា និង​មើលឃើញ​នូវ​ទិដ្ឋភាព​ប្លែកៗ​នៅ​ទីជនបទ ជាពិសេស រមណីយដ្ឋាន​ឧទ្យាន​ជាតិ ព្រះមុនីវង្ស “​បូកគោ​” នេះ ដែលជា​រមណីយដ្ឋាន​ទើបតែ​កែច្នៃ​ដ៏​ល្អ​ប្រណិត ដែលមាន អាកាស​ធាតុខ្យល់​បរិសុទ្ធ​ស័ក្តិសម​នឹង​ពាក្យ​ថា “​ឋានសួគ៌​បូកគោ​”​។​

​គួរបញ្ជាក់​ផងដែរ​ថា សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​កាលពី​សប្តាហ៍​កន្លង​ទៅនេះ មាន​ចំនួន​423​នាក់ ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ចំនួន​80​នាក់ ធ្វើដំណើរ​តាមរយៈ​រថយន្ដក្រុង​ចំនួន 10​គ្រឿង​៕



© រក្សាសិទ្ធិដោយ thmeythmey.com