ជាតិ
ការ​ផ្ត​ត់​ផ្គង់​បន្លែ​សរីរាង្គ​កើនឡើង​ទោះជា​បរិ​មាណនៅ​ទាប​ក្តី​
25, Dec 2015 , 10:01 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កសិករ​ដាំ​ដំណាំ​បន្លែ​សរីរាង្គ​ចង់ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​របស់​ពួកគេ​ឲ្យ​បាន​ច្រើនឡើង​ថែមទៀត ដែលជា​ប្រយោជន៍​ដើម្បី​ពង្រីក​ការដាំ​បន្លែ​ដែល​មិន​ប្រើ​សារធាតុ​គ​មី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។



​ឈរ​នៅក្នុង​កន្លែង​ដាំ​បន្លែ​សាឡា​ត់ និង​ប៉េងប៉ោះ ដែល​មិន​ប្រើ​ថ្នាំ​គីមី អ្នកស្រី ឯម រី​ម វ័យ​៥៨​ឆ្នាំ ជា​កសិករ​នៅក្នុង​ឃុំ​ក្រហែង ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ និយាយថា ការដាំ​ដំណាំ​បន្លែ​សរីរាង្គ​មិន​ប្រើ​ថ្នាំ​គីមី គឺមាន​ការលំបាក និង​ត្រូវមាន​ភាព​អត់ធ្មត់ ធៀប​នឹង​ការដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី ដែល​ងាយ​ទទួលផល តែ​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​។ អ្នកស្រី​សើ្ន​សុំ​ឲ្យ​អ្នក​ទទួលទាន​បន្លែ​ងាក​មក​គាំទ្រ​ការហូប​បន្លែ​សរីរាង្គ​។ អ្នកស្រី​និយាយថា​៖ «​ចង់ ចង់​ឲ្យ​គាត់​ទិញ​ឲ្យ​ច្រើន ព្រោះ​អ្វី​ដាំ​ពិបាក​ណាស់ ហើយ​ចង់​ឲ្យ​គាត់​ជួយ​ទិញ​ឲ្យ​ច្រើន គាំទ្រ​ឲ្យ​ច្រើន​»​។​

​អ្នកស្រី​រៀបរាប់​ពី​ភាពខុសគ្នា​នៃ​ការដាំ​បន្លែ​សរីរាង្គ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​ថា​៖ «​ដាំ​បន្លែ​សរីរាង្គ​ពិបាក ពិបាក​វា​ក្រ​ធំ បើ​យើង​ដាំ​ដាក់​ជីគីមី វា​រហ័ស​ធំ វា​រហ័ស​ស្ទុះ​។ នេះ យើង​យ៉ាប់​ក្នុងការ​ថែ ព្រោះ​អ្វី​វា​អត់​មាន​ជី ជីគីមី​ហ្នឹង​វា​រៀង​ពិបាក​ជាង​»​។​

​អ្នកស្រី​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកស្រី​កំពុង​ដាំ​បន្លែ​លើ​ផ្ទៃដី​ទំហំ​១០​អា នឹងត្រូវ​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​តាមរយៈ​អង្គការ​កសិកម្ម​មួយ ឈ្មោះ​សេ​ដាក ទៅតាម​តម្រូវការ​នៃ​អ្នក​ទទួលទាន​បន្លែ​សរីរាង្គ​។ អ្នកស្រី និង​ក្រុម​ដាំ​បន្លែ​មាន​គ្នា​ប្រមាណ​១០​នាក់ ត្រូវ​ផ្គត់ផ្គង់​ក្នុង​ចន្លោះ​ពី​១៥​គីឡូក្រាម​ទៅដល់​៦០​គីឡូក្រាម ក្នុង​រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ចំនួន​នៃ​ការផ្គត់ផ្គង់​មានការ​ប្រែប្រួល​ទៅតាម​អ្នកផ្គត់ផ្គង់​បន្លែ​ដូចគ្នានេះ នៅក្នុង​ឃុំ​របស់​អ្នកស្រី​។ អ្នកស្រី​បាន​លះបង់​ចោលការ​ដាំ​បន្លែ​ដោយ​ប្រើ​ជីគីមី​នៅ​ឆ្នាំ​២០០៧ ហើយ​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​ចាប់​ពេល​នោះមក​។ អ្នកស្រី​និយាយថា ការដាំ​បន្លែ​ដោយ​ប្រើ​ជីគីមី​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ហើយ​តម្លៃ​ដែល​បានមក​ក៏មាន​តម្លៃថោក​ផងដែរ​។​

​ប្រជាកសិករ​ខ្មែរ​ដាំ​ដុះ​បន្លែ​សរីរាង្គ​នេះ​នៅក្នុង​ខេត្ត​ចំនួន​បួន រួមមាន​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង​សៀមរាប​។ ចំនួន​កសិករ​ដែល​ដាំ​ដំណាំ​នេះ​គឺមាន​ប្រមាណ​២៥០​នាក់​។ នៅ​ខេត្ត​ដទៃ ដូចជា​ខេត្តកំពត ព្រៃវែង មណ្ឌលគិរី និង​ខេត្តក្រចេះ ប្រជាកសិករ​ខ្មែរ​ចំនួន​ជិត​២,០០០​នាក់ ក៏បាន​ដាំ​ស្រូវ​សរីរាង្គ​ផងដែរ សម្រាប់​ការផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គា​ម មករា​ឌី ប្រធាន​ផ្នែក​បរិស្ថាន និង​សុខភាព​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា​សេ​ដាក​។​

​លោក​ថ្លែងប្រាប់ VOA ថា ការផ្លាស់ប្តូរ​របស់​ក​សិ​ករ​ខ្មែរ​ពី​ការដាំដុះ​ដោយ​ប្រើ​ជីគីមី មក​ការប្រើ​ជីធម្មជាតិ ក៏ដូចជា​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការទទួល​ទាន​បន្លែ​សរីរាង្គ នឹង​ជំរុញ​ឲ្យ​មានការ​ពង្រីក​ការដាំដុះ​បន្លែ​ប្រភេទ​នេះ​កាន់តែច្រើន​ទៀត​នៅក្នុង​ពេលអនាគត​។​

«​មួយផ្នែក​ទៀត ឃើញថា កសិផល​សរីរាង្គ​ហ្នឹង​គឺ​អតិថិជន ឬក៏​អ្នក​បរិភោគ​គឺ​គាត់​បាន យល់ដឹង​ពី​បញ្ហា​គ្រោះ​ថា្នក់​នៃ​ថ្នាំពុល និង​ជាតិគីមី​។ អញ្ចឹង​គាត់​បាន​ត្រៀម​នូវ​ការគាំទ្រ​របស់គាត់ ដែល​អាចដាក់​ឲ្យ​តម្លៃ​សមស្រប ហើយនឹង​អាច​ថា តម្លៃបន្ថែម​សមស្រប​នឹង​កម្លាំង​ពលកម្ម​របស់​អ្នក​ផលិត អញ្ចឹង​។ អញ្ចឹង​ធ្វើ​ឲ្យ​និន្នាការ​នៃ​ការដាំដុះ​តាមបែប​ធម្មជាតិ ឬក៏​សរីរាង្គ​នេះ គឺ​មានតែ​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​អាច​រក​ទៅ​កសិកម្មសរីរាង្គ​ហ្នឹង​កាន់តែ​ធំ​ទូលំទូលាយ​ទៀត​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​អន្តរជាតិ​ដែរ​»​។​

​លោក​បញ្ជាក់​បន្ថែមថា ក្រសួងកសិកម្ម​បានផ្តល់​ការគាំទ្រ​ក្នុង​ផ្នែក​បច្ចេកទេស​សម្រាប់​ជំរុញ​ការដាំដុះ​ដំណាំ​សរីរាង្គ​នេះ​។​

«​ខាង​ក្រសួងកសិកម្ម មន្ត្រី​ក្រសួងកសិកម្ម​ក៏បាន​ជួយ​ជំរុញ​ក្នុង​ការដាំដុះ​នូវ​បច្ចេកទេស ដែល​មិនសូវ​ប្រើប្រាស់​ថ្នាំពុល និង​ជីគីមី​ហ្នឹង​ដែរ ឃើញថា​គាត់​មានការ​គាំទ្រ​ដល់​វិស័យ​កសិកម្មសរីរាង្គ​ហ្នឹង​»​។​

​លោក វុន ចេ​ម វ័យ​៥៧​ឆ្នាំ ដែលជា​ប្រជាកសិករ​ដាំ​បន្លែ​សរីរាង្គ​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​VOA ផងដែរ​ថា លោក​រំពឹងថា កូនៗ​របស់លោក​នឹង​លះបង់​អាជីព​ជា​កម្មករ​រោងចក្រ ហើយ​ត្រឡប់មក​ដាំ​បន្លែ​សរីរាង្គ​នេះ​នៅលើ​ដី​ដំណាំ​របស់លោក​។ លោក​និយាយថា​៖ «​ខ្ញុំ​ថា អាច​ដល់​ថ្ងៃ​អនាគត​ទៅ​វា យើង​ចាស់​ខ្លួន​ទៅ យើង​អាចធ្វើ​ការបម្រើ​រោងចក្រ​អត់​បាន យើង​អាចមក​ចាប់​អាជីព​ហ្នឹង​ក៏​ល្អ​ដែរ​។ ខ្ញុំ​ចង់​ទាមទារ​កូន​មក​ធ្វើ​អញ្ចឹង​វិញ ដល់​ខ្ញុំ ដល់​ចាស់​ទៅ ដីចំការ​ខ្ញុំ​ហ្នឹង ចង់​ឲ្យ​វា​ធ្វើ​អញ្ចឹង ព្រោះ​របស់ខ្ញុំ​វា​មាន អាង​ដំណក់ទឹក​អី​ហើយ​ស្រេច​។ យើង​ហត់​ថែទាំ​អី​ប៉ុណ្ណឹង​ឯង​»​។​

​លោក​ក៏​ចង់ឃើញ​មានការ​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ឡើង​ថែមទៀត ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​ដទៃ​ឲ្យ​មក​ដាំ​បន្លែ​សរីរាង្គ​នេះ​ឲ្យ​កាន់តែ​ច្រើនឡើង​។ លោក​ថា ការដាំ​បន្លែ​នេះ​បានធ្វើ​ឲ្យ​ជីវភាព​របស់លោក​មាន​ភាព​ធូរធារ​ផងដែរ​។​

«​ចំណូល​ជីវភាព​របស់ខ្ញុំ​រាល់ថ្ងៃ ដូច​ថា​វា​អាច គេ​និង​ឯង​។ វា​សមរម្យ វា​មិន​ពិបាក​ពេក ហើយក៏​មិន​យ៉ាប់​ពេក​ដែរ​»​។​

​លោក​បញ្ជាក់ទៀតថា តម្លៃ​ដែល​បានមកពី​ការលក់​បន្លែ​សរីរាង្គ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​គឺមាន​ភាពខុសគ្នា ដោយ​បន្លែ​សរីរាង្គ​ទទួលបាន​តម្លៃ​ខ្ពស់​សមរម្យ​ជាង​បន្លែ​ប្រើ​ថ្នាំ​គីមី​ដែល​សម្បូរ​នៅតាម​ទីផ្សារ​ទូទៅ​។

​អង្គការ​សេ​ដាក បានដាក់​ឲ្យ​ដំណើរការ​កន្លែង​លក់​បន្លែ​សរីរាង្គ​នេះ​នៅ​ទីតាំង​៨​ផ្សេងៗ​គ្នា​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​ផ្សារណាត់​ក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្ត​ត្បូងឃ្មុំ កំពង់ធំ និង​សៀមរាប​។ ផ្សារណាត់​មួយទៀត​ដើម្បី​ផ្គត់ផ្គង់​កសិផល​ធម្មជាតិ​នេះ​នឹងត្រូវ​បង្កើត​នៅ​ខេត្តព្រៃវែង ចាប់ពី​ខែមករា​ខាងមុខនេះ​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​លោក​ឆាយ សុង​លាង ប្រធាន​ផលិតផល​នៃ​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ​។​

​លោក​និយាយ​ពី​ភាពខុសគ្នា​នៃ​តម្លៃ​បន្លែ​សរីរាង្គ និង​បន្លែ​ប្រើ​ថ្នាំ​គីមី​ថា​៖ «​ធៀប​ជាមួយនឹង​ទីផ្សារ​ទាក់ទង​នឹង​ស្ពៃក្តោប ឬក៏​ផ្ការ​ខាត់ណា គឺ​យើង​ទិញ​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ច្រើន ដោយសារ​យើង​ឲ្យ​តម្លៃ យក​តម្លៃ​សិក្សា​ពី​តម្លៃ​ទីផ្សារ​លក់រាយ​ហើយ យើង​បូក​នឹង​ចំនួន​ទឹក​លុយ​ហ្នឹង​ខ្ទង់​ចំនួន​១,២០០​ទៀត ទាក់ទង​ស្ពៃក្តោប​។ អញ្ចឹង​ឧបមា​ថា នៅក្នុង​ផ្សា​រវាត​ម្លៃ​២,០០០[​រៀល​] អញ្ចឹង​តម្លៃ​ដែល​យើង​បូក​ឲ្យ​គាត់​គឺ វា​ត្រូវ​បូក​១,២០០​ទៀត គឺ​៣,២០០»​។​

​លោក​ឲ្យ​ដឹងថា ចំនួន​នៃ​ការផ្គត់ផ្គង់​បន្លែ​សរីរាង្គ​បាន​បន្ត​កើនឡើង​ផងដែរ ដោយ​កាលពី​ឆ្នាំ​២០១៤ កសិករ​អាច​ផ្គត់ផ្គង់​បាន​ចំនួន​តិច​បំផុត​គឺ​ប្រមាណ​១០០​ទៅ​២០០​គីឡូក្រាម និង​ច្រើន​បំផុត​គឺ​៦០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។​

​ក៏ប៉ុន្តែ ឆ្នាំនេះ​បរិមាណ​បាន​ឡើងដល់​១​តោន​ក្នុង​មួយថ្ងៃ បើ​ចំ​ខែ​ដែល​កសិករ​ដាំ​បន្លែ​បាន​ច្រើន​។ លោក​ថា ខែ​ដែលមាន​បន្លែ​ផ្គត់ផ្គង់​ច្រើន​គឺ​ពី​ខែធ្នូ​ដល់​ខែមេសា ដែលជា​ពេលវេលា​ដែល​អាកាសធាតុ​អំណោយផល​ដល់​ការដាំដុះ​។​

​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​ក៏បាន​នាំមក​កម្ពុជា​នូវ​បច្ចេកវិទ្យា​ដាំ​ដុះ​បន្លែ​សរីរាង្គ​ថ្មីៗ​ផងដែរ​។ បច្ចេកវិទ្យា​នោះ​គឺ​ការប្រើប្រាស់​ទឹក​ដាក់​ក្នុង​បំពង់ ដែលមាន​ចោះ​រន្ធ​សម្រាប់​ឲ្យ​បន្លែ​លូតលាស់ និង​មានប្រើ​ប្រា​ស់ជី​ផ្សំ​តែប៉ុណ្ណោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com