ជាតិ
ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ស្តីពី កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស និង​បង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​
25, Dec 2015 , 2:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រឹទ្ធសភា​បានអនុម័ត​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ម៉ា​រ៉ា​កេស និង កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន នៅ​ថ្ងៃទី​២៥ ធ្នូ​នេះ ។​



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន សមាជិក​ព្រឹទ្ធសភា​ចំនួន ៥០​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ក្នុង​របៀបវារៈ​ទាំងពីរ ដោយ​ឥត​កែប្រែ ក្នុងសម័យ​ប្រជុំ​វិ​សាម​ញ្ញា​ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​វត្តមាន​ប្រធានព្រឹទ្ធសភា​សម្តេច សាយ ឈុំ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ត្រូវបាន​តាក់តែងឡើង​ជា​លាយលក្ខណ៍អក្សរ​មាន​ចំនួន ៣​មាត្រា ហើយ​ច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​ដោយ​សំឡេង ១០១ លើ​១០១​សំឡេង កាលពី​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​កម្ពុជា​អនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​មក​កម្ពុជា​បន្ថែ​ម​ទៀត​។ ទន្ទឹមគ្នា​នឹង​ការអនុម័ត​នេះដែរ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ច​ព្រៀង​នេះ តាមរយៈ​ការទទួលបាន​ជំនួយ និង​ការគាំទ្រ​សម្រាប់​ការកសាង​សមត្ថភាព​ពី​ប្រទេស​មា​ជិ​ក​ដែល​អាច​ផ្តល់ជំនួយ​ទាំង​លក្ខណៈ​ទ្វេរ​ភាគី ឬ​តាមរយៈ ស្ថាប័ន​អន្តរជាតិ​នានា ក្នុង​ទម្រង់​ជា​ជំនួយ​បច្ចេកទេស ជំនួយ​ហិរញ្ញវត្ថុ ឬ​ជំនួយ​ដទៃទៀត​តាម ការព្រមព្រៀង​ភាគី​ទាំងសងខាង​។​

​រហូតមកដល់​បច្ចុប្បន្ន ប្រទេស​ជា​សមាជិក​ជាច្រើន បានផ្តល់​សច្ចាប័ន​។ ក្នុងឋានៈ​ជា​សមាជិក​មួយ​ដែរនោះ កម្ពុ​ជាមាន​កាតព្វកិច្ច​ផ្តល់់​សច្ចាប័ន​លើ​ពិធីសារ សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​នេះ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ចកម្ពុជា រយៈពេល​វែង​។​

​គួរបញ្ជាក់​ផងដែរ កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រប​ស​ម្រូ​ល​ពាណិជ្ជកម្ម នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ ត្រូវបាន​អនុម័ត​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើក​ទី ៩ ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។​

​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ដែល​ចែកចេញជា ៣​មាត្រា និង​១៤​ប្រការ ក៏​ត្រូវបាន​រដ្ឋសភា និង​ព្រឹទ្ធសភា​បានអនុម័ត​ផងដែរ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ច្បាប់​នេះ នឹង​រួមចំណែក ធានាបាន​នូវ​និរន្តរភាព សម្រាប់​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន (ACB) សម្រាប់​អនុវត្តន៍​ការងារ​ថ្នាក់​តំបន់ និង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​អាស៊ាន សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ធនធាន​ជីវៈចម្រុះ ការរៀបចំ​យុទ្ធសាស្ត្រ​អាទិភាព​ទាក់ទង នឹង​ការគ្រប់គ្រង​បរិស្ថាន ដែល​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សកល នៃ​ការធានាបាន​នូវ​ការប្រើប្រាស់​ធនធានធម្មជាតិ​កម្ពុជា និង​អាស៊ាន ប្រកបដោយ​និរន្តរភាព​៕


Tag:
 ព្រឹទ្ធសភា​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com