ជាតិ
តំណាងរាស្ត្រ​រង​ការវាយដំ​ពីររូប គ្រោង​ស្នើ​ជួប​ប្រធានរដ្ឋសភា សុំ​ថវិកា​ព្យាបាល​របួស​
25, Dec 2015 , 9:39 pm        
រូបភាព
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​រងគ្រោះ​ដោយសារ​ការវាយដំ​ពី​ជនដៃដល់ កាលពី​ថ្ងៃទី​២៦ តុលា កន្លងមក គ្រោង​ស្នើសុំ​ជួប​ជាមួយ​ប្រធានរដ្ឋសភា​ដោយផ្ទាល់ ដើម្បី​ស្នើសុំ​ថវិកា​ព្យាបាល​របួស​បន្ថែម​។



​លោក គង់ សភា និង​លោក ញ៉យ ចំរើន បាន​បញ្ជាក់ថា រូបលោក​ទាំង​ពីរបាន​ដាក់សំណើ​ស្នើសុំ​ថវិកា​ព្យាបាល​របួស​បន្ថែម​ពី​រដ្ឋសភា​ម្ដង​ជា​ពីរដង​ហើយ ប៉ុន្ដែ​រដ្ឋសភា​បដិសេធ​ឈប់​បន្ដ​ផ្ដល់​ឲ្យ​ទៀតហើយ​។​បើតាម​តំណាងរាស្ត្រ​រងគ្រោះ​ទាំងពីរ​រូបនេះ រហូតមក​ពេលនេះ​ពួកគេ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ពី​៣​ទៅ​៤​ពាន់​ដុល្លារ​ហើយ សម្រាប់​ថែទាំ​ជំងឺ​ជាប្រចាំ​តាម​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​។​

​លោក គង់ សភា បាន​បន្ថែមថា មូលហេតុ​ដែល​លោក​នឹង​លោក ញ៉យ ចំរើន ស្នើសុំ​ថវិកា​ថែទាំ​របួស​បន្ថែម​នេះ ដោយសារតែ​របួស​នៅ​មិនទាន់មាន​ភាព​ធូ​ស្បើយ​ច្រើន​ឡើយ ហើយ​ត្រូវ​បន្ដ​ព្យាបាល​រយៈពេល​យូ​ទៀត ដូច្នេះ​ត្រូវការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក៏​ច្រើន​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តំណាងរាស្ត្រ​រងគ្រោះ​ដោយ​ការវាយដំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បានជា​ពួក​ខ្ញុំ​ស្នើសុំ​ថវិកា​បន្ថែម​នេះ ដោយសារតែ​ពួក​ខ្ញុំ​ក៏មាន​ការខ្វះខាត​ដែរ​។​ខ្ញុំ​មិនមែនជា​អ្នកមាន​ប្រាក់​ពី​ណា​ច្រើន​សម្រាប់ ជិះ​យន្ដហោះ ថ្លៃ​ហូបចុក សេវា​ផ្សេងៗ ឡើង​ចុះ​ព្យាបាល​នៅ​ប្រទេស​ថៃ ដូចនេះហើយ​បានជា​ពួក​ខ្ញុំ​គ្រោង​ស្នើសុំ​ជួប​សម្ដេច​ប្រធានរដ្ឋសភា​ដោយផ្ទាល់ ដើម្បី​បង្ហាញ​របួស​និង​ស្នើសុំ​ថវិកា​សម្រាប់​ព្យាបាល​បន្ថែម​»​។​

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា មូលហេតុ​ដែល​សភា​ឈប់​បន្ដ​ផ្ដល់​ថវិកា​បន្ថែម​ជូន​តំ​ណា​រាស្ត្រ​រងគ្រោះ​ទាំងពីរ​នេះ ដោយសារតែ​មិនមាន​ការអនុញ្ញាត​ពីស​ម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ។​លោក​បញ្ជាក់ថា ៖«​សម្ដេច​ប្រធាន ថា ឈប់​ផ្ដល់​ទឹកប្រាក់​បន្ថែម​ឲ្យ​តំណាងរាស្ត្រ​ទាំងពីរ​រូបនោះ​ហើយ ព្រោះ​ទឹកប្រាក់​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​ហើយ​»​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ កន្លងមក​រដ្ឋសភា​បាន​ចំណាយ​ទឹកប្រាក់​ផ្ដល់​ឲ្យ​តំណាងរាស្ត្រ​ទាំងពីរ​នោះ ក្នុង​ម្នាក់ៗ​ចំនួន​១​ម៉ឺន ៨​ពាន់​ដុល្លារ​ហើយ សម្រាប់​ព្យាបាល​ជំងឺ និង​ជួសជុល​ឡាន​ជាដើម​។​

​កាលពី​ថ្ងៃទី​២៨ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​រដ្ឋសភា​បញ្ចេញ​ថវិកា​បន្ថែម​ដើម្បី​ព្យាបាល​របួស​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យ​ជាសះស្បើយ​។​លើសពីនេះទៅទៀត រដ្ឋសភា​ត្រូវ​ចេញ​ប្រាក់​ដើម្បី​ជួសជុល​រថយន្ត​របស់​តំណាងរាស្ត្រ​ដែល​ខូចខាត​ផងដែរ​។​ជាមួយគ្នា​នោះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បាន​វាយដំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ខាងតែបាន​។​

​ក្រោយមក​ជនដៃដល់​បី​នាក់ ចូល​បង្ហាញខ្លួន​ចំពោះមុខ​សមត្ថកិច្ច កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ពួកគេ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ការចោទប្រកាន់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស​។​

​តែ​ការឃុំ​ជនដៃដល់​៣​នាក់​នេះ មិនអាច​ធ្វើ​ឲ្យ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ស្ងប់ចិត្ត​ឡើយ ។​ទាំង​លោក គង់ សភា ទាំង​លោក ញ៉យ ចំរើន នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ប្រព័ន្ធយុត្តិធម៌ ស្វែងរក​ជន​ដៃ​បន្ថែមទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ខ្លួន និង​កុំ​ឲ្យ​ជនដៃដល់​ដែល​មិនទាន់​ចាប់ខ្លួនបាន​ទាំងនោះ​ហ៊ាន​ប្រព្រឹត្តិ​ហិង្សា​តំណាងរាស្ត្រ​ដទៃទៀត​៕


Tag:
 ញ៉យ ចំរើន​
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com