ជាតិ
គជប​នឹង​ប្រកាស​ឈ្មោះ​អ្នក​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​ដើមខែ​មករា
26, Dec 2015 , 12:40 pm        
រូបភាព
​នៅ​ថ្ងៃទី​២៦ ធ្នូ​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ទទួលយក​ពាក្យ​បេក្ខជន ដែល​មក​ដាក់​ពាក្យកាន់​តំណែង អគ្គលេខាធិការ និង​អគ្គលេខាធិការរង គជប ។ ក្រោយពី​បញ្ចប់​ការទទួល​ពាក្យ​រួច គជប នឹង​បន្ត​និតិ​វិធី​ជ្រើសរើស​បេក្ខជន​ប្រឡង​ចូលកាន់​តួនាទី​នេះ ដោយ​មិន​ឲ្យ​មានការ​បែកធ្លាយ​ឡើយ​។ ហើយ​នៅ​ដើមខែ មករា ឆ្នាំ​២០១៦ គជប នឹង​ប្រកាស​ឈ្មោះ​បេក្ខជន ដែល​ប្រឡង​ជាប់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គជប ។



​បើទោះជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​បន្ត​និតិ​វិធី​ខ្លួន​មួយ​ដំណាក់កាល​ទៀត ដើម្បី​ជ្រើសរើស​បេក្ខជន​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​ក៏ដោយ តែ​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប នឹង​ប្រកាស​ឈ្មោះ​បេក្ខជន​ជាប់​កាន់តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​ដើមខែ​មករា ឆ្នាំ​២០១៦​ខាងមុខនេះ​។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​ការទទួល​ពាក្យ​បេក្ខជន​ប្រឡង​នៅថ្ងៃនេះ​ហើយ គជប នឹង​បន្ត​និតិ​វិធី​ខ្លួន ដោយ​បន្ត​យក​ឯកសារ​បេក្ខជន​ទាំងនោះ ទៅ​ពិភាក្សាគ្នា​ជាមួយ​សមាជិក គជប ទាំង​៩​រូប ដើម្បី​ប្រមូល​មតិរួម​គ្នា​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គជប ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​យើង​បញ្ចប់​ការទទួល​ពាក្យ​រួច យើង​បន្ត​រក្សាទុក​ឯកសារ​បេក្ខជន​ទាំងនោះ​មិន​ឲ្យ​បែកធ្លាយ ហើយ​យើង​នឹង​ពិភាក្សា​រួមគ្នា​ជាមួយ​សមាជិក គជប ទាំង​៩​រូប រួចហើយ​យើង​នឹង​បិទ​ឈ្មោះ​បេក្ខជន​ដែល​ត្រូវ​ប្រកាស​នៅ​ដើមខែ​ក្រោយ​។ យ៉ាងយូរ ថ្ងៃ​១៥​មករា ឆ្នាំ​២០១៦​ខាងមុខនេះ​»​។​

​បើតាម​លោក ហង្ស ពុទ្ធា រហូតមកដល់​ពេលនេះ គជប បានទទួល​ពាក្យ​បេក្ខជន​ប្រឡង​ចូលកាន់​តំណែង អគ្គលេខាធិការ គជប ចំនួន​២១​នាក់ និង​អគ្គលេខាធិការរង គជប ចំនួន​៨៤ ហើយ ក្នុងចំណោម​អ្នក​មក​ទទួល​ពាក្យ​ចំនួន​២០០​នាក់​។ លោក​ថា បេក្ខជន​ដាក់ពាក្យ​ប្រឡង​មានមក​ខាង​អង្គ​សង្គម​ស៊ីវិល និង​ពី​ស្ថាប័ន​ផ្សេង​ផងដែរ​។​

​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លក្ខខណ្ឌ​ដែល​បេក្ខជន​អាចដាក់​ពាក្យ​ក្នុង​តំណែង​ទាំងពីរ​នេះ​បាន ត្រូវមាន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែមួយគត់ ក្នុង​រយៈពេល​បំពេញការងារ ។ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងតិច ៣០ ឆ្នាំ គិតដល់​ថ្ងៃ​តែងតាំង មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧ​ត្ត​ម​សិក្សា​ឡើងទៅ មានបទពិសោធន៍​ការងារ​យ៉ាងតិច ៥ ឆ្នាំ​។ ជាង​នេះ​បេក្ខជន មិន​ត្រូវជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី ១ របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​៕


Tag:
 គ​.​ជ​.​ប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com