ជាតិ
កម្ពុជា​នឹង​ជួប​ភាពរាំងស្ងួត​នៅ​ឆ្នាំ​២០១៦
27, Dec 2015 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ខែកុម្ភៈ​ដល់​ខែមិថុនា​ឆ្នាំ​២០១៦​ខាងមុខនេះ កម្ពុជា​នឹង​ទទួលរង​បាតុភូត​ក្តៅ El Nino  ដែល​បង្ក​ឲ្យ​រដូវវស្សា​មកដល់​យឺត មាន​ភ្លៀង​ធ្លាក់​តិច តែមាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន និង អាកាសធាតុ​ក្តៅ​ហួតហែង​។ បាតុភូត​ក្តៅ El Nino ក៏​នឹងធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅតាម​តំបន់​មួយចំនួន​ទៀតផង​។​


​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានកា​ថែរក្សា​ទឹក​ទុក​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី​២៣​ខែធ្នូ បាន​ណែនាំ​ឲ្យ​ប្រជាកសិករ គួរ​ធ្វើ​ស្រូវប្រាំង​តែ​១​ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ ដោយ​មិនគួរ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ ទេ​។  ហើយ​ទឹក​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​ទឹកធម្មជាតិ​នៅ​កន្លែង​មួយចំនួន គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។

រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​។​
 
​សារាចរ​ណែនាំ​បាន​បន្តថា បាតុភូត​ក្តៅ El Nino នឹង​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា លុះដល់​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០១៦ ទើប​មាន​បាតុភូត​ត្រជាក់​ថ្មី La Nina មាន​ឥទ្ធិពល​មកលើ​ប្រទេស​ក​ម្ព​ជា​វិញ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម​ធ្លាក់​ជាធម្មតា​នាពេលនោះ​វិញ​ផងដែរ ៕

© រក្សាសិទ្ធិដោយ thmeythmey.com