ជាតិ
កូនៗ​របស់​កម្មករ​ចម្ការកៅស៊ូ​អាច​ក្លាយជា​កីឡាករ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​ឆ្នាំ ២០២៣
27, Dec 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះវិហារ​៖​កីឡា​ជាច្រើន​ប្រភេទ​មានដូចជា​កីឡាបាល់ទះ កីឡា​បាល់ឱប បាល់ទាត់ និង​កីឡា​វាយ​សី ជាដើម គឺជា​ប្រភេទ​កីឡា​ដែល​ក្រុមហ៊ុន​សិលា​ដា​ម៉ិច (Seladamex) កំពុង​បង្រៀន​កូនៗ​របស់​កម្មករ​ដាំ​កៅស៊ូ និង​កម្មករ​មួយចំនួន​ជាប្រចាំ ក្រៅពី​មេរៀន​សាលា​នៅក្នុង​ហ៊ុន​នេះ​។ ធនធាន​កីឡាករ​វ័យក្មេង​នៅក្នុង​ទឹកដី​ដាច់ស្រយាល​ក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​នេះ ត្រូវ​មន្ត្រី​ក្រសួង​អប់រំ​រំពឹងថា នឹង​អាច​ក្លាយជា​កីឡាករ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៣ ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។



​អគ្គ​នាយ​កក្រុមហ៊ុន សិលា​ដា​ម៉ិច លោក ហ្វី​លី​ព ម៉ូ​ណាំង (Philipppe Monnin) បាននិងកំពុង​ជួល​គ្រូបង្រៀន​ផ្នែក​កីឡា​មក​បង្ហាត់​កីឡាករ​វ័យ​ក្មេង​ដែលជា​កូនៗ​របស់​កម្មករ​ចម្ការកៅស៊ូ​របស់លោក​ស្ថិតនៅក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន​ខេត្តព្រះវិហារ​។ ប្រភេទ​កីឡា​ដែល​ក្រុមហ៊ុន​រៀបចំឡើង​សម្រាប់​បង្ហាត់​កីឡាករ​វ័យ​ក្មេង មាន​ជាអាទិ៍ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡា​វាយ​សី ហើយ​ជាពិសេស​កីឡាករ​បាល់ឱប​។ លោក ហ្វី​លី​ព ម៉ូ​ណាំង រំពឹងថា ទៅ​ថ្ងៃ​អនាគត កីឡាករ កីឡាការិនី​វ័យក្មេង​ដែលជា​កូនចៅ​របស់​កម្មករ​ចម្ការកៅស៊ូ​របស់លោក​នឹងមាន​សមត្ថភាព​ប្រកួត​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា​ បាន​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ចូលឆ្នាំ​សកល និង​បុណ្យ Christmas ដែលមាន​ការប្រកួត​កីឡា​ជាច្រើន​ប្រភេទ​នៅក្នុង​ក្រុមហ៊ុន​សិលា​ដា​ម៉ិច កាលពីពេល​ថ្មីៗ​នេះ​ថា លោក​ពេញចិត្ត​យ៉ាងខ្លាំង​ណាស់​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជនជាតិ​បារាំង​មួយ​នេះ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខមាលភាព​របស់​កូនៗ​កម្មករ​តាមរយៈ​ការបង្ហាត់​កីឡា​ដល់​ពួកគេ​។ លោក​ថា សកម្មភាព​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​។ មន្ត្រី​ក្រសួង​អប់រំ​រូបនេះ សង្ឈឹម​ថា កីឡាករ​វ័យក្មេង​រប​ស់​ក្រុមហ៊ុន​នេះ នឹង​អាច​ឈានទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ ២០២៣ ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​



ជា​មួយ​គ្នា​នេះ លោក ប៉ាង យា​ត អភិបាលស្រុក​គូ​លេន បាន​ថ្លែងថា រូបលោក​រំភើប​ជំនួស​កូនៗ​របស់​កម្មករ​ចម្ការ​កៅ​ស៊ួ​នេះ ដែលមាន​ឱកាស​បាន​ចូលរៀន​ត្រឹមត្រូវ និង​ហាត់​កីឡា បើទោះបីជា​ពួកគេ​នៅក្នុង​ទី​ដាច់ស្រយាល​ពី​ទីប្រជុំជន​ក៏ដោយ​។ ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី លោក ប៉ាង យា​ត ចង់ឃើញ​ក្រុមហ៊ុន​ដទៃទៀត​ដែល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា យក​គំរូតាម​ក្រុមហ៊ុន​មួយ​នេះ​។​« យើង​ត្រូវការ​ក្រុមហ៊ុន​បែបនេះ​។ ពួកយើង​មិនត្រូវ​ការ​ក្រុមហ៊ុន ដែល​មិន​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ​វិនិយោគ​នៅលើ​ទឹកដី​យើង​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាង យា​ត ទន្ទឹម​នឹងមាន​ក្តី​សង្ឃឹមថា កុមារ​នៅទីនេះ នឹង​អាច​ក្លាយជា​កីឡាករ​នៅក្នុង​ការប្រកួត​ថ្នាក់ជាតិ ឬ​ស៊ី​ហ្គេម​នា ឆ្នាំ ២០២៣ ។

​អគ្គនាយក​ក្រុមហ៊ុន សិលា​ដា​ម៉ិច លោក ហ្វី​លី​ព ម៉ូ​ណាំង បាន​ថ្លែងថា ក្រៅពី​គិត​គូរ​ពី​បញ្ហា​ជីវភាព​របស់​កម្មករ បញ្ហា​សុខមាលភាព​របស់​ក​ម្មករ និង​កូនៗ​របស់​កម្មករ តាមរយៈ​វិស័យ​កីឡា ក៏​ជា​គោលការណ៍​ដែល​ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​អនុវត្តយ៉ាងយក​ចិត្ត​ទុក​ដាក់​​។​



កុមារា ភុទ សុបញ្ញា អាយុ ១២ ឆ្នាំ ដែលកំពុង​ហ្វឹកហាត់ជំនាញផ្នែក​កីឡាបាល់​ឱបនៅក្នុងក្រុមហ៊ុននេះ បាននិយាយថា រូបគេបានទទួលការបណ្តាល​ផ្នែក​កីឡា​បាល់​ឱប​ពី​លោក ហ្វីលីព ម៉ូណាំង និងគ្រូ​កីឡារបស់គេ​អស់រយៈពេលជាង ១ ឆ្នាំ​មក​ហើយ។ កុមារ​កូន​កម្មករ​​ដែលមានសម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ មាន​មហិច្ឆ​តា​​ចង់​ក្លាយ​ជា​កីឡា​បាល់​ឱប​អាជីព​នៅ​ក្នុង​ជីវិត​របស់​គេ​ ហើយ​បាន​បញ្ជាក់​យ៉ាង​នេះថា៖ « ខ្ញុំស្រឡាញ់កីឡានេះ។ ខ្ញុំចង់ឡើងទៅប្រកួតថ្នាក់​ជាតិ​ និងអន្តរជាតិដូចបងៗ និងកីឡាករបាល់​ឱប​អន្តរជាតិ​ដទៃ​ទៀត»​។ 



​សូមប​បញ្ជាក់ថា ក្រុមហ៊ុន​សិលា​ដា​ម៉ិច ដែល​កំពុងតែ​វិនិយោគ​ដំណាំ​កៅស៊ូ​នៅក្នុង​ឃុំ​ស្រ​យ៉ង់ ឃុំ​គូលែន ខេត្តព្រះវិហារ បច្ចុប្បន្ន​មានកម្ម​ករ​ជិត ១ ពាន់​នាក់ និង​កុមារ​ដែលជា​កូនៗ​របស់​កម្មករ​ប្រមាណ ២ រយ​នាក់​កំពុងធ្វើការ និង​ស្នាក់នៅ​ក្រុមហ៊ុន​។  កម្មករ​ដាំ​កៅស៊ូ​នៅទីនេះ មកពី​តាម​បណ្តាល​ខេត្ត​នានា​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ទទួលបាន​ប្រាក់ខែ​សមរម្យ​ឡើយ កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ មានផ្ទះ​នៅ​ស្រាប់ មាន​ពេទ្យ​ព្យាបាល​ជំងឺ​ដោយ​អត់​អស់​លុយ មាន​អាហារ​ស្រាប់ ហើយ​កូនៗ​របស់​ពួកគេ​ទទួលបាន​ការអប់រំ និង​មាន​អ្នក​មើលថែ​ផងដែរ​នៅពេលដែល​ពួកគេ​ទៅធ្វើ​ការ។
























Tag:
 កម្មករ​
 ​ កីឡា​
  ​ក្រុមហ៊ុន​សិលា​ដា​ម៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com