ជាតិ
បុណ្យ​ឆ្លង​ឆ្នាំ អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម កុំ​ដំឡើងថ្លៃ​
28, Dec 2015 , 1:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បុណ្យ​ឆ្លង​ឆ្នាំ​​​​​សាកល​ឆ្នាំ​២០១៥ ឈានចូល​ឆ្នាំ​២០១៦ សាលាខេត្ត​ព្រះសីហនុ បាន​អំពាវនាវ ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត ត្រូវ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ និង​បម្រើ​សេវាកម្ម​ភ្ញៀវទេសចរ​ឲ្យ​បានល្អ ។ ការអំពាវនាវ​នេះ បន្ទាប់ពី​សាលាខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការរៀបចំ​ពិធី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ដែល​ប្រព្រឹត្តទៅ​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។



​ដើម្បី​បង្ហាញ​ពី​សក្តានុភាព​របស់​ខេត្ត​ព្រះសីហនុ សាលាខេត្ត​ព្រះសីហនុ បានរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០១៥ ឈានចូល​ឆ្នាំ​២០១៦ នៅ​បរិវេណ​រមណីយដ្ឋាន​ឆ្នេរ​អូរ​ឈើទាល ចំនួន​៣​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ​នេះ​។  ក្នុងនោះដែរ អាជ្ញាធរខេត្ត បាន​អំពាវនាវ ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត ត្រូវ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ និង​ខិតខំ​បម្រើសេវា​ដល់​ភ្ញៀវទេសចរ​ឲ្យ​បានល្អ​។ លើសពីនេះ សាលាខេត្ត បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​សំអាត​បរិស្ថាន ដោយ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ផ្តល់ព័ត៌មាន​ជាបន្ទាន់​ដល់​នគរបាល​ដែល​នៅ​ជិត​បំផុត នៅពេល​មាន​ករណី​ចោរលួច ប្លន់ ឬ​បទល្មើស​ផ្សេងទៀត និង ម្ចាស់​អាជីវកម្ម​ដឹក​ភ្ញៀវ​ទៅលេង​កោះ ត្រូវការ​ដាក់​អាវ​ពោង​ទៅជា​មួយ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ នឹងមាន​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ការប្រគំ​តន្ត្រី ការ​បង្ហោះគោម និង​ការដុត​កាំជ្រួច​ជាដើម​៕



Tag:
 ​ឆ្នាំថ្មី២០១៦​
© រក្សាសិទ្ធិដោយ thmeythmey.com