ជាតិ
ដក​៣​ពិន្ទុ ប្រសិនបើ​សរសេរ​ខ្វះ ឬ​ខុស​១​ពាក្យ​សម្រាប់​វិញ្ញាសា​«​សរសេរ​តាម​អាន​»
28, Dec 2015 , 9:59 pm        
រូបភាព
​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០១៥-១០១៦​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បានសម្រេច​បញ្ចូល​ឡើងវិញ​សម្រាប់​ការ​«​សរសេរ​តាម​អាន​»​នៅ​ថ្នាក់មធ្យមសិក្សា​បឋមភូមិ​(​ទី​៧ ទី​៨ និង​ទី​៩)​។ ការសរសេរ​តាម​អាន ក៏​នឹង​ក្លាយទៅជា​វិញ្ញាសា​ប្រលង​ថ្នាក់ជាតិ​សម្រាប់​សិស្ស​ថ្នាក់​ទី​៩​ផងដែរ​។



​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ការសរសេរ​តាម​អាន ជា​បំ​ណិ​ន​ដ៏​សំខាន់​ក្នុងការ​សិក្សា​ភាសា​ខ្មែរ និង​អក្សរសាស្ត្រ​ខ្មែរ ដែល​ញ៉ាំង​ឲ្យ​អ្នកសិក្សា​មានការ​ប្រុងប្រយ័ត្ន ចងចាំ សរសេរ​បាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ ក្បួនខ្នាត​វេយ្យាករណ៍ និង​ចេះ​ពី​របៀប​សរសេរ​អត្ថបទ​បានច្បាស់លាស់​។​

​ដើម្បី​ឲ្យ​ការរៀន និង​បង្រៀន​ការសរសេរ​តាម​អាន​នៅ​ថ្នាក់មធ្យមសិក្សា​ពី​ទី​៧​ដល់ទី​៩ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​បានចេញ​សេចក្តីណែនាំ​មួយចំនួន ទាក់ទង​នឹង​ការប្រើប្រាស់​ម៉ោង​រៀន ការរៀបចំ​អត្ថបទ​សម្រាប់​សរសេរ​តាម​អាន ការកំណត់​ពិន្ទុ និង​របាយ​ពិន្ទុ និង​ការកែ​កំហុស​អក្ខរាវិរុទ្ធ​ជាដើម​។​

​សម្រាប់​ការកែ​កំហុស​អក្ខរាវិរុទ្ធ ក្រសួង​បានបញ្ជាក់​យ៉ាងច្បាស់​ថា បើសិន​សិស្ស​សរសេរ​ខុស ឬ​ខ្វះ​មួយ​ព្យាង្គ ឬមួយ​ពាក្យ ត្រូវ​ដក​៣​ពិន្ទុ​។ សរសេរ​ខ្វះ ឬ​លើស​ស្រះ ព្យញ្ជនៈ​ប្រកប​ណាមួយ ត្រូវ​ដក​២​ពិន្ទុ និង​ខ្វះ​បន្តក់ ឬ​ជើងព្យញ្ជនៈ អក្សរ​មិន​អាន វណ្ណយុត្តិ​បន្តិចបន្តួច ឬ​ខុស​ទីតាំង​ស្រះ និង​ព្យញ្ជនៈ ត្រូវ​ដក​មួយ​ពិន្ទុ​។​

​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការដក​ពិន្ទុ​ដល់​ទៅ​៣​ពិន្ទុ​ចំពោះ​ការសរសេរ​ខុស​មួយ​ពាក្យ​ឬមួយ​ព្យាង្គ​នេះ នឹងធ្វើ​ឲ្យ​សិស្ស​មានការ​ប្រុង​ប្រ  យ័​ត្ន​ខ្ពស់​ក្នុងការ​សរសេរ ប្រឹងប្រែង​អាន​សៀវភៅ ហើយក៏​អាច​ជំរុញ​ឲ្យ​សិស្ស​ងាក​ទៅ​ចាប់អារម្មណ៍​ការអាន​សៀវភៅ​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា ការដក​ពិន្ទុ​នេះ ត្រូវធ្វើ​តែ​ក្នុង​ក្របខណ្ឌ​នៅក្នុង​ថ្នាក់​តែប៉ុណ្ណោះ ដោយឡែក​នីតិវិធី​នៃ​ការដក​ពិន្ទុ​នៅពេល​ប្រលង​ថ្នាក់ជាតិ​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ នៅ​មិនទាន់​កំណត់​នៅឡើយ​។

​សម្រាប់​វិញ្ញាសា​«​សរសេរ​តាម​អាន​»​នៅ​ថ្នាក់ជាតិ​របស់​សិស្ស​ថ្នាក់​ទី​៩ ក៏ត្រូវ​ចែកដាច់​ពី​វិញ្ញាសា​ភាសា​ខ្មែរ​ដែរ ប៉ុន្តែ​នីតិវិធី និង​ការបែងចែក​ប្រភេទ​នៃ​ការប្រលង​នៅ ក្រសួង​អប់រំ នឹង​ប្រជុំ ពិភាក្សា​នៅពេល​បន្តទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែល​៕


Tag:
 ក្រសួង​អប់រំ​
  រស់ សា​លីន
© រក្សាសិទ្ធិដោយ thmeythmey.com