ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការមិន​ឲ្យ​មេបក្ស​មាន​សញ្ជាតិ​ពីរ មាន​ទាំង​ការ​សាទរ និង​ការរិះគន់​
28, Dec 2015 , 10:19 pm        
រូបភាព
​ការមិន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្សនយោបាយ​មាន​សញ្ជាតិ​ពីរ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញ​ទំ​ហឺ​ង​ពី​សំណាក់​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ តែ​ក៏​រង​នូវ​ការរិះគន់​ដ៏​ធ្ងន់ធ្ងរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អ្នកវិភាគ​នយោបាយ​ផងដែរ​។ សម្តេច ហ៊ុន សែន បាន​លើកឡើងថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​កម្ពុជា នឹង​ត្រូវធ្វើ​វិសោធនកម្ម ដោយ​អនុញ្ញាត​ឲ្យ​ប្រធាន​បក្ស មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។



​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​គម្រោង​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដើម្បី​តម្រូវ​ឲ្យ​ប្រធាន​គណបក្សនយោបាយ​មាន​សញ្ជាតិ​តែមួយ​។ បញ្ហា​នៅត្រង់ថា តើ​ច្បាប់​វិសោធនកម្ម​ថ្មី​នោះ នឹងមាន​ប្រតិសកម្ម​ដែរ​ឬ​យ៉ាងណា នៅពេលដែល​ប្រធាន​គណបក្ស​បច្ចុប្បន្ន​មួយចំនួន​កំពុងតែ​កាន់​លិខិតឆ្លងដែន​២​ហើយ​នោះ​។  តើ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កៀស​លោក សម រង្ស៊ី​ឲ្យ​កាន់តែ​ឆ្ងាយ​ពី​ឆាកនយោបាយ​កម្ពុជា​?

​គម្រោង​ដែល​លើកឡើង​ដោយ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច បានទទួល​សាទរ​ផង និង​រិះគន់​ផង​។ 

​លោក ម៉ម សូណង់ដូ ជា​ប្រធាន​គណបក្សនយោបាយ​មួយរូប ដែលមាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ​និង​សញ្ជាតិ​បារាំង​។ ប៉ុន្តែ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ មិនបាន​ព្រួយបារម្ភ​ពី​ច្បាប់​ដែល​ហាមឃាត់​មិន​ឲ្យ​ប្រធាន​បក្ស​មាន​សញ្ជាតិ​ពីរ​នោះទេ តែ​លោក​ថែមទាំង​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង ទៀតផង​។

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ រូបនេះ បាន​លើកឡើងថា បើទោះបីជា​ច្បាប់​ស្តី​គណបក្សនយោបាយ នឹងត្រូវ​កែប្រែ​ឲ្យ​ប្រធាន​បក្ស​មាន​សញ្ជាតិ​ខ្មែរ​តែមួយ នៅពេល​ខាងមុខ​ក៏ដោយ ក៏​លោក មិន​ខ្វាយខ្វល់​ដែរ ដោយ​សំអាងថា រូបលោក​បាន​ក្លាយជា​ប្រធាន​បក្ស មុន​ច្បាប់​កើតឡើង ដូច្នេះ​ច្បាប់​មិន​អនុវត្ត​លើ​រូបលោក​នោះទេ​។ ប៉ុន្តែ ប្រសិនបើ ច្បាប់​នោះ​បង្ខំ​ឲ្យ​ប្រធាន​បក្ស​គ្រប់រូប ពោលគឺ​ទាំង​អ្នកនយោបាយ ក្លាយជា​ប្រធាន​បក្ស​មុន​ច្បាប់​កើតឡើង និង​អ្នកនយោបាយ​ក្លាយជា​ប្រធាន​បក្ស​ក្រោយ​ច្បាប់​កើតឡើង ក៏​លោក​នៅតែ​សាទរ​ដដែល និង​សុខចិត្ត​លាលែង​ពី​តំណែង​ប្រធាន​បក្ស ទៅធ្វើជា​អនុប្រធាន​បក្ស​ក៏បាន​។

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គាំទ្រ​គំនិត​លោក ហ៊ុន សែន ១០០​ភាគរយ​។ ច្បាប់​នេះ​មិន​ប៉ះពាល់​ដល់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បានទទួល​ត្រូវបាន​ក្រសួងមហាផ្ទៃ គេ​ទទួលស្គាល់​ហើយ​។ តែ​ច្បាប់​នៅតែ​អនុវត្ត​លើ​រូបខ្ញុំ​ទៀត ខ្ញុំ​ក៏​សុខចិត្ត​ដែរ​។ ខ្ញុំ​ចិត្ត​ទៅធ្វើជា​អនុប្រធាន​បក្ស​ក៏បាន មិន​ខ្វះ​ទេ​អ្នកស្នេហាជាតិ​ដែល​អាច​ធ្វើជា​ប្រធាន​បក្ស​ជំនួស​ខ្ញុំ​»​។

​ផ្ទុយ​ពី​លោក ម៉ម សូណង់ដូ លោក សួន សេរី​រដ្ឋា ប្រធាន​បក្ស​គណបក្សនយោបាយ ដែលមាន​សញ្ជាតិ​អាមេរិក បាន​សម្តែង​ការមិនគាំទ្រ ចំពោះ​គម្រោង​នៃ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​លើ​ចំណុច​នេះ​។ ប្រធាន​បក្ស​អំណាច​ខ្មែរ​រូបនេះ បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ ប្រទេស​កម្ពុជា មិនគួរ​បង្កើត​ច្បាប់​នេះ​ទេ ដោយសារតែ​ប្រទេស​កម្ពុជា​មិនទាន់មាន​ឯករាជ្យ អធិបតេយ្យ ពិតប្រាកដ​។ លោក​បន្តថា ច្បាប់​បក្សនយោបាយ​ត្រង់ចំណុច​នេះ អាច​ការ​កែប្រែបាន ល្គឹកណា​ប្រទេស​កម្ពុជា មាន​ឯករាជ្យ អធិបតេយ្យ អ្នកនយោបាយ​ទាំងអស់​មានចិត្ត​ជា​កីឡាករ ធ្វើ​នយោបាយ​ដើម្បី​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ នោះ​ទើប​ច្បាប​នេះ​មាន​ប្រយោជន៍​ដល់​ប្រទេសជាតិ​។​

«​ខ្ញុំ​យល់ថា ច្បាប់​កំណត់​ឲ្យ​បេ​ក្ខ​ជាន​ជា​ប្រធាន​បក្ស ឬ​ជា​នាយករដ្ឋមន្ត្រី មាន​សញ្ជាតិ​តែមួយ គឺ​វា​អត់​អាចទៅរួច​ទេ​។ ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ចំណុច នេះ​។ ខ្ញុំ​អត់​ស្វាគមន៍​ទេ ចំពោះ​កាលៈទេសៈ​ហ្នឹង ព្រោះ​ពេលនេះ មិនមែនជា​ពេល ដែល​ត្រូវ​កំណត់ សញ្ជាតិ​របស់​មេបក្សនយោបាយ​ទេ​។ កាលៈទេសៈ​នេះ ជា​កាលៈទេសៈ​ដែល ត្រូវ​ដោះស្រាយ​បញ្ហា អធិបតេយ្យភាព បូរណភាព​ទឹកដី កំណត់ព្រំដែន​ឲ្យ​បានច្បាស់លាស់ កុំ​ឲ្យ​មានការ​ឈ្លានពាន​ពី​បរទេស កំណត់​អត្តសញ្ញាណ​ជាតិ​សាសន៍ ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ត្រៀមខ្លួន​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សមាគម​ប្រជាជាតិ​អាស៊ាន​។

​ចំណែកឯ អ្នកនាំពាក្យ​គណ​បស្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ការមិន​ពេញចិត្ត​នឹង​ការលើកឡើង​របស់ សម្តេច ហ៊ុន ត្រង់ចំណុច​នេះដែរ​។ លោក អះអាងថា ប្រទេស​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​អំពើពុករលួយ ការរំលោភ​សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌ ប្រព័ន្ធ​តុលារ និង​បញ្ហា​ទឹកដី មិនមែន​ការកំណត់​ប្រធាន​បក្ស ឲ្យ​មាន​សញ្ញា​តិ​មួយ​ឬ​ពីរ​នោះទេ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មិន​គាំទ្រ​ទេ​។ អ្វីដែល​សំខាន់​គឺ អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​អ្នកនយោបាយ មិនមែន​សំខាន់​អាស្រ័យ​លើ​អ្នកនយោបាយ​មាន​សញ្ជាតិ​មួយ​ឬ​ពីរ​នោះទេ​»​។​

​ដោយឡែក លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម បាន​មើលឃើញថា ផែនការ​នៃ​ការកែប្រែ​ច្បាប់​នេះ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្ស​កាន់អំណាច ដែល​មិន​ចង់​ឲ្យ ឯកឧត្តម សម រង្ស៊ី ដែលមាន​សញ្ជាតិ​បារាំង​វិល​ត្រឡប់មក​ធ្វើជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​វិញ​។

​សាស្ត្រាចារ្យ​រូបនេះ​បាន​បន្ថែម​បែ​ម​នេះ​ថា​៖«​ច្បាប់​នេះ​គឺ​ចង់​ទប់ស្កាត់​លោក សម រង្ស៊ី មិន​ឲ្យ​មក​មក​ធ្វើជា​ប្រធាន​បក្ស​វិញ​។ ម្យ៉ាងទៀត ច្បាប់​នេះ​មិន​ត្រឹមតែ​ហាមឃាត់ ប្រធាន​បក្ស​មិន​ឲ្យ​មា​នស​សញ្ជាតិ​ពី​នោះទេ តែ​ក៏​អាច​ហាមឃាត់​អ្នកនយោបាយ ដែល​ចង់​ឈរឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​ផងដែរ​។ ប្រសិនបើ​ច្បាប់​នេះ មានចែង​ដូច្នេះ​មែន នោះ​នឹង​រារាំង​ប្រជាព​រដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​មិន​ឲ្យ​ចូលមក​បម្រើ​ជាតិ ឬ​អាច​និយាយថា ជា​ផ្តួល​គួ​ប្រជែង​មុខការ​ប្រកួត​»​។


Tag:
 ច្បាប់
  បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com