ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​លើ​លោក ខឹម វាសនា ឡើយ​
31, Dec 2015 , 3:21 pm        
រូបភាព
 
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​អះអាងថា រដ្ឋាភិបាល​មិនមាន​វិធានការ​ណាមួយ លើ លោក ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះទេ​។ តែ​លោក ថា​បញ្ហា​របស់​ប្រមុខ​បក្សរូបនេះ គឺ​ស្ថិតនៅក្រោម​អំណាចតុលាកា​រ មិនមែន​រដ្ឋាភិបាល​ឡើយ​។

 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា រហូតមកដល់ពេល នេះ រដ្ឋាភិបាល មិនទាន់មាន​ចំណាត់ការ​ណាមួយ​លើ​ករណី​របស់លោក ខឹម វាសនា ឡើយ ក្រោយពី​មន្ត្រី​សង្ឃ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការវាយប្រហារ​ព្រះពុទ្ធសាសនា ពី​សំណាក់ ប្រធាន​បក្ស​រូបនេះ​។ 
 
​លោក​បាន​បន្ថែមទៀតថា ការដាក់​ញត្តិ​មក​រដ្ឋាភិបាល​នេះ គឺជា​ការមិន​ពេញចិត្ត​របស់ ព្រះសង្ឃ ចំពោះ​លោក ខឹម វាសនា ដែល​បាន​ប្រើ​វោហារ​សព្ទ វាយប្រហារ​ព្រះពុទ្ធសាសនា ដូច្នេះ តាម​នី​វិធី រឿងនេះ គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​។ 
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​រឿងនេះ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ ហើយស្ថាប័ន​ដែលមាន​អំណាច​សម្រេច​រឿងនេះ គឺ​តុលាការ​។ រដ្ឋាភិបាល​មិនអាច​លូកដៃ​ចូលក្នុង​អំណាចតុលាការ​បានទេ​។ តាម​យោបល់​ខ្ញុំ ខ្ញុំ​យល់ថា រដ្ឋាភិបាល​ប្រហែលជា​មិនមាន​វិធានការ ឬ​ចេញ​សារា​ចរណ៍​ណែនាំ​នោះទេ ព្រោះនេះ​ជា​រឿង​សាសនា និង​បុគ្គល​តែ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។ ដូច្នេះ​រឿងនេះ​គួរតែ​តុលាការ​ជា​អ្នកដោះស្រាយ​»​។​
 
​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ម្សិលមិញ ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស បានសម្រេច​ដាក់​ញត្តិ​ទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល ធ្វើ​អន្តរាគមន៍ ទប់ស្កាត់​សកម្មភាព​នយោបាយ​រប​ស់លោក ខឹម វាសនា ដែល​ត្រូវបាន​ព្រះសង្ឃ​អះអាងថា រូបលោក មាន​ចេតនា​ចង់​បំផ្លាញ​ព្រះពុទ្ធសាសនា​។ ការដាក់​ញត្តិ​នេះ ធ្វើឡើង​ក្រោយពី​បញ្ចប់​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៤ ដែល​ត្រូវបាន​រៀបចំឡើង តាំងពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ៕
 
 

Tag:
 ផៃ ស៊ី​ផាន​
  ព្រះសង្ឃ​
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com