ជាតិ
ឯកឧត្តម សម រង្ស៊ី បបួល​ព្រះរាជអាជ្ញា​ភ្នំពេញ​សួរដេញដោល​តាម Skype
02, Jan 2016 , 3:25 pm        
រូបភាព
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯក​ឧ​ត្តម សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ពី​បណ្តឹង​ក្តីក្តាំ​របស់​មេដឹកនាំ​កំពូល​ពីបទ​បរិហាកេរ្តិ៍ បាន​បបួល​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សួរដេញដោល​តាម​បណ្តាញ​សង្គម Skype​។ ឯកឧត្តម សម រង្ស៊ី បានធ្វើ​សេចក្តីប្រកាស​នេះ​នៅ​ថ្ងៃទី​២​មករា​នេះ ២​ថ្ងៃមុន​កាលបរិច្ឆេទ​ដែល​លោក​ត្រូវ​កោះ​ឲ្យ​ចូលខ្លួន​ទៅ​តុលាការ​។



​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូលខ្លួន​បំភ្លឺ​បណ្តឹង​បរិហាកេរ្តិ៍​សម្តេច ហេង សំរិន នៅ​ព្រឹក​ថ្ងៃទី​៤​ខែមករា​ដើម​សប្តាហ៍​ក្រោយនេះ​។ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វង្ស ប៊ុន​វិសុទ្ធ បាន​កោះហៅ​ឯកឧត្តម សម រង្ស៊ី តាម​បណ្តឹង​បរិហាកេរ្តិ៍​របស់លោក​មេ​ធា​វី គី តិច ដែលជា​តំណាង​ផ្លូវច្បាប់​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ​។ សម្តេច ហេង សំរិន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហាកេរ្តិ៍ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​បើ​បទចោទប្រកាន់​បាន​ទាក់ទង​នឹង​ការបញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ប្រធាន​គណបក្សជំទាស់​បាន​ថ្លែងការណ៍​នៅ​ថ្ងៃទី​២​មករា​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក បបួល​លោក​ព្រះរាជអាជ្ញា​សួរ​ព័ត៌មាន​តាម​ប្រព័ន្ធ skype​។ ឯកឧត្តម សម រង្ស៊ី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ចំណាយពេល​និង​សោហ៊ុយ​ច្រើន ខ្ញុំ​អាច​ឆ្លើយ​រាល់​សំណួរ​របស់​តុលាការ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ ដែល​ក្នុងនោះ យើង​អាច​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង Skype»​។ តាមរយៈ​ការសរសេរ​របស់ខ្លួន ប្រធាន​គណបក្សជំទាស់​នៅតែ​មិនទាន់​អស់ចិត្ត​នៅឡើយ ថា​ហេតុអ្វី​បានជា​សម្តេច ហេង សំរិន ប្តឹង​លោក​អំពី​បទ​បរិហាកេរ្តិ៍ បើ​លោក​មិនបាន​និយាយ​ពី​ឈ្មោះ​សម្តេច​សោះ​នោះ​?

​សូម​រម្លឹក​ផងដែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​ស្ថិតនៅ​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ដែលមាន​សាលដីកា​ធរមាន​នៃ​បណ្តឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស ហោ ណាំហុង ដែល​ប្តឹង​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ពីបទ​បរិហាកេរ្តិ៍ ដូចគ្នា​។ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ប្តឹង​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ដោយសារតែ​ប្រធាន​គណបក្សជំទាស់​បាន​ចោទប្រកាន់​លោក ហោ ណាំហុង ថា​ជា​កម្មាភិបាលជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម​៕


Tag:
 សម រង្ស៊ី
  ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com