ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រៀបចំ​ពិព័រណ៍​ផ្សារ​ហ៊ុន​លើកដំបូង​នៅ​ចុងខែ​មករា​
07, Jan 2016 , 8:59 am        
រូបភាព
 
​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​(CSX) នឹង​រៀបចំ​ពិព័រណ៍​ផ្សារ​ហ៊ុន​កម្ពុជា​«My First STOCK» ជា​លើកដំបូង នៅ​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០១៦​ខាងមុខ​។ ពិព័រណ៍​នេះ ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​១០​យប់ នៅ​ផ្សារ​ទំនើប​អ៊ី​អន​។


 
​អ្នកស្រី ស៊ូ ចន្ទ​មុន្នី ប្រធាន​នាយកដ្ឋាន​រក្សាទុក​មូល​ប​ត្រ ដែល​ទទួលខុសត្រូវ​កា​រ​រៀបចំ​ពិព័រណ៍​នេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពិព័រណ៍​ផ្សារភាគហ៊ុន​នេះ រៀបចំឡើង​ដើម្បី លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត ពី​វិស័យ​មូល​ប​ត្រ​ទៅដល់​សាធារណជន ផ្តល់ឱកាស​ឲ្យ​ពួកគាត់​ស្គា​ល់ពី​តួអង្គ​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ  យល់ដឹង​ពី​ការបើក​គណនី​ជួញដូរ និង​ការវិនិយោគ យល់​ពី​វិធី​នៃ​ការជួញដូរ​ភាគហ៊ុន និង​បច្ចុប្បន្នភាព​នៃ​ផ្សារ​ហ៊ុន​កម្ពុជា​។​
 
​ពិព័រណ៍​នៅ​ចុងខែ​មករា​នេះ ក៏​ជា​ឱកាស​សម្រាប់​ឲ្យ​សាធារណជន​ជួប​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផងដែរ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​ភាគហ៊ុន​ចុះបញ្ជី និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់​អ្នកស្រី  ស៊ូ ចន្ទ​មុន្នី​។​
 
​ពិព័រណ៍​ផ្សារ​ហ៊ុន​កម្ពុជា នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន ចំនួន​១០  គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​
 
​សូមបញ្ជាក់ថា ទីផ្សារ​មូល​ប​ត្រ​របស់​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៣ ដែល​បាន​បោះផ្សាយ និង​លក់​មូល​ប​ត្រ​ជា​សាធារណៈ​។ ក្រុមហ៊ុន​ទាំង​៣​នោះ ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) ដែល​ដំណើរការ​នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន Grand Twins International ដែល​ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ឆ្នាំ​២០១៤ និង​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ទើបតែ​ទទួលបាន​សិទ្ធិ​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​។

លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា ធ្លាប់បាន​អះអាងថា នៅមាន​ក្រុមហ៊ុន​ចំនួន​២​ទៀត គឺ​ក្រុមហ៊ុន TY Fashion ដែលជា​ក្រុមហ៊ុន​ផ្នែក​សំលៀកបំពាក់ និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​(PPSEZ)  នឹង​ឡើង​ផ្សារ​ហ៊ុន​នាពេលខាងមុខ​ផងដែរ​៕
 
 

Tag:
 មូល​ប​ត្រ​
 SCX
© រក្សាសិទ្ធិដោយ thmeythmey.com