ជាតិ
​ទម្លាប់​ល្អ​ក្នុងសង្គម​៥​ចំណុច ដែល​សិស្ស AIS ប្រកាន់ខ្ជាប់​ពេល​ចុះ​ទស្សនកិច្ច​សិក្សា​
08, Jan 2016 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​សិស្ស​ថ្នាក់​ទី​១០ សាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន​៤៩០​នាក់ បាន​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធិ និង​ភ្នំ​រាប សម្អាត​បរិស្ថាន និង​ចុះ​ចែក​សម្ភារ​សិក្សា​មួយចំនួន​ជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​សាលាបឋមសិក្សា​ពញា​ពន់ ស្ថិត​ក្នុងស្រុក​អង្គស្នួល និង​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​



​ក្នុង​ដំណើរ​ទស្ស​កិច្ច​សិក្សា​នៅ​តំបន់​ប្រវត្តិសាស្ត្រ កសិកម្ម សិប្បកម្ម រមណីយដ្ឋាន​ទេសចរណ៍ ពិសេស​នៅ​ទីជនបទ​ម្តងៗ​មិន​ថា​ជិត ឬ​ឆ្ងាយ សិស្សានុសិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ល្អ​ផ្ទាល់ខ្លួន​៥​យ៉ាង​គឺ ទី​១.​សិស្សានុសិស្ស​បាន​ស្វែងយល់ និង​ផ្សារភ្ជាប់​ទីកន្លែង​ចុះ​ទស្សនកិច្ច​សិក្សា​ទៅនឹង​មេរៀន​ដែលមាន​ក្នុង​កម្មវិធីសិក្សា​ក្នុង​ថ្នាក់​ជាក់ស្តែង ទី​២.​បន្ទាប់ពី​បាន​សិក្សា​ស្វែងយល់ ពួកគេ​បាន​ចែករំលែក​នូវ​ចំណេះដឹង​ដែល​ទទួលបាន​ពី​ទស្សនកិច្ច​សិក្សា​ដល់​មិត្តភក្តិ​រួម​ដំណើរ ទី​៣.​សិស្សានុសិស្ស​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ផ្តល់នូវ​អំណោយ​ចែកជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ខ្វះខាត​នៅតាម​សាលា​នានា ទី​៤.​សិស្សានុសិស្ស​ទាំងអស់​ជួបជុំគ្នា​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជា​លក្ខណៈ​រួបរួមសាមគ្គី​បង្កើន​ភាពស្និទ្ធស្នាល​រាប់អាន​គ្នា​ជា​ភាតរភាព ទី​៥.​សិស្សានុសិស្ស​បាន​ចូលរួម​សកម្មភាព​សង្គម​តាមរយៈ​ការសម្អាត​បរិស្ថាន​ដើម្បី​បង្កើន​នូវ​ទម្លាប់​ល្អជា​គំរូ​ដល់​មូលដ្ឋាន និង​សង្គមជាតិ​។​


​ជាក់ស្តែង​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ប្រសិទ្ធិ និង​ភ្នំ​រាប លើក​នេះ លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា សិស្សានុសិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​យក​នូវ​អំណោយ​សប្បុរ​ធម៌​ដូចជា សៀវភៅ ប៊ិក ខ្មៅ​ដៃ ជ័រលុប បន្ទាត់ រួមទាំង​សម្ភារ​សិក្សា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត​យកទៅ​ចែកជូន​ដល់​ប្អូនៗ​សិស្សានុសិស្ស​សាលាបឋមសិក្សា​ពញា​ពន់ ចំនួន​ជាង​៥០០​នាក់​។ បន្ទាប់មក ពួកគេ​បាន​បន្តទៅ​សិក្សា​ស្វែងយល់​ពី​ប្រាសាទបុរាណ​ស្រី​គ្រប់លក្ខណ៍​នៅ​ភ្នំ​ប្រសិទ្ធិ ផ្សារភ្ជាប់​ទៅនឹង​ខ្លឹមសារ​មេរៀន​ប្រវត្តិសាស្ត្រ រួមទាំង​រមណីយដ្ឋាន​ភ្នំ​រាប ដែលជា​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​កែច្នៃ និង​ក៏​ជាទី​កន្លែង​ដែល​សិល្បករ​ខ្មែរ​និយម​ថត​ខ្សែភាពយន្ត​បុរាណ​ជាច្រើន​កន្លងមក​។ ទន្ទឹមនឹងនេះ សិស្សានុសិស្ស​បាន​ពិភាក្សា​ក្រុម និង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​នូវ​ចំណេះដឹង​ទទួលបាន​ពី​ទស្សនកិច្ច​សិក្សា​ឱ្យ​គ្នា​ទៅវិញទៅមក និង​ជាការ​ពង្រឹងពុទ្ធិ​មុនពេល​សម្រាក​បរិភោគ​អាហារ​ថ្ងៃត្រង់​ជួបជុំ​ដ៏​មានឱជារស​យ៉ាង​សប្បាយរីករាយ​ជាមួយគ្នា​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា សិស្សានុសិស្ស​ទាំងអស់គ្នា​បាន​ចូលរួម​យុទ្ធនាការ​សម្អាត​បរិស្ថាន​រមណី​ដ្ឋា​ន​ភ្នំ​រាប ដើម្បី​លើកកម្ពស់​សម្រស់​តំបន់​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែមទៀត​៕




© រក្សាសិទ្ធិដោយ thmeythmey.com