អន្តរជាតិ
ស្ត្រី​ដើមកំណើត​ខ្មែរ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​តៃវ៉ាន់​
08, Jan 2016 , 2:43 pm        
រូបភាព
​ស្ត្រី​ជា​ជនជាតិ​កម្ពុជា​ដែល​បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុងការ​បោះឆ្នោត​នៅ​សប្ដាហ៍​ក្រោយ ។ នេះ​ជា​រឿង​ជា​ប្រវត្តិសាស្ត្រ​មួយ ដែលមាន​ស្ត្រី​កម្ពុជា​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​នៅ​តៃវ៉ាន់ ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP​។



​លោកស្រី Lin Li-chan បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​តាមរយៈ​ផ្គូរ​ផ្គង​មេអណ្ដើក ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ តាំងពី​ពេល​នាង​មាន​អាយុ ២០​ឆ្នាំ​មក​ម្ល៉េះ។ ហើយ​ពេលនេះ លោកស្រី Lin បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ដែល​ធ្វើ​ស្រប​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ដែរ ។​

​ក្រោយពេល​រៀបការ លោកស្រី Lin Li-chan បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​ជាមួយ​ប្ដី​របស់ខ្លួន ។ ទៅដល់​ទឹកដី​តៃវ៉ាន់ លោកស្រី Lin Li-chan មានការ​ពិបាក​ខ្លាំង ជាពិសេស​លើ​ផ្នែក​ភាសា ។ ​លោកស្រី​ថែមទាំង​ទទួល​ការរើសអើង​ផងដែរ​។ នោះក៏ព្រោះតែ ស្ត្រី​បរទេស​ដែល​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផលិតផលមួយ និង​ទទួលរង​ការ​មើលងាយ​ជានិច្ច ។ តែឥឡូវនេះ លោកស្រី ​ក្លាយជា​ប្រជាជន​តៃវ៉ាន់​ហើយ​។​

​ងាក​ត្រលប់មក​រឿង​ឈរឈ្មោះ​តំណាងរាស្ត្រ​វិញ ស្ត្រី​កម្ពុជា​វ័យ​៣៨ ឆ្នាំ​រូបនេះ នឹង​ឈរឈ្មោះ​ប្រជែង​ជា​តំណាង​រាស្ត្រ​សម្រាប់​គណបក្ស​គួរ​មីង​តាំង (KMT) ក្នុងការ​បោះឆ្នោត​នេះ ។ ហើយ​លោកស្រី​មានឈ្មោះ​លំដាប់​ទី​៤​ក្នុង​បញ្ជី​បេក្ខជន​ទាំងអស់​របស់​បក្ស​កាន់អំណាច។ មានន័យថា លោកស្រី​មានសង្ឃឹម​ខ្ពស់​ក្នុងការ​ក្លាយជា​តំណាងរាស្ត្រ​ប្រចាំ​សភា​តៃវ៉ាន់ ។

បើតាមសារព័ត៌មានដដែល លោកស្រី Lin Li-chan  ក៏បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងទទួលបានពានរង្វាន់ជាជនអន្តោប្រវេសន៍ឆ្នើមផងដែរ។ 

​ទាក់ទង​នឹង​រឿងនេះ​ដែរ លោកស្រី Lin Li-chan ដែល​ចាត់ទុក​ខ្លួនឯង​ជា​ជនជាតិ​តៃវ៉ាន់​ទៅហើយនោះ និយាយថា លោកស្រី​សង្ឃឹមថា លោកស្រី នឹងអាចជួយ​ដល់​ជន​អន្តោ​ប្រវេ​ស​ន៍ផ្សេងទៀត ក្នុងនាម​ជា​តំណាងរាស្ត្រ ។ ប្រសិនបើ​លោកស្រី​ពិតជា​ជាប់ឆ្នោត​មែន​នោះ លោកស្រី​នឹង​ក្លាយជា​ស្ត្រី​ខ្មែរ​ទី​១ហើយ ដែល​ជាប់​ជា​តំណាងរាស្ត្រ​នៅ​តៃវ៉ាន់ ។​

​សូមបញ្ជាក់ថា តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​សភា​និង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៦ ខែមករា ខាងមុខនេះ ៕


Tag:
 លោកស្រី Lin Li-chan
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com