អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​៖ សង្គ្រាម​អ៊ីរ៉ង់​-​អា​រ៉ា​ប៊ី​សា​អូឌីត​មិនកើត​ឡើង​ទេ​
08, Jan 2016 , 4:49 pm        
រូបភាព
​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​កាន់តែ​តានតឹង ដោយសារ ជម្លោះ​ការទូត​រវាង​រដ្ឋ​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​អ៊ីរ៉ង់​និង​បណ្តា​រដ្ឋ​អារ៉ាប់​។ គេ​ខ្លាច​ថា​ការប្រឈមមុខគ្នា​បង្ក​ជា​សង្គ្រាម​រវាង​មហាអំណាច​ក្នុង​តំបន់​ទាំងពីរ ប៉ុន្តែ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​បានបញ្ជាក់​ហើយ​ថា​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​មិនអាច​កើតឡើង​ឡើយ​។

 


​អា​រ៉ា​ប៊ី​សា​អូឌីត មិន​យល់ថា ការប្រឈមមុខគ្នា​ផ្នែក​ការទូត​រវាង​អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​អាច​នឹង​បង្ក​ជា​សង្គ្រាម​ក្នុង​តំបន់​ឡើយ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន Aj Jazeera រាជទាយាទ​រង​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ពន្យល់ថា វា​គ្មាន​ហេតុផល​អ្វីដែល​សង្គ្រាម​រវាង​អ៊ីរ៉ង់​និង អា​រ៉ា​ប៊ី សា​អូឌីត ទោះជា​ភាព​តានតឹង​កើនឡើង​ខ្លាំង​ក៏ដោយចុះ​។​

​រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ពន្យល់ថា សង្គ្រាម​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​អ៊ីរ៉ង់ នឹង​ក្លាយជា​គ្រោះមហន្តរាយ​ធំធេង​សម្រាប់​តំបន់ ដូច្នេះហើយ​អា​រ៉ា​ប៊ី សា​អូឌីត មិន​អនុញ្ញាត​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​ឡើយ​។ មន្ត្រីជាន់ខ្ពស់​ក្រុង​រី​យ៉ា​ដ បកស្រាយ​បែបនេះ ក្រោយ​ពេលដែល​សហគម​ន៍​អន្តរជាតិ​បង្ហាញ​ការព្រួយបារម្ភ​ថា ជម្លោះ​ការទូត​រវាង​អ៊ីរ៉ង់​និង​រដ្ឋ​អារ៉ាប់​អាច​នឹង​វិ​វត្ត​ទៅរក​ប​ញ្ហ​អស្ថិរភាព​និង​ជម្លោះ​ទ្រង់ទ្រាយ​ធំ​។ អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ឡើយ​តាំងពី​យូរ​មកហើយ ព្រោះតែ​រដ្ឋ​ទាំងពីរ​នេះ​មាន​មហិច្ឆតា​គ្រប់គ្រង​តំបន់​រៀងខ្លួន ហើយ​ម្យ៉ាង​មនោគមន៍វិជ្ជា​សាសនា​ក៏​ខុសប្លែកគ្នា​ទៀត​។ 

​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ​រហូតដល់​ផ្តាច់ចំណង​ការទូត​ជាមួយ​ក្រុង​តេ​ហ​រ៉ង់ កើតឡើង​ដោយសារ​ក្រុមបាតុករ​វាយប្រហារ​ស្ថានទូត​នៅ​អា​រ៉ា​ប៊ី សា​អូឌីត នៅ​ទីក្រុង​តេ​ហេ​រ៉ង់​។ ហើយ​ការវាយប្រហារ​ក៏​បណ្តាល​មក​ការខឹង​សម្បារ​របស់​ស​ហគ​មន៍​អ្នក​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​ដោយសារ​ការប្រហារជីវិត​មេដឹកនាំ​និកាយ​ស៊ី​អ៊ី​ត Nimr al-Nimr ដោយ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​សប្តាហ៍​មុន​។​បន្ទាប់ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តាច់ចំណង​ទាក់​ទំនង​ជាមួយ​អ៊ីរ៉ង់ បណ្តា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត មាន​អារ៉ាប់​រួម ស៊ូដង់ និង​បា​រ៉ែ​ន បានសម្រេច​ផ្តាច់ទំនាក់ទំនង​និង​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់​ដូចគ្នា​។   

​គេ​ឃើញ​មានការ​ស្នើសុំ​ឲ្យ​ភាគី​អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចៀស​ឲ្យ​បាន​នូវ​ការប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​គ្នា​ទៅវិញទៅមក​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន អង្គការសហប្រជាជាតិ រុស្ស៊ី និង​ចិន​ផងដែរ​។ ចិន​ដែលជា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ច្រើន​នោះ ដាច់ចិត្ត​បញ្ជូន​អ្នកការទូត​របស់ខ្លួន​លោក Zhang Ming  ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ជួយ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​បញ្ហា​ការទូត​ដោយ​សន្តិវិធី​។


© រក្សាសិទ្ធិដោយ thmeythmey.com