អន្តរជាតិ
ចំនួន​នាវាចម្បាំង​ចិន​កើនឡើង ខណៈ​នាវាចម្បាំង​អាមេរិក​បន្ត​ថយចុះ​
08, Jan 2016 , 8:39 pm        
រូបភាព
​ទីបញ្ជាការ​ទ័ពជើងទឹក​ប៉ាស៊ីហ្វិក​អាមេរិក​មាន​នាវាចម្បាំង​កាន់តែ​តិច​ជាមុន បើ​ប្រៀបធៀប​កាលពី​២​ទសវត្សរ៍​មុន​។ ចំនួន​នាវា​អាមេរិក​ធ្លាក់ចុះ ស្របពេល​ដែល​ចិន​បន្ត​ពង្រឹង​ឥទ្ធិពល​និង​អំណាច​យោធា​របស់ខ្លួន​ឥត​ឈប់ ជាពិសេស​ចិន​ផ្តោតលើ​ពង្រឹង​យុទ្ធសាស្ត្រ​ទ័ពជើងទឹក​។​ការប្រកាស​សង់​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន​ជា​ឧទាហរណ៍​ស្រាប់​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ចំនួន​នាវាចម្បាំង​នៅ​ទីបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​ធ្លាក់ចុះ បើ​ប្រៀបធៀប​ចំនួន​នាវា បច្ចុប្បន្ន​ជាមួយ​ចំនួន​នាវា​កាលពី​ពីរ​ទសវត្សរ៍​មុន ។ គេ​ឆ្ងល់​ថា ចំនួន​នាវា​ធ្លាក់ចុះ​បែបនេះ តើ​សហរដ្ឋអាមេរិក​អាច​នឹង​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​បែបណា បើ​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​។ ហើយ​ចិន​ក៏​បន្ត​ផលិត​អាវុធ​ជាពិសេស​នាវាចម្បាំង នាវា​ដឹក​យន្តហោះ​ចម្បាំង​បន្តបន្ទាប់​ទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ទីបញ្ជាការ​ប៉ាស៊ីហ្វិក​បច្ចុប្បន្ន​មាន​នាវា​សរុប​១៨២​គ្រឿង ក្នុងនោះ​មាន​នាវាមុជទឹក នាវា​ពិឃាត និង​នាវា​ដឹក​យន្តហោះ​ជាដើម តែ​កាលពី​ពីរ​ទសវត្សរ៍​មុន​ទីបញ្ជាការ​នេះ​មាន​នាវា​ជិត ២០០​គ្រឿង​ឯណោះ​។ ចំណែក​កងទ័ពជើងទឹក​ចិន​មាន​នាវា​រហូតដល់​ជាង ៣០០​គ្រឿង ក្នុងនោះ​មាន​នាវាចម្បាំង នាវាមុជទឹក នាវា​ល្បាត និង​នាវា​ដឹក​សព្វាវុធ​ផងដែរ​។ ចិន​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ត្រឹមតែ​មួយគ្រឿង​ប៉ុណ្ណោះ តែ​សប្តាហ៍​មុន​ក្រុង​ប៉េកាំង​បានប្រកាស​សង់​នាវា​ដឹក​យន្តហោះ​ទី​២​របស់ខ្លួន​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ចម្ងល់​ខាងលើ មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​ទីបញ្ជាការ​ប៉ាស៊ីហ្វិក​លោក Scott Swift បាន​លើកឡើងថា លោក​នៅតែមាន​ទំនុកចិត្ត​និង​មិន​ភ័យ​បារម្ភ​ចំពោះ​ចំនួន​សព្វាវុធ​ជាពិសេស​នាវា​ដែល​អាមេរិក​មាន​បច្ចុប្បន្ន ទោះជា​ប្រទេស​មួយចំនួន​លើកឡើង​ពី​កង្វល់​ពាក់ព័ន្ធ​បញ្ហា​ដែល​ខ្លួន​ជួបប្រទះ​និង​ភាពមិនច្បាស់លាស់​ផ្នែក​សន្តិសុខ​ក៏ដោយ​។

​លោក​សង្កត់ធ្ងន់ថា ថ្វីបើ​ចំនួន​នាវា​អាមេរិក​មាននៅ​ប៉ាស៊ីហ្វិក​តិចជាង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​ក៏ដោយ តែ​លោក​ទុកចិត្ត​លើ​សមត្ថភាព​និង​បច្ចេកវិទ្យា​នាវាចម្បាំង​អាមេរិក​ពេលបច្ចុប្បន្ន​ជាង​។ នេះ​មានន័យថា នាវា​បច្ចុប្បន្ន​តិច​ប៉ុន្តែ​បើ​និយាយ​សព្វាវុធ​និង​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​នាវា​សុទ្ធតែ​ទំនើប​និង​ជួយ​ឲ្យ​ទ័ពជើងទឹក​អាមេរិក​អាចឆ្លើយតប​រាល់​ការគំរាមកំហែង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ការធ្លាក់ចុះ​នៃ​ចំនួន​នាវា​នេះ ក៏​ប្រហែលជា​បណ្តាលមកពី​បញ្ហាសំខាន់​មួយចំនួន​ជាពិសេស​នាវា​ប្រឈម​បញ្ហា​បច្ចេកទេស​។ នេះ​ក៏​ព្រោះថា នាវា​ទាំងនេះ​បំពេញ​ប្រតិបត្តិការ​មក​យូរ​មកហើយ​និង​មានការ​ទាំង​មិនសូវ​បាន​ដិតដល់​។ 

​កន្លងមក ដោយសារ​បញ្ហា​សមុទ្រ​ចិន​ត្បូង ហើយ យោធា​ចិន​កាន់តែខ្លាំង ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​សាកល្បង​ជំហរ​ក្រុង​ប៉េកាំង​ដោយ​បន្ត​បង្កើន​វត្តមាន​នាវា​និង​កងទ័ព​របស់ខ្លួន​នៅក្នុង​តំបន់​ជាពិសេស​ដឹកនាំ​ប្រទេស​ជា​មិត្ត​ធ្វើ​សមយុទ្ធ​យោធា និង​បង្កើន​សកម្មភាព​ល្បាត​សមុទ្រ​ជាដើម​។ ដូច​កាលពី​ឆ្នាំមុន អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរៗ​កោះ​សិប្បនិម្មិត​របស់​ចិន​ដែល​សង់​ឡើង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​ខឹងសម្បារ​ខ្លាំង និង​ទិតៀន​អាមេរិក ប៉ុន្តែ​មិនមាន​ការតបត​ដោយ​ប្រើប្រាស់​កម្លាំង​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com