អន្តរជាតិ
អ៊ីរ៉ង់​ហាម​ប្រជាជន​ធ្វើ​ធម្ម​យាត្រា​ប្រចាំឆ្នាំ​ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត​
09, Jan 2016 , 12:33 pm        
រូបភាព

អ៊ីរ៉ង់​បាន​ហាមប្រាម​ប្រជាជន​របស់ខ្លួន​ធ្វើ​ពិធីបុណ្យ Haj ដែលជា​ធម្ម​យាត្រា​ប្រចាំឆ្នាំ​ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត ។ នេះ​ជា​វិធានការ​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​អា​រ៉ា​ប៊ី សា​អូឌីត ដែល​ហាម​ការហោះហើរ​និង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ខណៈ​ទំនាស់​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ដុនដាប​ទៅហើយនោះ ។​


​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ដាក់ចេញ​វិធានការ​ថ្មី​មួយទៀត​ប្រឆាំងនឹង​អា​រ៉ា​ប៊ី សា​អូឌីត ដោយបាន​ហាម​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ធម្ម​យាត្រា​ប្រចាំឆ្នាំ Haj ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត ។ អ៊ីរ៉ង់​ដាក់ចេញ​វិធានការ​នេះ​មាន​ជាង​រយៈពេល​មួយ​សប្ដាហ៍ ក្រោយ​ការតានតឹង​រវាង​ខ្លួន​នឹង​អា​រ៉ា​ប៊ី សា​អូឌីត ដែល​បណ្ដាលមកពី​ការប្រហារជីវិត​បព្វជិត​និកាយ​ស៊ី​អ៊ី​ត Nimr al-Nimr ។​

​តាមច្បាប់​របស់​សាសនា​ឥស្លាម សាសនិក​ឥស្លាម​គ្រប់រូប​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ត្រូវធ្វើ​ធម្ម​យាត្រា​ទៅកាន់​ទឹកដី​ពិសិដ្ឋ​ឥស្លាម​នៅ Mecca ក្នុង​អា​រ៉ា​ប៊ី សា​អូឌីត​ឲ្យ​បាន​មួយដង​ក្នុង​មួយជីវិត​របស់ខ្លួន ។

​ការដាក់ចេញ​វិធាន​នេះ​ទៀតសោត គឺ​ចំ​ពេលដែល​ទំនាក់ទំនង​រវាង​មហាអំណាច​តំបន់​ទាំងពីរ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។ អា​រ៉ា​ប៊ី សា​អូឌីត បានប្រកាស​ផ្ដាច់​ទំនាក់​ទូត​ជាមួយ​អ៊ីរ៉ង់ ហើយ​ថែមទាំង​បាន​ហាម​ការហោះហើរ​និង​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង​ទៀតផង ។ ក្រៅពី​អា​រ៉ា​ប៊ី សា​អូឌីត ប្រទេស​កាន់​និកាយ​ស៊ូ​នីមួយ​ចំនួន​ដូចជា បា​រ៉ែ​ន ស៊ូដង់ ក៏បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ដែរ ។​

​ជា​លទ្ធផល​នៃ​ការហាម​ប្រាម​នេះ អា​រ៉ា​ប៊ី សា​អូឌីត អាច​នឹង​បាត់បង់​ចំណូល​ប្រមាណ​១៨ ពាន់​លាន​ដុល្លារ ពី​ទេសចរ​អ៊ីរ៉ង់​ជិត​៦​សែន​នាក់​ដែល​មក​អា​រ៉ា​ប៊ី សា​អូឌីត ។ យ៉ាងណាក្ដី បើ​គេ​មើល​វិធានការ​ប្រឆាំងនឹង​អ៊ីរ៉ង់ អា​រ៉ា​ប៊ី សា​អូឌីត មិនបាន​ហាម​ប្រជាជន​អ៊ីរ៉ង់​ធ្វើដំណើរ​ចូល​ទឹកដី​ខ្លួន​ដើម្បី​ចូលរួម​ធម្ម​យាត្រា Haj នោះទេ ។ តែ​ពេលនេះ អ៊ីរ៉ង់​បែរជា​ហាមឃាត់​ប្រជាជន​ខ្លួន​ទៅវិញ ។

​សូម​រម្លឹកថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អ៊ីរ៉ង់​ហាម​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត ។ ហើយ​ចុងក្រោយ​បំផុត​នោះ គឺ​នៅ​ឆ្នាំ​១៩៨៧ នៅពេលដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ហាម​ប្រជាជន​ខ្លួន​មិន​ឲ្យ​ទៅ សា​អូឌីត ក្រោយ​ប្រជាជន​អ៊ីរ៉ង់​ជាង​៤០០​នាក់​ត្រូវបាន​សម្លាប់​ប៉ូលិស​បង្ក្រាប​បាតុកម្ម​អា​រ៉ា​ប៊ី សា​អូឌីត ៕


Tag:
 អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com