អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថាប័ន​កំពូល​អាមេរិក កំពុង​រង្គោះរង្គើរ​គ្នា ដ្បិត​ចិន​កំពុង​កើន​អំណាច​នៅ​សមុទ្រ​ចិន​ខាងត្បូង
09, Jan 2016 , 3:44 pm        
រូបភាព
ដោយ:

​បើទោះជា​អាមេរិក មិនមែនជា​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ អាមេរិក ត្រូវបាន​គេ មើលឃើញថា​ជា​តួអង្គ​មួយ​ដ៏​សំខាន់​ដែល​ប្រឆាំងនឹង​គោលនយោបាយ​វាតទី​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​។ តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​អាមេរិក បាន​អវត្តមាន​ក្នុងការ​ប​ញ្ជួ​ន​នាវា​ល្បាត​របស់ខ្លួន​មកកាន់​តំបន់​ជម្លោះ ខណៈ​ចិន​កំពុងតែបន្ត​សកម្មភាព​របស់ខ្លួន​កាន់តែខ្លាំង ដែល​អវត្តមាន​នេះ បានទទួល​ការរិះគន់​ពី​ស្ថាប័ន ពាក់ព័ន្ធ​កំពូល​របស់​អាមេរិក​ខ្លួនឯង​ផ្ទាល់​។



​នៅ​ថ្ងៃទី​០៨ មករា ម្សិលមិញ ប្រធានរដ្ឋសភា​អាមេរិក​ចេញពី​បក្ស​សាធារណៈរដ្ឋ​លោក ប៉ូល រ្យ៉ា​ន (Paul Ryan) បាន​រិះគន់​រដ្ឋបាល​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​យឺតយ៉ាវ​ក្នុងការ​ប្រតិ ប​ត្តិ​ការ​នូវ​នាវា​ល្បាត​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ដោយសារ​គោលនយោបាយ​កាត់បន្ថយ​នាវា​របស់លោក​អូ​បា​ម៉ា​។ ការរិះគន់​នេះ ធ្វើឡើង​ក្រោយពី​ចិន បាន​បញ្ជូន​យន្តហោះ​របស់ខ្លួន​ទៅកាន់​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្តបន្ទាប់​ដែល​បាន​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​នៃ​ការហោះហើរ​។​

​សកម្មភាព​វាតទី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ក្លាយជា ប្រធានបទ​ក្តៅ​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​រង្គោះរង្គើរ​គ្នា​នៅក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​។ ហើយ​ចុង​ក្រោយនេះ កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​របស់ខ្លួន​បន្ថែម បន្ទាប់ពី បាន​ហោះហើរ​កាលពី​ថ្ងៃទី​០២ ខែមករា កន្លងទៅ ទៅកាន់​ថ្ម​ប៉ប្រះ Fiery Cross ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី​ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​រួមមាន​វៀតណាម និង​ហ្វីលីពីន បាន​ថ្កោលទោស និង​ចាត់ទុក​សកម្មភាព​ចិន​ថា​បាន​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់ និង​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​។ តែ​រដ្ឋាភិបាល​អាមេរិក មិនបាន​បង្ហាញ​ពី​ចំណាត់ការ​ណាមួយ​ដើម្បី​ឆ្លើយតប​ទៅ នឹង សកម្មភាព​ដ៏​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​ចិន​នៅក្នុង​តំបន់​ជម្លោះ​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ លោក ប៉ូល រ្យ៉ា​ន បាន​រិះគន់​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​យ៉ាងខ្លាំង​ពី​គោ​លន​យោ បាយ​កាត់បន្ថយ​នៃ​ការបញ្ជូន​នាវា​ល្បាត ជាពិសេស​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធានា​ពី​តុល្យការ នៃ​អំណាច​ជាមួយនឹង​ចិន​។ លោក ប៉ូល បាន​បន្ថែមទៀតថា ភាព​អសកម្ម​នេះ បាន​បង្ហាញថា អាមេរិក ពិតជា​ត្រូវការ​កងទ័ព និង​ទាហានជើងទឹក​ដ៏​រឹង​ម៉ាំ និង​គោលនយោបាយ​ការបរទេស​មួយ​ពិតប្រាកដ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន មិនមាន​។

​ឆ្លៀតឱកាស​នេះ បេក្ខភាព​ប្រធានាធិបតី​បក្ស​សាធារណៈរដ្ឋ និង​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Marco Rubio បាន​ប្រលូក​ពាក្យសម្តី​ថា ប្រសិនបើ លោក ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី លោក នឹង​បញ្ជូន​នាវា​បន្ថែម ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រជែង​នឹង​ចិន ដោយ​សហការ​ជាមួយនឹង សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បានអូសបន្លាយ​ជាច្រើន ទសវត្ស​រ៍ហើយ ដ្បិត​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​។​

​កាលពី​ចុងឆ្នាំ​២០១៥ កន្លងទៅ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ក៏បាន​បញ្ជូន​នាវា​ល្បាត​របស់ខ្លួន​ក្រោម ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​អន្តរជាតិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ក្បែរ​នឹង​កោះ​សិប្បនិម្មិត​ដែល​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​ផងដែរ​។ ហើយ​អាមេរិក ក៏បាន​សន្យាថា​នឹង​បញ្ជូន​នាវា​ល្បាត​រៀងរាល់​ត្រីមាស​ម្តង​ផងដែរ​។ តែ​ចុង​ក្រោយនេះ​គេ​មិនទាន់​ឃើញ​មាន វត្តមាន នាវា​អាមេរិក​ណាមួយ មកកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅឡើយ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com