បទវិភាគ
ចំណេះ គឺជា​អំណាច តែបើ​គ្មាន​ចំណេះ​វិញ​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​គេ​ណាស់
09, Jan 2016 , 9:30 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ មនុស្ស​ខ្លះ ពេល​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​និយាយ​ជា​សាធារណៈ ឬ​ជា​អ្នកធ្វើការងារ​នៅក្នុង​ចំណោម បញ្ញវន្ត សិស្ស និស្សិត បានធ្វើ​ឲ្យ​ពួកគេ​ម្នាក់ៗ ជួបនឹង​បញ្ហា​ភ័យខ្លាច​។ ការភ័យខ្លាច ត្រូវបាន​មនុស្ស​យល់ឃើញ​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​យល់ថា ការភ័យខ្លាច គឺ​បណ្តាលមកពី​ទម្លាប់​របស់​មនុស្ស ស្ថានភាព​សង្គម ឬ​ហេតុផល​ផ្សេងៗ​។ ប៉ុន្តែ នេះ​គ្រាន់តែ​ជាហេតុ​ផល​មួយ​ជ្រុង​តែប៉ុណ្ណោះ តាមពិត ការភ័យខ្លាច​បណ្តាលមកពី​បុគ្គល​ខ្វះ​ចំណេះដឹង គ្មាន​ចំណេះដឹង ឬ​គ្មាន​ជំនាញ​ពិតប្រាកដ​។



​អ្នកខ្លះ​ពេល​ឡើង​សួរ​សំណួរ ឆ្លើយ​សំណួរ ជជែក​ពិភាក្សាគ្នា និង​ធ្វើ​បទ​បង្ហាញ​ជាដើម គឺ​ពួកគេ​តែងតែ​ញ័រ​ជើង ញ័រ​ដៃ ឬ​និយាយ​ញាប់ៗ ឬ​បេះដូង​លោត​ញាប់​ខុសពី​ធម្មតា ដោយសារ​ពួកគេ​មាន​អារម្មណ៍​ភ័យខ្លាច ។

​ភាពភ័យខ្លាច គឺជា​សភាព​ធម្មជាតិរ​ប​ស់មនុស្ស នៅពេល​មនុស្ស​ជួប​អ្វី​ជា​លើកដំបូង ដូចជា ការឡើង​និយាយ​នៅមុខ​មនុស្ស​ច្រើន​ជា​លើកដំបូង សួរ​សំណួរ​នាយករដ្ឋមន្ត្រី​ជា​លើកដំបូង ការធ្វើ​បទ​បង្ហាញ​លើកដំបូង និយាយ​ជាមួយ​អ្នកធំ​ជា​លើកដំបូង ឬ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ជា​លើកដំបូង​។ អ្នកខ្លះ ស្ទើរ​មួយជីវិត នៅតែ​ខ្លាច​គេ មិន​ហ៊ាន​និយាយ ជជែក​ពិភាក្សា ឬ បញ្ចេញមតិ​អ្វី​នោះទេ ពីព្រោះ ពួកគេ​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុងការ​ជជីក​ជជែក​សួរដេញដោល ឬ​បញ្ចេញមតិ​អ្វីដែល​ខ្លួន​យល់ឃើញ​។​

​ភាពភ័យខ្លាច ត្រូវបាន​គេ​ពិពណ៌នា​ថា កំពុង​ធ្វើ​ឲ្យ​មនុស្ស ជួប​ការបរាជ័យ​ក្នុងការ​សិក្សា និង​កិច្ចការ​ផ្សេងទៀត​។ អ្នក​ភ័យខ្លាច បានធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​សក្តានុភាព​របស់ខ្លួន​ជាច្រើន​។ អ្នកខ្លះ ពេល​ក្រុមហ៊ុន​ផ្តល់ឱកាស ដោយ​ដាក់​ការងារ​ឲ្យ​ធ្វើ ពួកគេ​មិន​ហ៊ាន​ធ្វើ​ទេ ពីព្រោះ​ពួកគេ​ចេះ មិន​ពិតប្រាកដ គ្មាន​បទពិសោធន៍  និង​ខ្លាច​មាន​កំហុស​ជាដើម​។ ឯ​អ្នក​ខ្លះទៀត តែងតែ​គេចវេះ​ពី​ការចូលរួម​វេទិកា ឬ​សិក្ខាសាលា ឬ​កម្មវិធី​សួរដេញដោល ដោយសារ​គ្មាន​ចំណេះដឹង​ពិតប្រាកដ មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​។​

​ទោះបី​មានការ​បកស្រាយ​ផ្សេងគ្នា ពី​មូលហេតុ​នៃ​ការភ័យខ្លាច ដូចជា មកពី​កត្តា​ធម្មជាតិ បញ្ហា​សង្គម ឬ​បញ្ហា​ផ្សេងទៀត​ក៏ដោយ ប៉ុន្តែ​ទស្សនវិទូ​ជនជាតិ​អង់គ្លេស លោក Francis Bacon បាន​លើកឡើងថា ពុទ្ធិ ឬ​ចំណេះដឹង គឺជា​អំណាច (Knowledge is Power)​។ អ្នកចេះដឹង​ពិតប្រាកដ គឺជា​មនុស្ស ដែល​មិនចេះ​ខ្លាច​អ្នកដទៃ ពីព្រោះ ពួកគេ​អាច​ដោះស្រាយ​បញ្ហា​បាន ដោយ​មិនមាន​ការភ័យខ្លាច​។ អ្នកចេះ​ពិតប្រាកដ ពួកគេ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង មាន​ភាពក្លាហាន និង​មាន​សមត្ថភាព សម្រាប់​ការដោះស្រាយ​បញ្ហា​បាន​ដោយ​គ្មាន​ឧបសគ្គ​។ តម្លៃ​ទាំងនេះ បានធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មានអំណាច​។​

​ប្រសិនបើ មនុស្ស​គ្មាន​ចំណេះ​ពិតប្រាកដ គ្មាន​ជំនាញ​ពិតប្រាកដ ពួកគេ​នឹងមាន​ភាពភ័យខ្លាច ពីព្រោះ ពី​ពួកគេ​ខ្លាច​មាន​អ្នក​សួរ ហើយ​ខ្លួន​ឆ្លើយ​មិន​ចេញ ឬ​ខ្លាច​និយាយ​ខុស ឬ​ធ្វើ​សកម្ម​ភាពខុស​ជាដើម​។ ពួកគេ​មានចំណេះដឹង​មិន​ពិតប្រាកដ ឬ​ស្រពេចស្រពិល យកជាការ​មិនបាន ទើប​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​អ្នកដទៃ​។

​អ្នកមាន​ចំណេះ​ខ្ពស់ៗ ដូចជា អ្នករៀន​ដល់​កម្រិត​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត អគ្គបណ្ឌិត ឬ​អ្នកមាន​ជំនាញ​ពិតប្រាកដ ដូចជា អ្នកជំនាញ​ផ្នែក​កសិកម្ម អគ្គិសនី វិស្វកម្ម ជំនួញ ពាណិជ្ជកម្ម វិជ្ជាពេទ្យ ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ ច្បាប់ និង​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ជាដើម គឺ​ពួកគេ​ត្រូវបាន​មនុស្ស​ទូទៅ​គោរព​កោតខ្លាច បើទោះបីជា​ពួកគេ​គ្មានកាំភ្លើង គ្មាន​អាវុធ​សម្រាប់​សម្លាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​គោរព​នោះ គឺ​ចំណេះដឹង​របស់​ពួកគេ​។

​កំណាព្យ​របស់​លោកតា​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុ​យ បាន​សរសេរ​មួយ​ឃ្លា​ថា​៖«​បើ​ចង់​ស្រាល​ខ្លួន រៀនសូត្រ​ឲ្យ​មួន ឲ្យ​មាំ​ឲ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ​»​។ ឃ្លា​នេះ ក៏​បញ្ជាក់ថា អ្នកចេះ​ពិតប្រាកដ គឺ​ប្រជាជន នឹងរ​ត់រក​ពឹង​អាស្រ័យ ប្រគល់​ភាព​ទុកចិត្ត ផ្តល់​កិត្តិយស និង​តម្លៃ​ដល់​អ្នកចេះដឹង​។​

​ចំណែកឯ​អ្នកនយោបាយ​ល្បីៗ ទាំង​នៅ​កម្ពុជា និង​លើ​ពិភពលោក ពួកគេ មានអំណាច គឺ​ដោយសារ​ចំណេះដឹង​របស់​ពួកគេ ពីព្រោះ ប្រសិនបើ​ពួកគេ​គ្មាន​ពុទ្ធិ ពួកគេ​ប្រាកដជា​គ្មាន​នរណា​គោរព គ្មាន​នរណា​ខ្លាច គ្មាន​នរណា​ឲ្យ​តម្លៃ ហើយ​ពួកគេ​នឹង​ក្លាយជា​មនុស្ស​គ្មាន​អំណាច​។​

​ដូច្នេះ ចំណេះ ជំនាញ និង​សមត្ថភាព​ពិតប្រាកដ គឺ​ធ្វើ​ឲ្យ​មនុស្ស​មានអំណាច ពីព្រោះ ចំណេះដឹង ពិត​ជាមាន​ឥទ្ធិពល​គ្របដណ្តប់​លើ​មនុស្ស​ដទៃ​។ លើសពីនេះ អ្នក​ដែល​គេ​ចេះ​ពិតប្រាកដ គឺជា​មនុស្ស​មាន​ភាពជឿ​ជាក់​លើ​ខ្លួនឯង និង​ហ៊ាន​ប្រឈមមុខ ជាមួយ​បញ្ហា​គ្រប់បែបយ៉ាង ព្រមទាំង​អាច​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​វ័យឆ្លាត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកមាន​ចំណេះ គឺ​មិន​ខ្លាច​គេ​នោះទេ ពីព្រោះ​ពួកគេ ទុកចិត្ត និង​ជឿជាក់​លើ​ខ្លួនឯង​។ ប៉ុន្តែ ប្រសិនបើ មនុស្ស​គ្មាន​ចំណេះវិជ្ជា ឬ ចេះ​មិន​ពិតប្រាកដ នោះ​ពួកគេ​នៅតែ​ភ័យខ្លាច នៅតែ​មិន​ជឿជាក់​លើ​ខ្លួន និង​គ្មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​ខ្លួនឯង​។ ចំណេះ គឺជា​អំណាច តែបើ​គ្មា​ចំណេះ​វិញ​ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​គេ​ណាស់​៕



Tag:
 សង្គម
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com