ជាតិ
សារៈមន្ទីរ​គ្រាប់មីន​ជា​សារ​ដាស់តឿន​កុំឱ្យ​កម្ពុជា​ធ្លាក់ចូល​ភ្នក់ភ្លើងសង្គ្រាម​ជាថ្មី​
13, Jan 2016 , 7:59 am        
រូបភាព
ដោយ: VOA
​ភ្នំពេញ​៖ សារៈមន្ទីរ​គ្រាប់មីន​កម្ពុជា​ស្ថិតនៅ​ខាងក្រៅ​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ដែលមាន​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីឈ្មោះ​។ នៅឯ​សារៈមន្ទីរ​នេះ​ក្រុម​អ្នក​ទេសចរណ៍​បាន​យល់ដឹង​ពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត​និង​កេរដំណែល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​បន្សល់ទុក​ក្រោយពេល​មាន​សង្គ្រាម​។​



​ប៉ុន្តែ ក្នុងខណៈ​ពេលដែល​សារៈមន្ទីរ​នេះ​ដើរតួរ​នាទី​ជា​អនុស្សាវរីយ៍​មួយ​រំឭក​ដល់​ហិង្សា​ក្នុងពេល​សង្គ្រាម​វា​ក៏​ចោទ​ជា​សំណួរ​មួយចំនួន​អំពី​ទំនាស់​ក្នុងពេល​បច្ចុប្បន្ន​ដែល​ក្នុងនោះ​មានដូចជា​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​ជាដើម​។​

​នាង Paola Gonzalez អ្នក​ទេសចរណ៍​មកពី​ប្រទេស អេ​ស្ប៉ា​ញ ថ្លែងប្រាប់ VOA នៅឯ​សារៈមន្ទីរ​គ្រាប់មីន​កម្ពុជា ស្ថិតក្នុង​ឃុំ​ខ្នា​សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ថា វោហា​សាសន៍​អំពី​សង្គ្រាម ពុំមែន​ជា​ជម្រើស​វាងវៃ​របស់​មេដឹកនាំ​ប្រទេស ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​កន្លងមកហើយ​នោះទេ​។​

«​ខ្ញុំ​មិន​គិតថា គាត់​មិន​ឆ្លាត​ដោយ​ការនិយាយ​ដូច្នេះ​ទេ ដោយសារតែ​សង្គ្រាម បានបញ្ចប់​ទៅហើយ ប្រទេស​កម្ពុជា គឺ​ដូចជា​កន្លែង​របស់​ភ្ញៀវ​ទេសចរណ៍​។ ហើយ​ប្រទេស​កម្ពុជា កំពុង​ទទួលបាន​លុយកាក់​ជាច្រើន​ពី​ទេសចរណ៍ ហើយ​បើ​សង្គ្រាម​កើត​ម្តងទៀត កម្ពុជា​នឹងមិន​ទទួលបាន​លុយ​ពី​ជនបរទេស​នោះទេ​»​។​

​អ្នក​ទេសចរណ៍​មកពី ប្រទេស​អេ​ស្ប៉ា​ញ រូបនេះ ថ្លែងបន្ត បន្ទាប់ពី​បាន​ដើរ​មើល​កាកសំណល់​គ្រឿងផ្ទុះ និង​គ្រាប់មីន មួយស្របក់​នៅក្នុង​សារៈមន្ទី​នោះ​ថា នាង​មិន​ចង់ឃើញ សង្គ្រាម​កើត​ជាថ្មីទៀត នៅក្នុង​ប្រទេស​កម្ពុជា​នោះឡើយ និង​បាន​និយាយ​ទៅដល់​សង្គ្រាម​កំពុង​កើតឡើង​ក្នុងប្រទេស ស៊ី​រី និង​ប្រទេស​ដទៃទៀត​ថា​៖

«​សង្គ្រាម​! ច្បាស់​ណាស់​គឺ​ទេ​! ខ្ញុំ​ក៏​មិន​ចង់ឃើញ សង្គ្រាម​នៅក្នុង​ប្រទេស ស៊ី​រី​ផងដែរ និង​កន្លែង​ដែល​សង្គ្រាម​កំពុង​កើតឡើង​ឥឡូវនេះ​។ ខ្ញុំ​មិន​ចង់ឃើញ​ទេ​។ មិន​ត្រូវមាន​សង្គ្រាម​ទេ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ខែកញ្ញា​ឆ្នាំ​មុននេះ បាន​ព្រមាន​កាន់តែច្បាស់​ឡើង​ថា សង្គ្រាម នឹង​អាច​ផ្ទុះឡើង​ម្តងទៀត ក្នុង​កាលៈទេសៈ​ដែល​បក្ស​កាន់អំណាច​របស់លោក គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈប់​ដឹកនាំ​ប្រទេស​កម្ពុជា និង​ដោយសារ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ផែនទី​រវាង​អ្នកនយោបាយ​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស និង​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​។ លោក​ថ្លែង​កាលពី​ពេលនោះ​ថា​៖

«​បើ​ខុសពី​គណបក្ស​ប្រជាជន គណបក្ស​ដទៃ​កាន់អំណាច នឹងមាន​សង្គ្រាម​ដាច់ខាត​។ ខ្ញុំព្រះករុណា សូម​អះអាងថា នឹងមាន​សង្គ្រាម​»​។​

​បន្ថែម​លើ​បញ្ហា​ផែនទី លោក ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ ថ្លែងថា ការឡើង​កាន់អំណាចរ​បស់​គណបក្សប្រឆាំង មុខជា​នឹងធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម ព្រោះ​អ្នកនយោបាយ​នៃ​គណបក្ស​នេះ មានការ​រើសអើង​វណ្ណៈ រវាង​អ្នកមាន និង​អ្នកក្រ ក៏ដូចជា​ការប្រកាន់​ពូជសាសន៍ ជាពិសេស​គឺ​វៀតណាម​។ លោក ហ៊ុន សែន ក៏​ធ្លាប់​បារម្ភ​ពី​បដិវត្តន៍​ពណ៌ ដែល​គេ​ស្គាល់​ថា ជា​បដិវត្តន៍​រដូវ​ផ្កា​រីក ឬ​និទាឃៈ​រដូវ​ដែល​បានកើត​ចេញពី​តំបន់​មជ្ឈិមបូព៌ា និង​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​តំបន់​នោះ​។ ប្រទេស ស៊ី​រី ក៏​កំពុង​រង​នូវ​ឥទ្ធិពល​រដូវ​ផ្កា​រីក​នេះដែរ​។ ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ បាន​ធ្លាក់​ចូលក្នុង​សង្គ្រាម​អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​មកហើយ បន្ទាប់ពី​មានការ​ចាប់ផ្តើម​នៃ​រដូវ​ផ្កា​រីក​នេះ​។​

​បដិវត្តន៍​រដូវ​ផ្កា​រីក ឬ Arab Spring នេះ ក៏បាន​រាលដាល​ដល់​តំបន់​ផ្សេងទៀត នៃ​ពិភពលោក ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ឲ្យ​មេដឹកនាំ​ស្ថិតក្នុង​អំណាច​យូរ​ឆ្នាំ ធ្លាក់​ចេញពី​អំណាច​។​

​ក្នុង​ដៃ​កាន់​ឈើច្រត់ និង​កំពុង​ដើរចេញ ពី​សារៈមន្ទីរ​គ្រាប់មីន​កម្ពុជា លោកស្រី​បណ្ឌិត KarenSieraeki សាស្ត្រាចារ្យ ផ្នែក​នគរូបនីយកម្ម​មកពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និយាយថា កម្ពុជា ត្រូវការ​សន្តិភាព ហើយ​អ្វីដែល​កម្ពុជា​ត្រូវ​ព្រួយបារម្ភ​នោះ​គឺ អំពើពុករលួយ មិនមែន​ការកើតឡើង​សង្គ្រាម​ម្តងទៀត​ដែល​ពុំបាន​ផ្តល់​ផលប្រយោជន៍​អ្វី​នោះទេ​។ បណ្ឌិត KarenSieraeki បញ្ជាក់ថា​៖

«​ចា៎ ជាការ​ពិត យើង​ត្រូវការ​សន្តិភាព ហើយ​ប្រជាពលរដ្ឋ​ឥឡូវ​សប្បាយចិត្ត​ដែលមាន​សន្តិភាព​។ ប៉ុន្តែ​អ្វីមួយ​ដែល​អ្នក​ត្រូវ​បារម្ភ​នោះ គឺ​រដ្ឋាភិបាល និង​អំពើពុករលួយ​។ អំពើពុករលួយ​នេះ មិនអាច​ជួយ​អ្វី​បាន​នោះទេ ហើយ​វា​អាច​លេចចេញ​មកជា​ភាព​តានតឹង ដូច​អ្វីដែល​អ្នក​បាន​និយាយ​។ វា​មិនល្អ​នោះឡើយ ដែល​អ្នកមាន​កាន់តែ​មាន ហើយ​អ្នកក្រ​កាន់តែ​ក្រ​នោះ​»​។​

​យ៉ាងណាក៏ដោយ លោក សុខ ឦសាន អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងថា សង្គ្រាម នឹង​នៅតែ​កើតឡើង ប្រសិនបើ​គណបក្សប្រឆាំង​បាន​ក្តោប​ក្តាប់​អំណាច ដូចដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្លែង​កាលពី​ពេលមុន​។ លោក​ថា ការលើកឡើង​របស់​អ្នក​ទេសចរណ៍ គ្រាន់តែ​ជា​ទស្សនៈ​មួយ​ប៉ុណ្ណោះ​។​

«​អាហ្នឹង​ជាការ​មើលឃើញ​របស់គាត់​តើ តែ​ចំពោះ​គណបក្ស​ប្រជាជន​ឯកភាព​តាម​មេដឹកនាំ របស់ខ្លួន​ដែលថា គាត់​និយាយ​ហ្នឹង​ត្រឹមត្រូវ​»​។

​អ្នក​ទេសចរណ៍​ផ្សេងទៀត​ដែល​បាន​ទៅ​ទស្សនា​សារៈមន្ទីរ​មីន​កម្ពុជា និង​សារៈមន្ទី​ប្រវត្តិសាស្ត្រ​សង្គ្រាម​ក្នុង​ខេត្តសៀមរាប បាន​សម្តែង​ភាព​សោកសៅ អំពី​សង្គ្រាម​ដែល​បានកើត​មាននៅ​ក្នុងប្រទេស​កម្ពុជា​កាលពីពេល​កន្ល​ង​ទៅ​។ ពួកគេ​ថា សង្គ្រាម​មិនត្រូវ​វិល​ត្រឡប់មក​ជាថ្មីទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ដំណាក់កាល​កំពុងអភិវឌ្ឍន៍​នេះ​ទេ ហើយ​ថា​រដ្ឋាភិបាល ត្រូវធ្វើ​ការអប់រំ​ពល​រដ្ឋ​របស់ខ្លួន​ឲ្យ​យល់​ពី​ឫសគល់​នៃ​ការកើតមាន​សង្គ្រាម ជាជាង​ការព្រមាន​ដោយ​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​។ នៅក្នុង​ប្រទេស ស៊ី​រី ចំនួន​អ្នកស្លាប់ និង​រងរបួស រួមទាំង​អ្នក​ភៀសខ្លួន​ចេញពី​ប្រទេស បាន​បន្ត​កើតមាន រៀងរាល់ថ្ងៃ ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ​តែម្តង​។​

​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ក៏​ធ្លាប់​ជួប​ជោគវាសនា​ដូច​ប្រទេស​ស៊ី​រី​ផងដែរ កាលពី​ជិត​២០​ឆ្នាំ​កន្លងទៅ ដោយ​ពួកគេ​បាន​ស្លាប់ របួស និង​រត់​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន ទៅ​រស់នៅ​ប្រទេស​ដទៃទៀត ក្នុង​ពិភព​លាក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com