អន្តរជាតិ
លោក​ថេ​ន សេន ប្រឹង​សម្រុក​កសាង​សមិទ្ធផល​នៅសប្ដាហ៍ចុង​ក្រោយ​មុន​ផុត​អាណត្តិសភា
12, Jan 2016 , 3:15 pm        
រូបភាព
ដោយ:
​ដូចដែល​បានកំណត់​នៅ​ដើមឆ្នាំ​២០១៦​នេះ គឺជា​ពេលដែល​មី​យ៉ាន់​ម៉ា ត្រូវ​ផ្តើម​នីតិកាល​ថ្មី​នៃ​រដ្ឋសភា ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជា​ធិ​តេ​យ្យ​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បន្ទាប់ពី​លទ្ធផល​ផ្លូវការ​បង្ហាញថា​បក្ស​លោកស្រី ទទួលបាន​ការគាំទ្រ​លើសលប់​ក្នុងការ​បោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​។ ទន្ទឹមនឹង​ការចូល​មកដល់​ទីបញ្ចប់​នៃ​អាណត្តិ​របស់សភាដែលដឹកនាំដោយបក្ស​កាន់អំណាច គេ​សង្កេតឃើញ​មានច្បាប់​ជាច្រើន​បាននិងកំពុង​អនុម័ត ដែល​ភាគច្រើន​ផ្តល់​ផលប្រយោជន៍​ទៅកាន់​សភា និង​រដ្ឋាភិបាល​ជិត​ផុត​អាណត្តិ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​បើទោះបីជា​ការចរចារ​វាង​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន ជាមួយនឹង​ប្រធាន​បក្ស​ឈ្នះ ឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នៅតែ​បន្តធ្វើ​ក៏ដោយ វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដែល​មី​យ៉ាន់​ម៉ា ចៀស​ផុតពី​ការជាប់គាំង​នយោបាយ​។ ហើយ​នេះ គេ​មិនអាច​ប្រកែក​បាន​ថា វា​ជា​ចំណែក​មួយ​នៃ​វប្បធម៌​សន្ទនា​របស់លោក​ស្រី​ស៊ូ​ជី ដែល​ប្រើប្រាស់​ដើម្បី​ចរចា​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​ពី​រដ្ឋាភិបាល ពាក់កណ្តាល​ស៊ីវិល និង​ស្ថាប័ន​ដែលមាន​ឥទ្ធិពល​របស់​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​គ្រប់គ្រង​ដោយ​យោធា ។​

​បើ​យោងតាម​សេចក្តីប្រកាស​របស់​ប្រធានសភា​ជិត​ផុត​អាណត្តិ​មី​យ៉ាន់​ម៉ា​លោក ស្វេ ម៉ាន់ សភា​ដឹកនាំ ដោយ​បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ​របស់លោក​ប្រធានាធិបតី​ថេ​ន សេន នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែមករា ខាងមុខនេះ​។ ហើយ សភា​នីតិកាល​ថ្មី ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត​លោក ស្រី អ៊ុង​សាន ស៊ូ​ជី ក៏ត្រូវ​ចាប់ផ្តើម​នីតិកាល​ថ្មី​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​បន្តបន្ទាប់​គ្នា​ផងដែរ​នោះ​។

១. សភា​បក្ស​អំណាច​សហភាព​រួបរួម និង​ការអភិវឌ្ឍ​ ព្យាយាម​បង្កើត​ឲ្យ​មាន​សមិទ្ធផលចុងក្រោយ
​ពិតប្រាកដ​ណាស់ វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋា​ភិ​បាល​មួយ​ដែល​ចាក់​ឬ​ស ដោយ​របប​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយ​។ តែ​វា ក៏មាន​មែន​ជា​រឿង​ដែល​ពិបាក​នោះដែរ​ក្នុង​ផ្លាស់ ប្តូរ​ប្រសិន​អ្នកនយោបាយ​ពិត​មាន​ឆន្ទៈ​គោរព​តាម​ការសម្រេចចិត្ត និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ។ អាចជា​លទ្ធផល​នៃ​ការចរចា​រវាង​បក្ស​កាន់អំណាច និង​បក្ស​ទើប​ឈ្នះឆ្នោត ដែល​នៅ​សបា្តហ៍​ចុង នៃ​នីតិកាល​សភា​ចាស់ ក្រោម​ការដឹកនាំ​ដោយ​បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ កំពុងតែ​ព្យាយាម ព​ន្លឿ​ន​ក្នុង​ការអនុម័ត​ច្បាប់​ជាច្រើន​ដើម្បី​បន្សល់​ជា​សមិទ្ធផល​ចុងក្រោយ​នៃ​សភា​ពាក់កណ្តាល​យោធា ។ យោងតាម​សារព័ត៌មាន The Wall Street  Journal រដ្ឋសភា​មី​យ៉ាន់​ម៉ា បាននិងកំពុង​អនុម័ត​ច្បាប់​ថ្មី ជាច្រើន​ក្នុង​សបា្តហ៍​ចុងក្រោយ​នេះ ដែល​ច្បាប់​ភាគច្រើន​ផ្តល់​ផលប្រយោជន៍​ទៅកាន់​សភា និង​រដ្ឋា​ភិ បាល​យោធា​បក្ស​លោក​ថេ​ន សេន​។ ច្បាប់​ទាំងនោះ រួមមាន​ការផ្តល់ប្រាក់​សោធន​និវត្តន៍ និង សំណើរ ច្បាប់​ស្តី​ការការពារ​អតីត​ប្រធានាធិបតី​ពី​ការកាត់ទោស​លើ​ការប្រព្រឹត្ត​ផ្សេងៗ​ក្នុងពេល​កាន់តំណែង​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ប្រធានាធិបតី ថេ​ន សេន ថែមទាំង​ផ្តល់រ​ង្វាន់​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ក្នុង ប្រទេស​មី​យ៉ាន់​ម៉ា​ជាច្រើន​ផ្សេងទៀត ដោយ​មិនបាន​ឆ្លងកាត់​ពីស​ភា និង​ប្រឹក្សា​ពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ​។ សកម្មភាព​នេះ គឹជា​ការបង្កើត​សមិទ្ធផល​ចុងក្រោយ តែ​បាន​បំពាន​ទៅនឹង​ប្រព័ន្ធ​នយោបាយ​មី​យ៉ាន់​ម៉ា ដ្បិត​លោក សម្រេច​ដោយ​ឯកតោភាគី​។​

២. កេរ​មរតក​ចុងក្រោយ​របស់លោក​ថេ​ន សេន សម្រាប់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ជម្លោះ​ឧទ្ទាម 
​បើទោះបីជា​ការកសាង​សន្តិ​ភាពជា​វិស័យ​អាទិភាព​មួយ​នៃ​អាណត្តិ​ប្រធានាធិបតី​លោក ថេ​ន សេន បញ្ហា​នេះ នៅតែ​មិនអាច​ត្រូវបាន​បញ្ចប់​នោះទេ​។ កាលពីមុន​ថ្ងៃ​បោះឆ្នោត​នៅ​ចុងឆ្នាំ​២០១៥ លោក ថេ​ន សេន ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តី​ពីបទ​ឈប់​បាញ់​ជាមួយនឹង​តំណាង​ជន ជាតិ​ភាគតិច​ប្រាំបី​។ ក៏ប៉ុន្តែ​នៅមាន​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ជាច្រើន​ក្រុម​ផ្សេងទៀត ដែល​រដ្ឋាភិបាល បាន​បដិសេធ​ក្នុង​ការចរចា ដ្បិត​ពួកក្រុម​ឧទ្ទាម​ទាំងនោះ ធ្លាប់​វាយប្រហារ និង​ប្រយុទ្ធ​ជាមួយនឹង​រដ្ឋា ភិ​បាល​។​

​ប្រាកដ​ណាស់​ក្រៅពី​ជួប​ឧបសគ្គ​ក្នុង​ការរៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​នៃ​នីតិកាល​ថ្មី (​បក្ស​លោកស្រី​ស៊ូ​ជី មិនទាន់​បានកំណត់​បេក្ខភាព​ប្រធានាធិបតី​) បក្ស​លោកស្រី ស៊ូ​ជី ក៏​ប្រឈម និង​បន្ត​ដោះស្រាយ​បញ្ហា​នៃ​គំរាម​ពី​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​។ នោះ ក៏​ព្រោះតែ​រដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​កើតចេញពី​ប្រជាជន​ស៊ីវិល​សុទ្ធសាធ ខណៈ​ភូមិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា ត្រូវការ​មេដឹកនាំ​ដែល​ធា្ល​ប់​មានបទពិសោធន៍​ផ្នែក​យោធា​ដើម្បី​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ឆាប់រហ័ស​។

​ជារួម ឧបសគ្គ​ក្នុងការ​ដឹកនាំ​ប្រទេស​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​របប​យោធា​ជាច្រើន​ទសវត្សរ៍ គឺជា ដែល​ត្រូវ​កើតមាន​។ ក៏ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​នោះ របត់​នយោបាយ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា មិន​ដើរ​ថយ​នោះទេ ដ្បិត​អ្នកនយោបាយ មិន​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ឡើងកាន់​អំណាច និង ជាពិសេស​នោះ ចេះ​ទទួល​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កើតចេញពី​បោះឆ្នោត​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com