អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​គ្មាន​គម្រោង​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងត្បូង​ឡើយ​
12, Jan 2016 , 4:12 pm        
រូបភាព
​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោលការ​លើកឡើងថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​កូរ៉េខាងត្បូង​។ កាំជ្រួច​នុយក្លេអ៊ែរ​អាមេរិក​ដែល​ឈរជើង​ការពារ​កូរ៉េខាងត្បូង ត្រូវបាន​ដកចេញ​នៅ​ឆ្នាំ ១៩៩១។ ហើយ​បើ​មានការ​ដំឡើង​អាវុធ​ប្រភេទ​នេះ​មែន វា​នឹង​បង្ក​ឲ្យ​មានការ​ប្រណាំងប្រជែង​សព្វាវុធ​កាន់តែខ្លាំង​នៅក្នុង​តំបន់​ថែមទៀត​។


លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ


​នៅ​ថ្ងៃ​ចន្ទ ទី​១១​មករា ម្សិលមិញ​នេះ មន្ត្រី​អាមេរិក​បាន​ថ្លែងថា សហរដ្ឋអាមេរិក​កំពុង​ជជែក​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ ជុំវិញ​ការពង្រាយ​សព្វាវុធ​នានា​ ទៅ​ទប់ទល់​កូរ៉េខាងជើង​។ តែ​មន្ត្រី​មិនបាន​បង្ហាញ​អត្តសញ្ញាណ​រូបនេះ ​បាន​បដិសេធ​រួចហើយ​ថា  អាមេរិក​គ្មាន​គម្រោង​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មានReuters  រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ព្យាយាម​គំរាម​កូរ៉េខាងជើង​ ដោយ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ដ៏​ល្បីល្បាញ​សម័យ​សង្គ្រាមត្រជាក់ B-52 ពី​មូលដ្ឋាន​យោធា​របស់ខ្លួន​កោះ​ហ្កា​ម (Guam) ទៅ​កូរ៉េខាងត្បូង​រួច កាលពី​ថ្ងៃអាទិត្យ​ទី​១០​ខែមករា។ ហើយ​យន្តហោះ​នេះ ​មាន​សមត្ថភាព​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ ថែម​ទៀតផង​។​
 
​មន្ត្រី​អាមេរិក​ដដែល​បាន​អះអាងថា ការដំឡើង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ អាច​នឹងធ្វើ​ឲ្យ​ការប្រណាំង​សព្វាវុធ​កាន់តែខ្លាំង ហើយនឹង​ជំរុញ​ឲ្យ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ​ប្រឹង​ផលិត​អាវុធ​កាន់តែច្រើន​ និង​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ផងដែរ​។ បើ​មានការ​ដំឡើង​នុយក្លេអ៊ែរ​វិញ​មែន វា​នឹង​ក្លាយជា​ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ដ៏​គ្រោះថ្នាក់​បំផុត ​របស់​អាមេរិក​ជា​លើក ដំបូង ក្នុង​រយៈពេល២៥​ឆ្នាំ​កន្លងមកនេះ។ នេះ​ក៏ដោយ​សាររដ្ឋបាល​លោក George H.W. Bush ទើប​សម្រេច​ដក​អាវុធ​នុយក្លេអ៊ែរ​ពី​កូរ៉េ​ក្នុង​ឆ្នាំ១៩៩១ ក្រោយ​សង្គ្រាមត្រជាក់​បិទ​បញ្ចប់ទៅ​ប៉ុណ្ណោះ​។ 
 
​ជុំវិញ​វិធានការ​ឆ្លើយតប​កូរ៉េខាងជើង​នេះដែរ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួន​សហការ​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ និង​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន ហើយ​ជជែក​ពី​ការពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ រួមទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ប្រភេទ​អាវុធ​ផ្សេងទៀត​ផងដែរ​។ កាលពី​សប្តាហ៍​មុន​ដែរ​ សមាជិកសភា​អាមេរិក​បានស្នើ​សុំ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពិចារណា​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ​ស៊េរី​ទំនើប​របស់ខ្លួន​ទៅកាន់​កូរ៉េខាងត្បូង ​ដើម្បី​ធានា​សន្តិភាព ​និង​សន្តិសុខ​តំបន់ ក៏ដូចជា​សុវត្ថិភាព​អាមេរិក​ផ្ទាល់​ដែរ​។​
 
​តែ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បង្ហើប​ថា​សហរដ្ឋអាមេរិក​ប្រហែលជា​ត្រឹមបញ្ជូន​យន្តហោះ​បំបាំងកាយ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ B-2នាវាមុជទឹក និង​យន្តហោះ​ប្រដេញ​F-22 មក​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​។ ក្រៅពី​ចាប់ផ្តើម​បង្កើន​សកម្មភាព​យោធា ​និង​សព្វាវុធកូរ៉េខាងត្បូង​ បានចាប់ផ្តើម​ចាក់​ឧបករណ៍​ឃោសនា​ឡើងវិញ និង​អាច​ចាប់ផ្តើម​រឹតបន្តឹង​រាល់​សកម្មភាព​នៅ​តំបន់​សេដ្ឋកិច្ច Kaesong ដែល​ប្រជាជន​កូរ៉េខាងជើង​ ច្រើន​ពាន់​នាក់​ធ្វើការ​ និង​រក​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​។​
 
​ដោយឡែក ចិន​ដែលជា​មិត្ត​ជិតខាង បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចៀស​ការ​បង្អួត​កម្លាំង​និង​អាវុធ ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​គ្នា​ជាយថាហេតុ​ផង​។ ចិន​មិន​សប្បាយចិត្ត​ទេ ពេលដែល​អាមេរិក ​ប្រើ​ឲ្យ​ទ័ពអាកាស​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចុះឡើង​នៅ​កូរ៉េខាងត្បូង​ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅនោះ​។​
 
​ទាក់ទិន​ការពង្រាយ​សព្វាវុធ​ទៅ​ឧបទ្វីប​កូរ៉េ​នេះ  រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ចោទប្រកាន់ថា ការពង្រាយ​សព្វាវុធ​សហរដ្ឋអាមេរិក​ ជាការ​រុញ​ឲ្យ​ស្ថានភាព​ដែល​កំពុង​តានតឹង​ស្រាប់​នោះ ​ឈានទៅរក​ស្ថានភាព​សង្គ្រាម​។ បើតាម​កាសែត​កូរ៉េខាងជើង Rodong Sinmun មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន បាន​ថ្លែង​ការពារ​ការបាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន ដោយ​ចាត់ទុកថា​វា​ជា​សិទ្ធិ​ស្របច្បាប់ និង​ស្វ័យការពារ​ប៉ុណ្ណោះ​៕ 
 
 

Tag:
 អាមេរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com