អន្តរជាតិ
ប៉ូលិស​បង្ខំ​ជនសង្ស័យ​ឲ្យ​ហូប​ចេក​៤០​ផ្លែ​ដើម្បី​ទម្លាក់​គ្រឿងអលង្ការ​ដែល​គេ​បាន​លួច​
12, Jan 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ប៉ូលិស​ឥណ្ឌា​បាន​ប្រើប្រាស់​មធ្យោបាយ​ដ៏​ប្លែក​មួយ​ដើម្បី​ស្វែងរក​គ្រឿងអលង្ការ​ដែល​ចោរ​ម្នាក់​បាន​លួច​លេប​ចូលទៅក្នុង​ពោះ​។ នៅពេល​សួរចម្លើយ មន្ត្រីប៉ូលិស​បាន​បង្ខំ​ឲ្យ​ជនសង្ស័យ​ហូប​ចេក​រហូតដល់​ទៅ​៤០​ផ្លែ ដើម្បី​រក​គ្រឿងអលង្ការ​ធ្វើ​ពី​មាស​មួយ​។



​របាយការណ៍​ថា បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់​ត្រូវបាន​ជាប់ចោទ​ពីបទ​ឆក់​ខ្សែក​មាស​របស់​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​តាមផ្លូវ​នៅក្នុង​ទីក្រុង​ម៉ុម​បៃ ហើយ​បន្ទាប់មក​បាន​លេប​ចូលទៅក្នុង​ពោះ​។ ក្រុម​គ្រួ​ពេទ្យ ចង់​ប្រើ​វិធី​វេជ្ជសាស្ត្រ ប៉ុន្តែ​ប៉ូលិស​យល់ថា វា​ជាការ​ចំណាយ​ដ៏​ច្រើន​មួយ ដូច្នេះ​ពួកគេ​បានសម្រេច​បង្ខំ​ឲ្យ​ជនសង្ស័យ​ហូប​ចេក​៤០​ផ្លែ​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​

«​ទីបំផុត យើង​បាន​រកឃើញ​ខ្សែក​ដែល​គេ​បាន​លួច​។ យើង​បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​នោះ​យកទៅ​លាង មុននឹង​បញ្ជូន​គេ រួមទាំង​វត្ថុតាង​ទៅ​តុលាការ​»​។ នេះ​បើតាម​ការអះអាង​ប្រាប់​ទៅកាន់​ភ្នាក់ងារ​ព័ត៌មាន AFP របស់លោក Shankar Dhanavade នាយប៉ូលិស​ជាន់ខ្ពស់​នៅ​ទីក្រុង​ម៉ុម​បៃ​។​

​បើតាម​ព័ត៌មាន​ក្នុងស្រុក នេះ​មិនមែនជា​វិធីសាស្ត្រ​លើកដំបូង​នោះឡើយ ដោយ​ប៉ូលិស​ឥណ្ឌា​ធ្លាប់បាន​អនុវត្ត​ជាមួយ​ចោរ​ម្នាក់​រួចទៅហើយ ដោយ​បង្ខំ​ឲ្យ​ជនសង្ស័យ​ផឹក​ទឹកដោះគោ​លាយ​ច្របូកច្របល់ ដើម្បី​គេ​រាគ​ចេញមក​៕


Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com