អន្តរជាតិ
សាសនា​អាច​ដោះស្រាយ​ជម្លោះ​នៅ​ភាគខាងត្បូង​ថៃ​បាន​
12, Jan 2016 , 9:59 pm        
រូបភាព
​លោក Iyad Ameen Madani អគ្គលេខាធិការ​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​បានលើកឡើង​ពី​តួនាទី​សាសនា​ក្នុងការ​ដោះស្រាយ​ជម្លោះ ដែល​កំពុង​បន្ត​អូសបន្លាយ​នៅ​ភាគខាងត្បូង​ថៃ​។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់លោក​នៅ​ប្រទេស​ថៃ ជា​ផ្នែក​នៃ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ាន ។



​ក្នុងឱកាស​ចូលរួម​សន្និសីទ​អន្តរ​ជំនឿ​ដែល​ធ្វើឡើង​ក្នុង​ក្រុង​បាងកក អគ្គលេខាធិការ​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) លោក Iyad Ameen Madani បាន​សង្កត់ធ្ងន់​ពី​តួនាទី​របស់​សាសនា​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​នានា រួមទាំង​ជម្លោះសាសនា​ផងដែរ ។ លោក​ថា​៖« សាសនា​អាច​ប្រែក្លាយ​ពិភពលោក​នេះ ទៅជា​ពិភពលោក​ដែលមាន​សុខដុមរមនា​» ។​

​វត្តមាន​របស់លោក Iyad Ameen Madani នៅ​ប្រទេស​ថៃ​គឺ ចំពេល​ដែល​ការចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​ថៃ​និង​ក្រុម​ឧទ្ទាម​ភាគខាងត្បូង​នៅ​ទ្រឹង​មិន​ទៅមុខ​។  ប៉ុន្តែ​មុន​មកដល់​ប្រទេស​ថៃ អគ្គលេខាធិការ OIC រូបនេះ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុម Mara Patani ជា​ក្រុម​ឧទ្ទាម​ភាគខាងត្បូង នៅឯ​ម៉ាឡេស៊ី ។

​ជំនួប​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ស្រងាកចិត្ត​យ៉ាងខ្លាំង ។ ឧ​ត្ត​ម​សេនីយ៍ Akanit Muansawat អតីត​អ្នកសម្របសម្រួល​ការចរចា ចាត់ទុក​ជំនួប​នេះ​ថា​បានផ្ដល់​ភាពស្របច្បាប់​ដល់​ក្រុម​ឧទ្ទាម​លើ​ឆាក​អន្តរជាតិ ហើយ​វា​នឹង​ប៉ះពាល់​ដល់​តួនាទី​រដ្ឋាភិបាល​ថៃ​មិន​ខាន ។

​សូម​រម្លឹកថា អំពើហិង្សា​នៅ​ភាគខាងត្បូង​ថៃ​បាន​រីក​រាលដាល​ធំ​ឡើង​នៅ​ឆ្នាំ​២០០១ ពោលគឺ​ក្រោយ​ការឡើង​កាន់អំណាច​រប​ស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ។ ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឧទ្ទាម​និង​ទាហាន​រដ្ឋាភិបាល​ថៃ បាន​បង្ក​ការបាត់​បង់ជីវិត​មនុស្ស​ជាច្រើន ។ លើសពីនោះ ក្រុម​ឧទ្ទាម​បាន​បង្ក​ហិង្សា​ជាការ​សងសឹក​វិញ ជាពិសេស​ក្រុម​ទាំងនេះ​បាន​វាយប្រហារ​លើ​សាលារៀន គ្រូបង្រៀន​និង​ធ្វើ​គត់​ព្រះសង្ឃ​ជាដើម ។

​យ៉ាងណាក្ដី ដំណើរ​ទស្សនកិច្ច​រប​ស់អគ្គ​លេខាធិការ OIC ទៅ​ថៃ អាចជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការចរចា​បិទ​បញ្ចប់​ជម្លោះ ។ តែ​វា​នៅ​វែងឆ្ងាយ​ទៅមុខទៀត សម្រាប់​ការដោះស្រាយ​ឲ្យ​ដាច់ស្រេច ហើយ​វា​ក៏​ទាមទារ​ភាពស្មោះត្រង់​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែរ​៕


Tag:
 ​ថៃ​
  ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com