អន្តរជាតិ
ម៉ាឡេស៊ី​ភ័យ​ព្រោះ​កេ្ម​ង​ច្រើន​នាក់​ទទួល​ការហ្វឹកហ្វឺន​ពី​ក្រុម​ដែ​ស្ហ​
13, Jan 2016 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ចារកម្ម​ម៉ាឡេស៊ី​បានបង្ហាញ​របាយការណ៍​ថ្មី​ថា ក្មេង​ម៉ាឡេស៊ី​ចំនួន​៨​នាក់ ត្រូវបាន​គេ​បង្វឹក​ដើម្បី​ក្លាយជា​សកម្មប្រយុទ្ធ​រប​ស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh)​។ កន្លងមក​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​អះអាង​ប្រជាជន​ខ្លួន​ជាច្រើន​នាក់​បាន​លួច​ឆ្លងដែន​ទៅធ្វើ​សង្គ្រាម​សាសនា​នៅ​មជ្ឈិមបូព៌ា​។

​ក្មេងៗ​ជនជាតិ​ម៉ាឡេស៊ី​ប្រហែល ៨​នាក់​បានទទួល​ការហ្វឹកហ្វឺន​ផ្នែក​យោធា​ពី​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ មុននឹង​ចាប់​ផ្តើមចេញ​ប្រយុទ្ធ​នៅពេល​ខាងមុខ​។ នេះ​បើតាម​របាយការណ៍​ចារកម្ម​ម៉ាឡេស៊ី ដែល​ទើប​ត្រូវគេ​បញ្ចេញ​នៅ​ថ្ងៃ​អង្គារ​ទី ១២ ម្សិលមិញ​នេះ​ក្នុង​វេទិការ​សន្និសីទ​សារព័ត៌​មាននៅ​កណ្តាល​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ 
 
​ប្រធាន​គណកម្មការ​ពិសេស​ទទួលបន្ទុក​ចារកម្ម​លោក Mohamad Fuzi Harun បាន​បញ្ជាក់ថា​ការស៊ើបអង្កេត​ពាក់ព័ន្ធ​បញ្ហា​នេះ​កំពុង​បន្ត​ដើម្បី​ចូល​ឲ្យ​កាន់តែ​ស៊ីជម្រៅ  ជាពិសេស​ដើម្បី​ស្វែងយល់​ពី​ជំរំ​ដែល​គេ​ជឿជាក់ថា​ជាទី​តាំង​ស្ថិតនៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។ ហើយ​ក្មេងៗ​ម៉ាឡេស៊ី​នោះ​កំពុងស្ថិត​ក្នុង​ជំរំ​នោះ​។ 
 
​លោក​ថា​៖ «​ក្មេង​ទាំងនោះ​ត្រូវបាន​ឪពុកម្តាយ​របស់​ពួកគេ​នាំ​កាន់​តំបន់​មាន​សង្គ្រាម ហើយ​ឪពុកម្តាយ​ទាំងនោះ​ចិញ្ចឹម​ក្មេង​ដើម្បី​ឲ្យ​ពួកគេ​ចេញ​ប្រយុទ្ធ​ជាមួយ​ក្រុមដែ​ស្ហ​នៅពេល​ធំ​ឡើង​»។ ប៉ុន្តែ ទោះ​មានការ​បកស្រាយ​ជុំវិញ​ការនាំ​ក្មេង​ទៅ​បង្វឹក​ឲ្យ​កា្ល​យ​ជា​ភេរ​វករ​នេះ​ក៏ដោយ ក៏​គេ​មិន​បញ្ជាក់​ច្បាស់​ថា ក្មេង​ទាំងនោះ​មាន​វ័យ​ប៉ុន្មាន​ខ្លះ​ឡើយ​។​
 
​ត្រលប់​មកវិញ មន្ត្រី​ម៉ាឡេស៊ី​ខាងលើ​ក៏បាន​បង្ហើប​ផងដែរ​ថា ប្រជាជន​ម៉ាឡេស៊ី​បច្ចុប្បន្ន​ប្រហែល ៤៧​នាក់​បានរ​ត់ទៅ​ចូលរួម​ចលនា​ក្រុម​ដែ​ស្ហ ក្នុងនោះ​មាន ១២​នាក់​ជា​ស្ត្រី​ផង​។ ហើយ​អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​ប្រឹងប្រែង​ដើម្បី​នាំយក​ពួកគេ​មក​ផ្ទះសម្បែង​វិញ​ផងដែរ​។ ប៉ុន្តែ​ជានិច្ច​ជា​កាល​ពួកគេ​បាន​បដិសេធ​ការនាំ​ពួកគេ​ត្រលប់​មកវិញ​។ ប្រជាជន​ទាំងនោះ​ភាគច្រើន​មាន​គោលបំណង​តែមួយគត់​គឺ ប្រយុទ្ធ​និង​ស្លាប់​ក្នុងនាម​ជា​អ្នកការពារ​សាសនា​។ 
 
​កាលពី​ខែ​មុន ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​ព្រមាន​ផងដែរ​ថា ក្មេងៗ ជា​យុវជន​ចំនួន​២​នាក់​បានទទួល​កា​រប​ង្វឹ​ក​ឲ្យ​ក្លាយជា​ក្រុម​ភេរ​ជន​ជំនាន់​ក្រោយ​នៅ​បរទេស ហើយ​គេ​ធ្លាប់​ឃើញ​ខ្សែរ​អាត់​វីដេអូ​មួយ​បានបង្ហាញ​ច្បាស់​ថា​ពួកគេ​បាន​ហ្វឹកហាត់​ជំនាញ​យោធា និង​បាន​ស្បថ​បង្ហាញ​ភក្តីភាព​ចំពោះ​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​រួចទៅហើយ​។ ​ក្រៅពី​បារម្ភ​រឿង​ការនាំ​ក្មេង​ទៅ​បង្វឹក​នៅ​បរទេស អាជ្ញាធរ​ម៉ាឡេស៊ី​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ផងដែរ ព្រោះ​ជំរំ​បង្វឹក​ក្មេង​ឲ្យ​ទៅជា​ភេរវជន​ដូចគ្នានេះ​អាច​នឹង​មាននៅ​ម៉ាឡេស៊ី​ថែមទៀត បើ​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ​៕
 

Tag:
 ក្រុម​​រដ្ឋ​ឥស្លាម
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com