អន្តរជាតិ
បុរស​ដូរ​ភេទ​បន្ត​ចំណាយលុយ​ថែមទៀត​ដើម្បី​ឲ្យ​បាន​មុខមាត់​ស្អាត​
13, Jan 2016 , 11:20 am        
រូបភាព
ដោយ: ធីតា
ការផ្លាស់ប្តូរ​មុខមាត់​រាងកាយ ហាក់ដូចជា​ពិបាក​ខ្លាំងណាស់ ប៉ុន្តែ Fulvia Pellegrino បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​ដែល​បាន​ប្តូរ​ភេទ​ទៅជា​នារី ត្រៀម​ចំណាយលុយ​ដ៏​ច្រើនសន្ធឹក​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​។ ឈានដល់​វ័យ​៥៦​ឆ្នាំ Fulvia បាន​ចំណាយ​ប្រា​ក់ជាង​៧៥០០០​ដុល្លារ​រួចហើយ​ក្នុងការ​វះកាត់​ប្តូរ​រូបរាង​ខ្លួន​ទៅជា​មនុស្ស​ស្រី ក្រោម​ការគាំទ្រ​ពី​សំណាក់​ភរិយា​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ Non Stop Zapping ។​

 
«​ខ្ញុំ​មិនទាន់​ពេញចិត្ត​ជាមួយនឹង​ខ្លួនប្រាណ​របស់ខ្ញុំ​នាពេល​បច្ចុប្បន្ន​នេះឡើយ ពីព្រោះ​វា​មិនទាន់​ស្អាត​ឥតខ្ចោះ​»​។ Fulvia Pellegrino បានបញ្ជាក់​យ៉ាង​ដូច្នោះ ហើយ​គេ​បាន​អះអាងថា ត្រៀម​ចំណាយលុយ​សន្ធឹកសន្ធាប់​ដើម្បី​ទទួល​ខ្លួនប្រាណ​សក្តិសម​ជាង​នេះ ក្នុង​ភាពជា​ស្ត្រី​។​
 
​ជា​ជំហាន​ដំបូង Fulvia បាន​ចំណាយ​ប្រា​ក់ជាង​៧៥០០០​ដុល្លារ​រួចហើយ​ក្នុងការ​វះកាត់​ភ្លៅ ដើមទ្រូង និង​ការចាក់​មាត់ បបូរមាត់​ជាដើម​។ បុរស​ប្តូរ​ភេទ​រូបនេះ បាន​បញ្ជាក់ថា ខ្លួន​ចង់បាន​រូបរាង​ដូច Allanah Starr ដែលជា​តារា​សម្តែង​ភាពយន្ត​អាសអាភាស​ម្នាក់​ដ៏​ស្រស់ស្អាត បន្ទាប់ពី​បាន​ប្តូរ​ភេទ​ទៅជា​នារី​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បំណង​របស់ Fulvia ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកស្រី Marisa ដែលជា​ភរិយា ដោយ​អ្នក​ទាំងពីរ​សុខចិត្ត​បន្ត​រស់នៅ​ជាមួយ​ដូចជា​បងប្អូន​ស្រី​ទៅវិញ​។ «​ខ្ញុំ​បានកើត​ក្នុង​គ្រួសារ​មួយ​ដែល​មិនសូវមាន​ការបើកចំហ​រ ពោលគឺ​ប្រពៃណី និង​សាសនានិយម​។ ខ្ញុំ​មិនអាច​ប្រាប់​ឪពុក​របស់ខ្ញុំ​នោះឡើយ គាត់​មានកូន​ប្រុស​៣​នាក់​ទាំង​រូបខ្ញុំ​»​។ នេះ​បើ​យោងតាម​សម្តី​របស់ Fulvia ដែល​ដកស្រង់​ដោយ The Mirror ។​
 
Fulvia បាន​អះអាង​បន្ថែមថា រូបគេ​មាន​អារម្មណ៍​ចង់​ប្តូរ​ភេទ​តាំងពី​អាយុ​១៥​ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ដោយ​គ្មាន​ការគាំទ្រ​ពី​គ្រួសារ​ទើប​គេ​បង្ខំចិត្ត​លាក់​ពី​គោលបំណង​នេះ រហូតដល់​រៀបការ​។ ជាង​១០​ឆ្នាំ​កន្លងមកនេះ Fulvia បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​កែប្រែ​ខ្លួន​ឲ្យ​ទៅជា​មនុស្ស​ស្រី​ពេញលក្ខណៈ ហើយ​បើទោះបីជា​ឪពុក​របស់គេ ជំរុញ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​ក៏ដោយ​។​
 
​ជន​ប្តូរ​ភេទ​រូបនេះ បាន​អះអាងថា​៖ «​នៅពេល​ឪពុក​ខ្ញុំ​ស្លាប់ សាច់ញាតិ​ជាច្រើន​បាន​រារាំង​ខ្ញុំ​មិន​ឲ្យ​ទៅ​បុណ្យសព ដោយសារតែ​ពួកគេ​គិតថា​ខ្ញុំ​ផ្តល់​ភាព​អា​មាស​ដល់​គ្រួសារ លើកលែងតែ​បងប្រុស​ខ្ញុំ​ទាំងពីរ​ប៉ុណ្ណោះ​ដែល​ទទួលយក​ខ្ញុំ​។ បច្ចុប្បន្ន​អ្វីដែល​អាច​ដំណើរការ​ទៅមុខ គឺ​ដោយសារតែ​មានការ​ជ្រោមជ្រែង​ពី​ភរិយា​ខ្ញុំ គិត​យល់​អារម្មណ៍​ខ្ញុំ​ណាស់​»៕
 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com