ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​តៃវ៉ាន់​
13, Jan 2016 , 4:30 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​២​រូប​របស់​កម្ពុជា កំពុង​ផ្តើម​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​នៅ​តៃវ៉ាន់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៧​ខែមករា​នេះ​។ តៃវ៉ាន់​នឹង​រៀបចំ​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​មករា​នេះ​។



​លោក កែវ ភិរម្យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា កឹម មនោ​វិទ្យា អគ្គនាយិការ​រង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សមាជិក​នៃ​ប្រតិភូ​សង្កេតការណ៍​បោះឆ្នោត​នៅ​តៃវ៉ាន់​។ បេសកកម្ម​នៃ​ការសង្កេត​ការណ៍ ដែល​រួមមាន​វត្តមាន​មន្ត្រី​គណបក្សប្រឆាំង​របស់​ក​ម្ពុ​ជា​នេះ ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​ក្រុមប្រឹក្សា​នៃ​អ្នកប្រជាធិបតេយ្យ និង​អ្នក​សេរីនិយម​នៅ​អាស៊ី (CALD) និង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​(DPP) ដែលជា​គណបក្សប្រឆាំង​នៅ​តៃវ៉ាន់ ។​

​កញ្ញា កឹម មនោ​វិទ្យា ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការសង្កេត​ការណ៍​នេះ​មាន​សារៈសំខាន់​ចំពោះ​កញ្ញា​ក្នុងនាម​ជា​សមាជិក​គណបក្សប្រឆាំង​។ កូនស្រី​ច្បង​របស់លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​កម្ពុជា បាន​ពន្យល់​បន្ថែមថា​៖«​កម្ពុជា​នឹង​រៀបចំ ការបោះឆ្នោត​ក្នុងពេល​ខាងមុខ​។ ក្នុងនាម​គណបក្សប្រឆាំង យើង​ចាប់អារម្មណ៍​រៀនសូត្រ​អំពី​របៀប​ធ្វើ​ការងារ​របស់​គណបក្ស​ប្រឆាំង​នានា​នៅក្នុង​តំបន់ ដើម្បី​ឈានទៅរក​ជ័យជម្នះ​នោះ​»​។​

​កញ្ញា កឹម មនោ​វិទ្យា ដែល​បាន​តាមដាន​ការបោះឆ្នោត​នៅ​តៃវ៉ាន់​នោះ បាន​បញ្ជាក់ថា គណបក្សប្រឆាំង​នៅ​តៃវ៉ាន់ (DPP) ត្រូវបាន​រំពឹងថា​នឹង​ទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​លើក​ទី​១៤ នៅ​ចុង​សប្តាហ៍​នេះ​៕


Tag:
 កឹម មនោ​វិទ្យា
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com