អន្តរជាតិ
ប្រេង​ធ្លាក់ចុះ​នៅក្រោម​៣០$​ក្នុង​មួយ​បារ៉ែល​ខណៈ OPEC គ្រោង​កោះប្រជុំ​បន្ទាន់​
13, Jan 2016 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​នៅក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៣ មក ។ ហើយ​តម្លៃ​ប្រេង​ឆៅ​នេះ​បានចាប់ផ្ដើម​ប្រែប្រួល​ខ្លាំង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​មក​ម្លេះ ។ ជាការ​ឆ្លើយតប​នោះ OPEC នឹង​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​ការធ្លាក់​ថ្លៃ​នេះ ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​អាមេរិក CNBC ។



​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះមក​នៅក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​វា​ជាការ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លងមកនេះ ។ តម្លៃ​ប្រេង​ឆៅ បាន​ធ្លាក់​សឹងតែ​៧៥​ភាគរយ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយសារតែ​ការផ្គត់ផ្គង់​លើស​តម្រូវការ ។ ការធ្លាក់ចុះ​តម្លៃ​នេះ​បាន​បង្ក​ការព្រួយបារម្ភ​ជាខ្លាំង ក្នុងចំណោម​ប្រទេស​នាំចេញ​ប្រេង ដែលជា​សមាជិក​នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) ។​

​ប្រធាន​អង្គការ OPEC លោក Emmanuel Kachikwu និយាយថា ជាមួយ​ស្ថានភាព​បែបនេះ OPEC គួរតែ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ពិភាក្សា​លើ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ការធ្លាក់​ថ្លៃ​របស់​ប្រេង​ឆៅ ។ លោក Emmanuel Kachikwu ដែលជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ធនធាន​ប្រេង​របស់​នី​ហ្សេ​រី​យ៉ា​ផង​នោះ លើក​ជា​សំណើរ​នេះ ក្នុងពេល​លោក​ចូលរួម​កិច្ចប្រជុំ ស្ដីពី​ថាមពល​នៅ​ទីក្រុង អា​ប៊ូ ដា​ប៊ី ។ ចំណែក​ប្រធានបទ​វិញ គឺ​ប្រហែលជា​ស្វែងរក​ការស្នើសុំ​ណាមួយ​ទៅកាន់​អា​រ៉ា​ប៊ី សា​អូឌីត ឲ្យ​កាត់បន្ថយ​ការផលិត​របស់ខ្លួន ។ នេះ​ក៏​ដោយសារតែ​វា​នឹង​ជួយ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ ។​

​យ៉ាងណាក្ដី គំនិត​របស់លោក Emmanuel Kachikwu ដូចជា​មិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិក OPEC ទេ ។ អារ៉ាប់​រួម​អេ​មី​រ៉ា​ត (UAE) ដែលជា​សមាជិក​មួយរ​បស់ OPEC នោះ​មិន​ឯកភាព​លើ​សំណើ​កោះប្រជុំ​បន្ទាន់​ស្វែងរក​ដំណោះស្រាយ​នោះទេ ។ រដ្ឋមន្ត្រី​ថាមពល​របស់​ប្រទេស​នេះ Suhail bin Mohammed al-Mazroui បញ្ជាក់ថា យុទ្ធសាស្ត្រ​របស់ OPEC សព្វថ្ងៃ​គឺ​កំពុងតែ​ដំណើរការ​ហើយ ។ ហើយ​យុទ្ធសាស្ត្រ​នេះ​គឺ​ត្រូវការ​ពេលវេលា ដែល​អាចមាន​រយៈពេល​មួយឆ្នាំ​ឬមួយ​ឆ្នាំកន្លះ​ទៀត ។

​យុទ្ធសាស្ត្រ​របស់ OPEC នៅពេល​បច្ចុប្បន្ននេះ គឺ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង​ឆៅ ដោយ​មិន​កាត់បន្ថយ​ការ​ផ្គត់​ផ្គង​នោះទេ ។​

​យ៉ាងណាមិញ កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ​ចេញ​ជា​រូបរាង ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​អា​រ៉ា​ប៊ី សា​អូឌីត ដែលជា​ប្រទេស​នាំចេញ​ប្រេង​ច្រើនជាងគេ​លើ​ពិភពលោក ។ តែ​វា​ច្បាស់​ណាស់​ថា អា​រ៉ា​ប៊ី សា​អូឌីត នៅតែ​ចចេស​រឹងរូស​មិន​ព្រម​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​របស់ខ្លួន​នោះទេ ៕ 


Tag:
 ​ប្រេង​ឆៅ​
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com