អន្តរជាតិ
រត់​១៧០០០​គីឡូម៉ែត្រ​ពី Vancouver ទៅ Buenos Aires ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​
16, Jan 2016 , 7:59 am        
រូបភាព
ដោយ: ធីតា
 
 
​លោក Jamie Ramsey ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ជីវិត ដោយ​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ប្រើពេល​១៧​ខែ ក្នុង​ការរត់​ពី​ទីក្រុង Vancouver ប្រទេស​កាណាដា ទៅកាន់​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​លើ​ចម្ងាយ​ផ្លូវ​១៧០០០​គីឡូម៉ែត្រ​។ គោលដៅ​របស់លោក​គឺ​ដើម្បី​រៃអង្គាស​ជួយ​ដល់​អង្គការ​ចំនួន​៣​ដែល​ធ្វើ​ការងារ​សប្បុរសធម៌​។​

 
​លោក Jamie Ramsey ដែលមាន​រហស្សនាម​ថា «British Forrest Gump» ដូចជា​តួអង្គ​នៅក្នុង​ភាពយន្ត​អាមេរិក «Forrest Gump» បាន​វិលត្រឡប់​ទៅកាន់​ទីក្រុង​ឡុង​ដ៍​វិញ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​បញ្ចប់​ការរត់​ចម្ងាយ​១៧០០០​គីឡូម៉ែត្រ​។​
 
​ចាប់ផ្តើម​ពី​ខែសីហា ឆ្នាំ​២០១៤ លោក Jamie បាន​រត់​ចាក​ចេញពី​ក្រុង Vancouver ប្រទេស​កាណាដា ឆ្ពោះទៅកាន់​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ដោយ​គោលបំណង​ដ៏​ធំ​បំផុត​របស់លោក គឺ​ដើម្បី​ស្វែងរក​មូលនិធិ​សប្បុរសធម៌​ជូន​ដល់​អង្គការ​ចំនួន​៣ ក្នុងនោះ​មាន CALM (Campaign Against Living Miserably) ដែល​ធ្វើ​ការងារ​ទប់ស្កាត់​ការធ្វើអត្តឃាត អង្គការ Macmillan Cancer ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក និង WaterAid ដែលមាន​ទិសដៅ​ពង្រីក​ប្រភព​ទឹកស្អាត​។​
 
​បុរស​ចិត្តធម៌​រូបនេះ បាន​ចំណាយពេល​សរុប​៤៧២​ថ្ងៃ ដោយ​រត់​ចេញពី​ក្រុង Vancouver ឆ្ពោះទៅកាន់​ក្រុង Buenos Aires​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Telegraph លោក Jamie បាន​ឆ្លងកាត់​ប្រទេស​ចំនួន​១៤ គោលដៅ​ចំនួន​៣៦៧​កន្លែង និង​ពី​អាមេរិក​ខាងជើង​ទៅ​អាមេរិក​ខាងត្បូង​។ លោក​បាន​បញ្ជាក់ថា​៖ «​រៀងរាល់ថ្ងៃ ខ្ញុំ​បាន​រត់​លើ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ដែល​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​ម៉ារ៉ាតុន​យ៉ាង​ដូច្នោះ​ដែរ​»​។​
 
​កាលពី​ឆ្នាំ​២០១៤ លោក Jamie បាន​និយាយ​នៅក្នុង​បទ​សម្ភាស​មួយ​ថា ការរត់​ចម្ងាយ​១៧០០០​គីឡូម៉ែត្រ​ដើម្បី​សកម្មភាព​សប្បុរសធម៌​នេះ គឺជា​ក្តី​សុ​បិ​ន្ត​របស់លោក​តាំងពី​អាយុ​១២​ឆ្នាំ​មកម្ល៉េះ​។ នៅក្នុង​ការរត់​ដែលមាន​ការគាំទ្រ​ពី​ឪពុកម្តាយ​ផងដែរ​នោះ Jamie បាន​ប្រើប្រាស់​ស្បែកជើង​យ៉ាងហោចណាស់​១៧​គូ ហើយ​ស្បែកជើង​ទាំងនោះ សុទ្ធ​តែមាន​សភាព​ដាច់ដោច​។​
 
​ដំណើរ​ផ្សងព្រេង​នេះ នាំ​ឲ្យ​លោក​បាត់បង់​ការងារ​ផងដែរ ប៉ុន្តែ​លោក​មិនមាន​ការសោកស្តាយ​នោះឡើយ ហើយ​ចងចាំ​ពាក្យ​ម្តាយ​ជានិច្ច​ដែលថា «​ជីវិត​ដូចជា​ប្រអប់​សូកូឡា យើង​មិនដឹងថា​ធ្លាក់ចុះ​នៅពេលណា​នោះឡើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com