អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ព្រោះ​បោះឆ្នោត​នៅ​តៃវ៉ាន់​
16, Jan 2016 , 2:59 pm        
រូបភាព
​នៅ​ថ្ងៃ​សៅរ៍​នេះ​ប្រជាជន​តៃវ៉ាន់​ព្រោងព្រាត​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​និង​ប្រធានាធិបតី​ថ្មី​របស់ខ្លួន​។ ឯ​ក្រុង​ប៉េកាំង ​ឯណោះ​វិញ​កំពុង​ទន្ទឹងរង់ចាំ​មើល​លទ្ធផល​ទាំង​អន្ទះសារ​ព្រោះ​បក្សប្រឆាំង​មានប្រៀប​ជាង​បក្ស​កាន់អំណាច​គូ​មីង​តាំង​បច្ចុប្បន្ន​។​


 
​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​សៅរ៍​នេះហើយ​ដើម្បីឈានទៅ​រើស​មេដឹកនាំ​ថ្មី​។ គណបក្សកាន់អំណាច​គូ​មីង​តាំង​ហាក់បីដូចជា​ធ្លាក់​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​លើក​នេះ ខណៈដែល​គណបក្សប្រឆាំង​ប្រជាធិបតេយ្យ​ជឿ​នលឿន​អាច​នឹងមាន​លទ្ធភាព​កាន់កាប់​អាសនៈ​ច្រើន​និង​អាច​ដណ្តើម​កៅអី​ប្រ​ធានា​ធិប​តី​បាន​ទៀត​។​
 
​ការប្រណាំង​ប្រជែង​រក​សំឡេងឆ្នោត​នៅ​តៃវ៉ាន់​នេះ បានធ្វើ​ឲ្យ​មហា​យក្ស​ចិន​ដែល​តែង​អះអាងថា តៃវ៉ាន់​ជា​កោះ​របស់ខ្លួន​នោះ ដេក​មិន​លក់​បក់​មិន​ល្ហើយ​សោះ​។ បើ​បក្សប្រឆាំង​ឈ្នះឆ្នោត វា​ប្រាកដ​ហើយ​ថា នយោបាយ​ការបរទេស​ក្រុង​តៃប៉ិ​ក​ក៏​នឹង​ផ្លាស់ប្តូ​រដែរ​។ ចំណែក​សហរដ្ឋអាមេរិក​ដែល​ជាសម្ព័ន្ធមិត្ត​តៃវ៉ាន់ បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ដែរ​ជុំវិញ​អនាគត​នៃ​ទំនាក់ទំនង​តៃវ៉ាន់និងចិន នៅក្រោយ​ការបោះឆ្នោត​។​
 
​ទាក់ទិន​បញ្ហា​តៃវ៉ាន់​ដែរ កាលពី​ចុង​ឆ្នាំមុន រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ជា​ចុងក្រោយ​ដោយ​លក់​អាវុធ​ក្នុងតម្លៃ ១.៨៣​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ ដោយ​មិន​ស្តាប់​សំឡេង​ជំទាស់​របស់​ចិន  ហើយ​ចិនក៏​ក្តៅក្រហាយ​ខ្លាំង​មិនតិច​ដែរ​។​
 
​គេ​រំពឹងថា​ប្រធាន​បក្សប្រឆាំង​លោកស្រី Tsai Ing-wen អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ឈានទៅ​កាន់កាប់​តំណែង​ខ្ពស់បំផុត តែ​ស្មុគស្មាញ​និង​គ្រោះថ្នាក់​បំផុត​​។​នោះ​គឺ​តំណែង​ប្រធានាធិបតី​នេះឯង​។ នេះ​ក៏​ដោយសារ​ការសម្រេចចិត្ត​ណាមួយ​លើ​គោលនយោបាយ​ការបរទេសតៃវ៉ាន់ដែល​ប្រឆាំង​ចិន អាច​បណ្តាល​ឲ្យ​បញ្ហា​ធំ​កើតឡើង​។ ដូច​ឃើញស្រាប់​ហើយ ចិន​ដំឡើង​កាំជ្រួច​មី​ស៊ី​ល​រាប់រយ​ដើម​តម្រង់​មក​កោះ​តៃវ៉ាន់ ចាប់តាំងពី​រដ្ឋាភិបាល​ជាតិនិយម​បក្ស​គូ​មីង​តាំង​ចាញ់​សង្គ្រាម​ប្រឆាំង​ទ័ព​កុម្មុយនីស្ត​លោក ម៉ៅ​សេទុង​ម្ល៉េះ​។​
 
បើ​លោកស្រី Tsai ​ជាប់ឆ្នោត​មែន​លោកស្រី​ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​ស្រី្ត​ទីមួយ​នៅ​តៃវ៉ាន់​ដែរ​។ ប៉ុន្តែ​លោកស្រី​ហាក់បីដូចជា​កំពុង​ផ្សងគ្រោះថ្នាក់​ដោយ​បង្ហាញ​ជំហរ​និង​នយោបាយ​ប្រឆាំង​ចិន​ឥត​លាក់លៀម​។ តាម​ស្ថានភាព​ជាក់ស្តែង លោកស្រី​មាន​មហិច្ឆតា​ចង់​ប្រកាស​ឯករាជ្យ​ដាច់​ណាត់​ពី​ចិន និង​ផ្លាស់ប្តូរ​ចំណង​ការទូត​ល្អជា​មួយ​ចិន​ដែល​ប្រធានាធិបតី​តៃវ៉ាន់​ជិត​ផុត​អាណត្តិ​ខំប្រឹង​សាង​មក​ផង​។​
 
​ប៉ុន្តែ​ស្ថានភាព​គ្រោះថ្នាក់​សម្រាប់​តៃវ៉ាន់ បើ​រដ្ឋាភិបាល​ថ្មី​ហ៊ាន​អនុវត្ត​គោលនយោបាយ​ប្រឆាំង​ប្រយោជន៍​ចិន ព្រោះថា ក្រោម​ការដឹកនាំ​របស់​លោក ស៊ី ជិន​ពីង ចិន​កាន់តែ​ឡើង​ឬ​ទ្ធិ​និង​កោងកាច​ខ្លាំង​។ រដ្ឋបាល​លោក ស៊ី ជិន​ពីង ប្រឹងប្រែង​អនុវត្ត​គោលនយោបាយ​ទំនើបកម្ម​យោធា ដើម្បី​ពង្រឹង​អំណាច​និង​ឥទ្ធិពល​យោធា​របស់​ចិន​។ ចិន​ប្រហែលជា​នឹងមិន​ខ្លាច​ប្រើប្រាស់​កម្លាំង​ប្រឆាំង​តៃវ៉ាន់​ឡើយ​។

ម្យ៉ាងទៀត មិន​ត្រឹមតែ​រង​ការគំរាមកំហែង​ផ្នែក​យោធា​ប៉ុណ្ណោះ​ទេ តៃវ៉ាន់​ក៏​នឹង​ជួប​​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផងដែរ បើសិនជា​ហ៊ាន​ធ្វើ​ឲ្យ​ចិន​ខឹង​។ កុំភ្លេចថា តៃវ៉ាន់​បច្ចុប្បន្នកំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ស្រាប់ ហើយប្រទេស​នេះក៏​ពឹង​ផ្អែកខ្លាំងលើ​ការនាំចេញ​និង​វិនិយោគ​ខាងក្រៅដែរ​។ តៃវ៉ាន់​មិនអាច​ភ្លេច​ទេ​ថា ចិន​ជាទី​ផ្សារ​ដ៏ធំ​សម្រាប់​ផលិតផល​ខ្លួន ហើយ​ចិន​ក៏​ជា​ទិសដៅ​វិនិយោគ​សំខាន់​របស់​តៃវ៉ាន់​ដូចគ្នា​ដែរ​។   
 
​បើ​ងា​កមក​មើល​បក្ស​កាន់អំណាច​វិញ​ម្តង លោក Eric Chu ប្រធាន​បក្ស​គូ​មីង​តាំង​ទំនងជា​មិនអាច​មាន​វាសនា​កាន់តំណែង​ប្រធានាធិបតី​ទេ​។ គណបក្ស​គូ​មីង​តាំង ធ្លាក់​ប្រជាប្រិយភាព​ដោយសារ​គោលនយោបាយរ​ណ​ប​ចិនដីគោក ហើយ​ប្រជាជន​តៃវ៉ាន់​ខ្លាច​ថា ការ​ស្អិតល្មួត​នេះ​អាច​នឹង​នាំ​ឲ្យ​មានការ​រួបរួមគ្នា​ជាមួយ​ចិន​វិញ​ដែរ​។ ជំនួប​រវាង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ជាមួយ​លោក Ma Ying-jeou កាលពី​ចុង​ឆ្នាំមុន ​បង្ហាញ​យ៉ាងច្បាស់​ពី​គោលនយោបាយ​រដ្ឋាភិបាល​តៃវ៉ាន់​ចំពោះ​ចិន ហើយ​វា​ក៏​ជា​ក្តីបារម្ភ​របស់​ប្រជាជន​តៃវ៉ាន់​និង​បក្សប្រឆាំង​ដែរ​។ ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​វិញ បក្ស​កាន់អំណាច​នេះ​ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​តៃវ៉ាន់​កំពុង​ប្រឈម​បច្ចុប្បន្ន​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com