អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ចន ឃឺរីមកទស្សនកិច្ចកម្ពុជា មុនទៅជជែករឿងនុយក្លេ​អ៊ែរកូរ៉េខាងជើងជាមួយចិន
16, Jan 2016 , 5:39 pm        
រូបភាព
 ប្រមុខ​ការទូត​អាមេរិក ច​ន ឃឺ​រីនឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ ២៦​ខែមករា​ខាងមុខ​។ លោក ​ឃឺ​រី នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន និងសមភាគីលោករដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ហោ ណាំហុង ជុំវិញ​កិច្ចប្រជុំ​ពិសេស​អាមេរិក​-​អាស៊ាន​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​កាលី​ហ្វ​រ​នីញ៉ា​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ​។ 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​អាមេរិក​ចេញ​នៅ​ថ្ងៃ​សុក្រ​ទី​១៥​មករា ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ ២៦ មករា​ខាងមុខនេះ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​នឹង​ចូលជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក ដែល​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទឹកដី​កាលី​ហ្វ​រ​នីញ៉ា សហរដ្ឋអាមេរិក​នៅ​ថ្ងៃ ១៥ ដល់​ថ្ងៃ ១៦ កុម្ភៈ​ខាងមុខនេះ​។​
 
​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​រៀបចំឡើង​ដើម្បី​រឹតបន្តឹង​ចំណង​ការទូត​និង​មិត្តភាព​រវាង​អាមេរិក​និង​អាស៊ាន ក្រោយពេល​ភាគី​ទាំងពីរ​សម្រេច​ដំឡើង​កម្រិត​ការទូត​ដល់ដៃ​គូ​យុទ្ធសាស្ត្រ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ចុងឆ្នាំ​មុន​។ ហើយ​កាលនោះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ដាក់សំណើរ​សុំ​រៀបចំ​កិច្ចប្រជុំ​អាមេរិក និង​មេដឹកនាំ​អាស៊ាន​ទាំង​នៅ​អាមេរិក​ផងដែរ មុនពេល​លោក​ចប់​អាណត្តិ​។ 
 
​យ៉ាងណាក៏ដោយ ទស្សនកិច្ច​របស់លោក ឃឺ​រី មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ កើតឡើង​ក្នុងពេលដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចេញ​រូបរាង​និង​ពេលដែល​ឡាវ​ក្លាយជា​ប្រធាន​អាស៊ាន​ផង​។ ម្យ៉ាងវិញទៀត ទស្សនកិច្ច​នេះ​កើតឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល មុន​មកដល់​កម្ពុជា លោក ឃឺ​រី អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រ​ទេ​សស្វី​ស អា​រ៉ា​ប៊ី​សា​អូឌីត និង​ឡាវ​។ ហើយ​បន្ទាប់ពី​ចាក​ចេញពី​កម្ពុជា​លោក នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន និង​ស្វះ​ស្វែងរក​អន្តរាគមន៍​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផង​។ ចិន​បានប្រកាសថា​ខ្លួន​នឹង​សហការ​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​នុយ​ក្ល​អ៊ែរ​កូរ៉េខាងជើង​ផងដែរ​កន្លងមក​។​
 
​ចំណែកក្នុង​ទស្សនកិច្ច​របស់លោក នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ លោក ឃឺ​រី ប្រហែលជា​នឹង​ជជែក​ជាមួយ​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត ពី​បញ្ហា​ជម្លោះ​ការទូត​ជាមួយ​អ៊ីរ៉ង់​ផង​។ នេះ​ក៏ដោយ​សារ​បញ្ហា​ជម្លោះ​នេះ បង្ក​ផលប៉ះពាល់​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ស៊ី​រី​ផងដែរ​៕
 
 

Tag:
 ចន ឃឺរី
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com