ជាតិ
ហេតុអ្វី​សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវ​ធ្វើជា​ភាសា​អង់គ្លេស ?
17, Jan 2016 , 10:09 am        
រូបភាព
 
​ជាគោលការណ៍ សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវ​ប្រព្រឹត្ត​ទៅជា​ភាសា​អង់គ្លេស ប៉ុន្តែ​វាគ្មិន​ក៏​អាច​ជ្រើសរើស​និយាយ​ជា​ភាសា​ខ្មែរ ឬ​ភាសា​ផ្សេង​ក៏បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ ស្រេង អភិបាល​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក និង​ជានា​យក idp Education ដែលជា​អ្នករៀបចំ​សន្និបាត​នេះ​។ គេ​អាច​ចុះឈ្មោះ​ចូលរួម​វេទិកា​អន្តរជាតិ​នេះ​តាមរយៈ​គេហទំព័រ www.cambodiaGA.org 


 
​នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​កម្ពុជា​ដោយមាន​វត្តមាន​បញ្ញវន្ត និង​ឥស្សរជន​ខ្មែរ និង​បរទេស​ចូលរួម​។ វាគ្មិន​ជាតិ និង​អន្តរជាតិ​ជាង​៦០​រូប នឹង​ចែករំលែក​ទ្រឹស្តី និង​ពិសោធន៍​ការងារ​ជាមួយ​អ្នកចូលរួម​យ៉ាងហោចណាស់​៥០០​នាក់ នៅ​សណ្ឋាគារ Intercontinental នៅ​ថ្ងៃទី​២៩ និង​៣០​ខែមករា​នេះ​។ ព្រឹត្តិការណ៍​នេះ​នឹង​ដំណើរការ​ជា​ភាសា​អង់គ្លេស​។​
 
​លោក ម៉ៅ ស្រេង នាយក idp education បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រឹត្តិការណ៍​សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវ​រៀបចំ ជា​ភាសា​អង់គ្លេស​យ៉ាង​ដូច្នេះ​៖«​យើង​ត្រូវ​រៀបចំ​ជា​ភាសា​អង់គ្លេស​ពីព្រោះ​៖ ទីមួយ សន្និបាត​បញ្ញវន្ត​ពិភពលោក គឺជា​វេទិកា​អន្តរជាតិ​មួយ​។ ទី​ពីរ តាមរយៈ​វេទិកា​ជា​អន្តរជាតិ​នេះ វា​គឺជា​ភស្តុតាង​ដែល​បង្ហាញ​អំពី​ឧត្តមភាព​នៃ​គុណ​ភាពជា​អន្តរជាតិ​នៃ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​»​។​
 
​អ្នកចូលរួម​ជាង​៥០០​នាក់ និង​វាគ្មិន​ជាង​៦០​នាក់ ដែល​មកពី​រដ្ឋាភិបាល វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​ថ្នាក់​តំបន់ សង្គម​ស៊ីវិល ស្ថានទូត នឹង​ជជែក​អំពី​ការ​ប្រឈម និង​ការរីកចម្រើន​ក្នុង​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ដូចជា សុខភាព​សាធារណៈ អប់រំ អាជីវកម្ម ជំនាញ​វិជ្ជាជីវៈ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង ជាដើម​។​
 
​វេទិកា​នេះ ក៏​ជា​ឱកាស​នៃ​ការភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​អតីត​និស្សិត​ខ្មែរ​មកពី​បរទេស រវាង​និស្សិត និង​វិស័យ​ឯកជន​។ ក្រៅពី​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​កម្ពុជា វេទិកា​នេះ​ក៏​ជាទី​កន្លែង​នៃ​ការប្រមូលផ្តុំ​អតីត​និស្សិត​មកពី អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន បារាំង ។​ល​។​
 

Tag:
 idp
  ម៉ៅ ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com