បទវិភាគ
ផ្នត់គំនិត​សងសឹក គឺជា​ឫសគល់​នៃ​អស្ថិរភាព​សង្គម​ខ្មែរ​!
17, Jan 2016 , 8:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ កន្លងមក គេ​ធ្លាប់​បានឃើញ​ហើយ​អ្នកនយោបាយ​ខ្មែរ​ខ្លះ​កាប់សម្លាប់​គ្នា លាប​ពណ៌​គ្នា និង​ធ្វើ​ទុក​បុក​ម្នេញ គ្នា​ទៅវិញទៅមក ដែល​ធ្វើ​ប្រទេសជាតិ​ត្រូវបាន​បំផ្លាញ ហើយ​ប្រជាជន​ត្រួវ​រងទុក្ខវេទនា​ឈឺចាប់​រហូតមក​។ អ្នកឈ្នះ ត្រូវបាន​គេ​សរសេរ លើកជើង លន់តួរ អែបអប ដោយ​ម្នាក់ៗ​ចាត់ទុកថា ស្តេច ឯ​អ្នកចាញ់​វិញ គឺ​ត្រូវបាន​ប្រជាជន ឬ​អ្នកនយោបាយ​ទុច្ចរិត​លាប​ពណ៌ ថា​ជន​ក្បត់ជាតិ ឬ ចោរលួច​ជាតិ​ជាដើម ដែល​ផ្នត់គំនិត​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ មិនដែល​រស់នៅ​បាន​សុខ​ម្តងណា​ឡើយ​។


​អ្នកនយោបាយ​ខ្មែរ​កាលពី​អតីតកាល តែងតែ​ប្រើ​យុទ្ធសាស្ត្រ​លាប​ពណ៌ បំបែកបំបាក់ ទៅលើ​សត្រូវ​របស់ខ្លួន តាម​រូបមន្ត មុននឹង​ចង់ស៊ី​សាច់​ឆ្កែ មានតែ​លាប​ពណ៌​ថា​ឆ្កែ​នោះ​ជា​ឆ្កែឆ្កួត ទើប​ប្រជាជន​ដេញ​វាយ បាន​ឆ្កែ​មក​ស៊ី ។ រូបមន្ត​នេះ នៅតែ​ពេញនិយម​ចំពោះ​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​។ 
 
​មិនមែន​ទើបតែ​កើតឡើង​នោះទេ ប៉ុន្តែ វប្បធម៌​លាប​ពណ៌ មាន​តាំងពី​កម្ពុជា ដឹកនាំ​ដោយ​សែ​រាជវង្ស​មកម្ល៉េះ​។ ជម្លោះ​រវាង​សែ​រាជវង្ស​ខ្មែរ​យ៉ាង​ស៊ីសាច់ហុតឈាម​ជា​បន្តបន្ទាប់ នៅក្នុង​ប្រវត្តិសាស្ត្រ គឺ​កើតចេញពី​ការសង​សឹង លាប​ពណ៌ និង​យក​ចាញ់​យកឈ្នះ​។ កាលនោះ សែ​រាជវង្ស​បាន​ចោទ​គ្នា​ទៅវិញទៅមក ផ្តួលរំលំ​គ្នា កាប់សម្លាប់​គ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​រស់នៅ​ជាមួយ​សង្គ្រាម​ផ្ទៃក្នុង និង​រង​នូវ​ការភ័យខ្លាច​គ្រប់ពេលវេលា​។​
 
​អ្នកដឹកនាំ​ខ្មែរ​ខ្លះ គិតតែ​ពី​ឈ្លោះ​គ្នា ដោយ​គ្មាន​ខ្វល់​ពី​សុខទុក្ខ​រាស្ត្រ ធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ ធ្លាក់​ដុនដាប រហូត​ស្ទើរ​បាត់បង់​ដី​ពី​ផែនទី​ពិភពលោក​ទៀតផង​។ លើសពីនេះ ជម្លោះ​រវាង​អ្នកដឹកនាំ​ខ្មែរ​មួយចំនួន បានធ្វើ​ឲ្យ​ប្រទេស​ត្រូវ​គ្រប់គ្រង​ដោយ​អាណានិគម​ជាច្រើន​ប្រទេស ក្នុង​រួមមាន​៖ ថៃ វៀតណាម បារាំង និង​ជប៉ុន​។ ដោយសារតែ​ការពឹង​បរទេស បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព បាត់បង់​ទឹកដី និង ធនធានធម្មជាតិ​ជាច្រើន​ឥត​គណនា​។​
 
​ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣ កម្ពុជា​បានទទួល​សុខសន្តិភាព ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ពេលវេលា​ដកដង្ហើម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់    សម្តេច​សីហនុ ចេញពី​ប្រមុខរដ្ឋ​រួចមក កម្ពុជា​ក៏​ចាប់ផ្តើម​មាន​សង្គ្រាម​រវាង​ក្រុមខ្មែរក្រហម និង​ក្រុម​ទាហាន​របស់​រដ្ឋាភិបាល លោក លន់ នល់​។ 
 
​ក្រោយ​ខ្មែរក្រហម​ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៧៥ កម្ពុជា​ក្លាយជា​វាលពិឃាត ដែល​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រហែល​ជាង​២​លាន​នាក់ ក្រោម​ការ​លាប​ពណ៌​ជា CIA ឬ​KGB ជាដើម​។ ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ កងទ័ព​វៀតណាម ចូលមក​គ្រប់គ្រង​កម្ពុជា ក្រោម​ហេតុផល ជួយ​រំដោះ​កម្ពុជា​ចេញពី​សម័យ​អាវខ្មៅ​។ នៅពេលនោះ សង្គ្រាម​នៅតែ​បន្ត រវាង​ខ្មែរ​នៅតាម​ព្រំដែន កងទ័ព​ខ្មែរក្រហម និង​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​។ បន្ទាប់មក កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​១៩៩១ បាន​ពន្លត់​សង្គ្រាម​នៅ​កម្ពុជា​បាន​មួយ​រយៈពេល​។ កម្ពុជា​មានការ​បោះឆ្នោត ដែល​ប្រជាជន​សង្ឃឹមថា បានរស់នៅ​ដោយ​សុខសាន្ត​ហើយ​។ តែមាន​អ៊ីចឹង​ឯណា ក្រោយ​ការបោះឆ្នោត ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ កម្ពុ​ជាមាន​នាយករដ្ឋមន្ត្រី​ចំនួន​ពីររូប ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​មួយ​ចំអិន​កំពឹស​នៅ​ឆ្នាំ​១៩៩៧ រវាង កងទ័ព​គាំទ្រ​នាយករដ្ឋមន្ត្រី​ទី​១ និង​ទី​២ ដែល​ធ្វើ​ឲ្យ​ជីវិត​ទាហាន​ខ្មែរ​ស្លាប់​បន្តទៀត​។ 
 
​សង្គ្រាមស៊ីវិល​ឥតឈប់ឈ​រ បានកើត​ឡើង​ពី​គំនុំគំកួន​របស់​អ្នកនយោបាយ​ខ្មែរ​មួយចំនួន និង​ការ​អុចអាល​ពី​បរទេស​។ លើសពីនេះ ការ​លាប​ពណ៌ រវាង​គូរ​បក្ខ​ដិ​បក្ខ បានធ្វើ​អ្នកចាញ់​រស់នៅ​មិនបាន​សុខ ឯ​អ្នកឈ្នះ ចង់តែ​កំទេច​អ្នកចាញ់ តាមរយៈ​ទ្រឹស្តី «​ជីក​ស្មៅ ត្រូវ​ជីក​ទាំង​ឬ​ស​»​។ ជម្លោះ​បង្ហូរឈាម រវាង​ខ្មែរ និង​ខ្មែរ បានធ្វើ​រាស្ត្រ​យំសោក បែកបាក់ ព្រាត់ប្រាស់ ស្លាប់ របួស ពិការ និង​រង​ការឈឺចាប់ ដោយសារតែ​សង្គ្រាម​ផ្ទៃក្នុង ហើយ​ធ្វើ​ទឹកដី​ខ្មែរ​កាន់តែ​រួញ​តូច និង​ត្រូវ​ប្រទេសជិតខាង​មើលងាយ ព្រមទាំង​ឈ្លានពាន​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​។ 
 
​មកដល់​បច្ចុប្បន្ននេះ  អ្នកនយោបាយ​ខ្មែរ​មួយចំនួន​នៅតែ​ប្រកាន់​ទស្សនៈ អ្នកឈ្នះ​ជា​«​ស្តេច​»​អ្នកចាញ់​ជា​«​ចោរ​» ដដែល​។ សមាជិក​គណបក្សប្រឆាំង​មួយចំនួន បាន​ប្រើពាក្យ អា​យួន ឬ​អាយ៉ងយួន ជាដើម ដើម្បី​លាប​ពណ៌​ទៅ​គណបក្សកាន់អំណាច​។ ឯ​សមាជិក​បក្ស​កាន់អំណាច​មួយចំនួន​វិញ បាន​ប្រើពាក្យ អា​ពួក​ប្រឆាំង ឬ​ក្រុម​អគតិ នៅពេល​នរណាម្នាក់ ឬ ក្រុម​ណាមួយ​ធ្វើ​សកម្មភាព​អ្វីដែល​ប្រឆាំងនឹង​ខ្លួន​។ លើសពីនេះ បក្ស​កាន់អំណាច​ពេលខ្លះ​ព្យាយាម​រំខាន​សុខដុម​រម្យ​នីយកម្ម​នៃ​គណបក្សប្រឆាំង​។ ឯ​អ្នកប្រឆាំង​ព្យាយាម ប្រើ​វិធី​គ្រប់បែបយ៉ាង ដើម្បី​ឈាន​ទៅយក​អំណាច បើទោះបីជា​វិធី​នោះ ប៉ះពាល់​ដល់​អាយុជីវិត​រាស្ត្រ​ក៏ដោយ​។ 
 
​ផ្នត់គំនិត អ្នកឈ្នះ​ជា​ស្តេច អ្នកចាញ់​ជា​ចោរ ធ្វើ​ឲ្យ​ខ្មែរ​មិនបាន​សុខ​នោះទេ ពីព្រោះ​អ្នកចាញ់ ដោយសារ​ខ្លាច​អ្នកឈ្នះ​កំទេច​ខ្លួន ពួកគេ​បាន​ពលី​ជីវិត​តស៊ូ​ប្រយុទ្ធ​លុះ​ជីវិតចុងក្រោយ​។ មិន​ខុសពី​ឃ្លា​មួយ​ថា  «​មនុស្ស​ដេញ​ឆ្កែ​ទាល់ច្រក វា​នឹង​បក​មក​ខាំ​មនុស្ស​វិញ​»​។ ភាពភ័យខ្លាច​នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកចាញ់​ព្យាយាម​ប្រមូល​កម្លាំង​ប្រឆាំង​អ្នកឈ្នះ បើទោះបី​ត្រូវ​ប្រើ​វិធី​បែបណាក៏ដោយ​។ ចំណែក ឯ​អ្នកឈ្នះ បាន​ព្យាយាម​កំទេច ឬ​សគល់​អ្នក​ប្រឆាំងនឹង​ខ្លួន ដោយ​មិន​ទុក​ឲ្យ​អ្នកចាញ់​រស់នៅ​បាន​សុខ​ឡើយ​។ បញ្ហា​នេះ បានធ្វើ​ប្រទេស​កើត​ចលាចល ប្រជាជន​រស់នៅ ដោយ​ការភ័យខ្លាច ពីព្រោះ ដំរី​ឈ្លោះ​គ្នា ងាប់​តែ​ស្រមោច​។​
 
​ដូច្នេះ ផ្នត់គំនិត អ្នកឈ្នះ​ជា​ស្តេច អ្នកចាញ់​ជា​ចោរ និង​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​មោ​ច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី គួរ​ត្រូវ​បោះបង់ចោល​ហើយ ពីព្រោះ វា​មិនបាន​ចំណេញ​អ្វី​ដល់​ប្រជាជន និង​ប្រទេសជាតិ​នោះទេ គឺ​មានតែ​បំផ្លាញ​សុខ​ភ​មង្គល និង​សន្តិភាព​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ ។ 
 
​អ្នកនយោបាយ​ខ្មែរ​ដែល​ចាញ់ គួរ​ចេះ​ទទួលស្គាល់ និង​ចូលរួម​អភិវឌ្ឍន៍ រួមទាំង​ធ្វើ​ការងារ​របស់ខ្លួន​ក្នុងនាម​ជា​អ្នកតាមដាន និង​រិះគន់​ក្នុងន័យ​ជួយ​តម្រង់ផ្លូវ​រដ្ឋាភិបាល​កុំ​ឲ្យ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​។ ចំណែក អ្នកឈ្នះ ពួកគេ​គួរ​ល្មម​ឈប់​ចងកម្ម​ចងពារ​អ្នកប្រឆាំង ហើយ​ងាក​មក​ចាប់ដៃគ្នា ទទួល​យោបល់​អ្នកប្រឆាំង ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាការ​ប្រសើរ​ជាង​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com