ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកបោក​ប្រាស់ ហ៊ុន សែន បាន មិនទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ​!
18, Jan 2016 , 12:27 pm        
រូបភាព
ដោយ:
​ក្រោយពី​អាន​អត្ថបទ​របស់​កាសែត​ថៃ​ចុះផ្សាយ​ប្រសាសន៍​របស់​គ្រូទាយ​ថៃ ដែល​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្រោះ​ធំ បាក់ឆ្អឹង​ខ្នង និង​មេដឹកនាំ​បក្ស​នេះ ចង់​បោកប្រាស់​សម្តេច ហ៊ុន សែន នោះ ប្រមុខ​រដ្ឋាភិបាល បានបង្ហាញ​ការជឿជាក់​យ៉ាងខ្លាំង​លើ​ការ​ទស្សន៍ទាយ​នេះ​។


 
​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានសរសេរថា នាពេល​បច្ចុប្បន្ននេះ អ្នកបោក​ប្រាស់​លោក​បាន នៅ​មិនទាន់​កើត​នោះទេ​។ ការអះអាង​របស់លោក​នាយករដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ខ្លួន​បាន​អាន​អត្ថបទ​ទាក់ទង​នឹង​បញ្ហានយោបាយ​ខ្មែរ​របស់​កាសែត​ថៃ ដែល​ដកស្រង់​សម្តី​គ្រួ​ទាយ​ថៃ​មក​ចុះផ្សាយ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ ។ «​ខ្ញុំ​ឆ្លៀត​អាន ក៏​ប្រទះឃើញ​ចំណុច​អ្នកនយោបាយ​ខ្លះ​ចង់​បោក​ខ្ញុំ តែ​ត្រូវ​ខ្ញុំ​ដឹង​ក៏​វាយ​បំផ្លាញចោល​វិញ​នូវ​ល្បិច​ដ៏​អាក្រក់​នោះ​។ ត្រូវ​មហា​សែន​ត្រូវ​លើ​ចំណុច​នេះ​»​។ បន្ទាប់ពី​លើកឡើង​ដូច្នេះ សម្តេច ហ៊ុន សែន បន្ត​បរិយាយ​យ៉ាងនេះ​៖«​សូម​ផ្តាំផ្ញើ​ទៅ​ផង​ថា អ្នកបោក​ប្រាស់ ហ៊ុន សែន បាន មិនទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ ហើយ​សូមកុំ​ប្រាថ្នា​បោកប្រាស់​តទៅទៀត​។ បើ​ចង់​លេង​ជាមួយ ហ៊ុន សែន គឺ​សុំ​តែ​ការស្មោះត្រង់​ប៉ុណ្ណោះ​»​។​
 
​ជាមួយគ្នានេះ ប្រមុខ​បក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏​បង្ហោះ​អត្ថបទ​ជា​ភាសារ​ថៃ និង​ភាសា​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាន ហើយ​ប្រៀបធៀប​ជាមួយ​សភាពការណ៍​ដែល​បាន និង​កំពុង​កើតឡើង​នៅ​កម្ពុជា​។ ចំណុច​សំខាន់​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចាប់អារម្មណ៍​នៅក្នុង​អត្ថបទ​របស់​កាសែត​ថៃ ដែល​ដកស្រង់​សម្តី​គ្រូទាយ​ថៃ​នោះ បាន​លើកឡើងថា «​លោក កឹម សុខា មើលងាយ​សមត្ថភាព​ដ៏​ខ្លាំងក្លា ប្រកបដោយ​ថាមពល និង​ភាព​ប៉ិនប្រសប់​របស់លោក ហ៊ុន សែន ក្នុងការ​ដឹកនាំ​របស់​ប្រទេសជាតិ​។ មានពេលខ្លះ លោក សម រង្ស៊ី និង​លោក កឹម សុខា ចង់​ប្រើ​ស្នៀត​បំភ័ន្ត បំ​ភ្លើ​ស ដោយ​លើកយក​បញ្ហា​ជាច្រើន​មក​បន្លំ ផ្លាស់ប្តូរ​ស្នៀត​ពីមួយ​ទៅមួយ ប៉ុន្តែ​លោក ហ៊ុន សែន ងាយ​នឹង​មើលឃើញ​ពី​កា​រប​ង្វេ​រ​សាច់រឿង​នោះ និង​ដឹង​ពី​ចំណុចខ្សោយ​របស់​ពួកគេ ក៏​វ៉ៃ​បំបាក់​បាន​មុន បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង គ្មានអ្វី​ក្រៅពី​ទទួល​ភាពបរាជ័យ​ផ្ទួនៗ ងើបមុខ​មិន​រួច​»​។ 
 
​ទាក់ទង​នឹង​ជំនឿ​របស់​សម្តេច ហ៊ុន សែន លើ​គ្រូទាយ​ថៃ​នេះ លោក សូ ចន្ថា អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​អួតថា ខ្លួនឯង​ខ្លាំង ខ្លួន​ពូកែ​មើលឃើញ​ពី​ល្បិច​គូ​ប្រ​គួ​ត ពី​ព្រោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជឿ​លាក់​អ​បិ​យ​ជំនឿ​។​« ក្នុងនាម​អ្នកនយោបាយ និង​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី  មិនគួរ​លើកយក​បញ្ហា​ជំនឿ​លើ​គ្រូទាយ ដែលជា​អ​បិ​យ​ជំនឿ​យកមក​និយាយ​នោះទេ​។ អ្នកនយោបាយ គួរតែ​និយាយ​ផ្អែកលើ​វិទ្យាសាស្ត្រ​នយោបាយ ភាពប្រាកដនិយម ជាជាង​ជឿ​លើ​គ្រូទាយ ហើយ​ជា​ជនជាតិ​បរទេស​ទៀត​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​អ្នកវិភាគ​ខាងលើ​៕
 

Tag:
 ហ៊ុន សែន​
  សូ ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com