ជាតិ
ក្រសួង​ការងារ និង អង្គការ ILO សហការគ្នា​បង្កើត​គម្រោង​ជួយ​ដល់​ពលករ​ចំណាកស្រុក​
19, Jan 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​អង្គការ ILO  ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​ផ្តល់ជំនួយ​ដល់​ពលករ​សំណាក​ស្រុក ដែល​ហៅថា  ILO  Triangle ជំហាន​ទី​២ ដើម្បី​ពង្រឹង​យន្តការ​លើ​កិច្ចការពារ​សិទ្ធ និង​ផលប្រយោជន៍​របស់​ពល​ករ​។ លោកស្រី Ann Olsen មន្ត្រី​បច្ចេកទេស​នៃ​អង្គការ ILO  បញ្ជាក់ថា គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២៥ ។ ហើយ​មកដល់ពេលនេះ កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ធនធាន​ទេសន្តរប្រវេសន៍​ចំនួន​៤​ចាំ​ផ្តល់​សេវា​ប្រឹក្សា​ការងារ និង​ផ្នែក​ច្បាប់​ដល់​ពលករ​ចំណាកស្រុក​។​



​តាម​ការ​ថ្លែង​របស់​លោកស្រី Ann Olsen នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​គម្រោង ILO  Triangle​ជំហាន​ទី​២​ស្តីពី​ដំណើរការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​កិច្ចការពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ នៅ​ថ្ងៃទី​១៨​ខែមករា​នៅ​សណ្ឋាគារ​ភ្នំពេញ គម្រោង ILO  Triangle ជំហាន​ទី​២ ផ្តោត​សំខាន់​លើ​កិច្ចការពារ​ពលករ​ចំណាកស្រុក​ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ និង​ការផ្តល់សេវា​ការងារ​ផ្សេងៗ ។ តាមរយៈ​ការជួយ​បង្កើត​ច្បាប់ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា និង​ការរៀបចំ​ការបណ្តុះបណ្តាល​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​សហជីព​ដែល​ធ្វើការ​ទាក់ទង​នឹង​ជន​ចំណាកស្រុក​។

​លោកស្រី បន្តថា បច្ចុប្បន្ន​កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ធនធាន​ទេសន្តរប្រវេសន៍​ចំនួន​៤ គឺ​នៅ​ខេត្តកំពង់ចាម បាត់ដំបង ព្រៃវែង និង​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ បម្រើសេវា​ផ្តល់ព័ត៌មាន​ទីផ្សារការងា​រ​នៅក្រៅ​ប្រទេស និង​ប្រាក់​ឈ្នួល​ដែល​ល​ទទួលបាន ព្រមទាំង​មាន​ផ្តល់​សេវា​សុខភាព និង​សេវា​ប្រឹក្សា​ផ្នែក​ច្បាប់​ក្នុង​ការជួយ​ដល់​ពលករ​ចំណាកស្រុក​ដែល​កំពុងធ្វើការ​ងារ​នៅក្រៅ​ប្រទេស​ទៀតផង​។​

​គម្រោង ILO Triangle ជំហាន​ទី​២​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០២៥ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង​អង្គការ ILO ។ ហើយ​មុននេះ​គម្រោង ILO Triangle ជំហាន​ទី​១ ត្រូវបាន​ដាក់​ឲ​ដំណើរការ​ម្តង​រួចហើយ គឺ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៥៕
​ប្រភពពី AKP


Tag:
 ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com