កីឡាជាតិ
ជាតិ
ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ថ្មី​ដាក់ចេញ​គោលដៅ​សំខាន់ៗ ១៣​ចំណុច
20, Jan 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក្លាយជា​ប្រធាន​ថ្មី​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ក្នុងការ​ដឹកនាំ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ចំណែក​លោក នួន ភា ប្រធាន​ចាស់​ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយស​វិញ​ម្តង​។ ក្រោយ​ក្លាយជា​ប្រធាន​ថ្មី​សហព័ន្ធ​នេះ​ក៏បាន​ដាក់ចេញ​គោលដៅ​សំខាន់ៗ​១៣​ចំណុច​ដើម្បី​អនុវត្ត និង​ពង្រឹង​សក្តានុពល​សម្រាប់​អាណត្តិ​ទី​៥​របស់ខ្លួន​នេះ​។

 
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក្លាយជា​ប្រធាន​ថ្មី​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ក្នុង​ការបន្ត​ដឹកនាំ​អាណត្តិ​ទី​៥(​ឆ្នាំ​២០១៦-​ឆ្នាំ​២០២០) ជំនួស​លោក នួន ភា ដែលជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​កម្ពុជា​ចាស់ ដែល​ត្រូវបាន​គេ​បោះឆ្នោត​តែងតាំង​ឱ្យក្លាយ​ជា​ប្រធានកិត្តិយស​សហព័ន្ធ​វិញ​ម្តង​។ ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​នេះ​ធ្វើឡើង​នៅក្នុង​មហាសន្និបាត​ខេ​ម​បរ​សហព័ន្ធ​តេ​ក្វាន់​ដូ​អាណត្តិ​ទី​៤(​ឆ្នាំ​២០១១-​ឆ្នាំ​២០១៥) និង​បន្ត​អាណត្តិ​ទី​៥(​ឆ្នាំ​២០១៦-​ឆ្នាំ​២០២០) នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១៧ ខែមករា​។ 
 
​លោក ហង់ ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បានដាក់​ចេញ​គោលដៅ​សំខាន់ៗ​ចំនួន ១៣​ចំណុច​ក្នុង​ការបន្ត និង​អនុវត្ត ដើម្បី​ពង្រឹង​សហព័ន្ធ​ឱ្យមាន​សក្តានុពល​សម្រាប់​អាណត្តិ​ថ្មី​ដូចខាងក្រោម​៖
 
១/.​បង្កើន​ការងារ​ប្រជុំ និង​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ជាមួយ​បណ្តា​ក្លិប​ជា​សមាជិក​យ៉ាងតិច​៤​ដង​ក្នុង​១​ឆ្នាំ​
២/. ជំរុញ​ឲ្យ​មាន​វគ្គ​សិក្ខាសាលា​គ្រូបង្វឹក​-​អាជ្ញាកណ្តាល យ៉ាងតិច​៤​ដង​ក្នុង​១​ឆ្នាំ​
៣/. ជំរុញ​ឲ្យ​គ្រូបង្វឹក អាជ្ញាកណ្តាល​ទៅ​ហាត់​នៅក្រៅ​ប្រទេស យ៉ាងតិច​២​នាក់​ក្នុង​១​ឆ្នាំ​
៤/. បង្កើន​អាជ្ញាកណ្តាល​អន្តរជាតិ ចាប់ពី​ឆ្នាំ​២០១៦​ទៅ​
៥/. ពង្រឹង​អាជ្ញាកណ្តាល​អន្តរជាតិ​ក្នុងការ​ចូលរួម​វគ្គ​បំប៉នបន្ថែម​នៅក្រៅ​ប្រទេស​
៦/. ពង្រឹង​ការប្រឡង​ខ្សែក្រវាត់​ខ្មៅ​ដាន់ KUKKIWON ឲ្យ​បាន​៤​ដង​ក្នុង​១​ឆ្នាំ​
៧/. បង្កើន​ការប្រកួត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​រៀងរាល់ឆ្នាំ​
៨/. រៀបចំ​បណ្តុះ​ថ្នាល និង​ធ្វើការ​ប្រកួត​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ U12, U14, U18 និង​អាយុ​១៨​ឆ្នាំ​ឡើង​
៩/. ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហាត់​នៅក្រៅ​ប្រទេស​
១០/. ត្រូវបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​ជម្រុះ​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ហ្វីលីពីន​
១១/. បង្កើន និង​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ប្រើប្រាស់​ឲ្យ​មាន​តម្លាភាព និង​សមស្រប​
១២/.​បង្កើន​ប្រព័ន្ធ​ផ្សាយ​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​បាន​ទូលំ​ទូ​ឡាយ និង​មានដំណើរ​ការល្អ​
១៣/. បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​អន្តរជាតិ​នានា​។​
 
​នៅក្នុង​មហាសន្និបាត​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១៧ ខែមករា ក៏មាន​ការបោះឆ្នោត​តែងតាំង​អនុប្រធាន សមាជិក សមាជិកា ប្រតិ​ប​ត្ត​ជាច្រើនរូប​ផងដែរ ក្នុងនោះ  លោក ជ្រិ​ន សុធា និង​លោក ហែម សំណាង ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​សហព័ន្ធ លោក គង់ ស​ក្ខិ​ដា បន្ត​តំណែង​ជា​អគ្គលេខាធិការ លោក ជា សា​រ៉ា​ត ជា​អគ្គលេខាធិការរង លោក ជាតិ ខេមរា ជា​អគ្គ​ហេរញ្ញិក និង​មាន​លោក ឃឹម ស​ត្ថា​, លោក សំ សុខ​យី​, កញ្ញា ច័ន្ទ មិថុនា​, លោក ឌឿ​ន សុខ​ជា​, និង លោក ផន សុភា ជា​សមាជិក​៕
 
 
 

Tag:
 ​តេ​ក្វាន់​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com