ជាតិ
ក្រសួងមហាផ្ទៃ​សង់​ស្ថានីយទូរទស្សន៍​លើ​ផ្ទៃដី​ជាង ៨​ហិកតា នៅ​ជាយ​រាជធានី​ភ្នំពេញ​
22, Jan 2016 , 8:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រុមហ៊ុន CHINA FUJIAN ZHOUNGYA CULTURE MEDIA CO.,LTD. នឹង​សាងសង់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ​លើ​ផ្ទៃដី​ទំហំ​ជាង ៨​ហិកតា នៅ​ភាគ​ខាងលិច​ជាយ​រាជធានី​ភ្នំពេញ ហើយ​ក្រសួង​គ្រោង​ផ្សាយ​សាកល្បង នៅ​ឆ្នាំ ២០១៦​នេះ​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ម៉ៅ ប៊ុន​ណារិន អគ្គនាយក នៃ​អគ្គ នាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ​។​


 
​កិច្ចសហការ​បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ​រួមគ្នា​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​ចិន ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ៣០ លាន​ដុល្លារ​អាមេរិក​។  ការចំណាយ​នេះ បើ​ប្រៀបធៀប​នឹង​ទុន​ចំណាយ​របស់​ស្ថានីយទូរទស្សន៍ PNN​ថ្មី របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ឧកញ៉ា លី យ៉ុង​ផាត់​នោះ ចំនួន​នេះ​តិចជាង​ចំណាយ​របស់​ទូរទស្សន៍​PNN ១០ លាន​ដុល្លា​អាមេរិក​។​
 
​លោក ម៉ៅ ប៊ុន​ណារិន មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ នឹង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឥត​ខ្សែ បែប​ឌីជីថល​ទំនើប ឬ​ទូរ​សព្ទ​ចល័ត និង​តាម​ប្រព័ន្ធ​ផ្កាយរណប​ស្តង់ដារ​អន្តរជាតិ​។ ហើយ​ថា ទូរទស្សន៍​នេះ នឹង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពត៌មាន​ជាតិ អន្តរជាតិ ព័ត៌មាន​ទាន់​ហេតុការណ៍ សន្តិសុខ​សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ការអប់រំ​ច្បាប់​ជាដើម សម្រាប់​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​នៅ​ទូទាំង​ពិភពលោក​។ លោក​បន្តថា ទូរទស្សន៍​មហាផ្ទៃ នឹង​ផ្សាយ​តាម​កា​ណា​ល់​ប៉ុ​សិ៍្ត​លេខ ៦១ និង​វិទ្យុ FM លេខ ៩០.២៥​មេ​ហ្គា​ហឺត​។​
 
​លោក​បញ្ជាក់ថា ទូរទស្សន៍​មហាផ្ទៃ មាន​គោលបំណង​បង្កើន​ម៉ោង​ផ្សព្វផ្សាយ​កម្មវិធី​ទូរទស្សន៍​ឈ្មោះថា នាទី​សន្តិសុខ​មាតុភូមិ ដែល​ត្រូវ​បានដាក់​ផ្សាយ​តាម​បណ្តា​ទូរទស្សន៍​ក្នុងស្រុក​នានា អស់​រយៈពេល​ជាង ២០​ឆ្នាំ កន្លងមក​។​
 
​ក្រសួងមហាផ្ទៃ និង​ក្រុមហ៊ុន CHINA FUJIAN ZHOUNGYA CULTURE MEDIA CO.,LTD បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការសហការ​បង្កើត និង​ដំណើរការ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​វត្តមាន​ចូលរួម សម្តេច ស ខេង តំណាង​ក្រុមហ៊ុន​ចិន និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​។​
 
​លោក Huang Yi chuan តំណាង​ក្រុមហ៊ុន CHINA FUJIAN ZHOUNGYA CULTURE MEDIA CO.,LTD បាន​ថ្លែងថា គម្រោង​ស្ថានីយទូរទស្សន៍​ក្រសួងមហាផ្ទៃ «​កម្ពុជា​អាស៊ី​ខាងត្បូង​» នឹង​ប្រកាន់​ភ្ជាប់​នូវ​យុទ្ធសាស្ត្រ និង​បំពេញ​វិជ្ជាជីវៈ​ព័ត៌មាន​ជា​មូលដ្ឋាន ក្នុងការ​ផ្សព្វផ្សាយ​សេដ្ឋកិច្ច និង​នយោបាយ​ជា​ភាសា​ខ្មែរ​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បញ្ចេញ​ឥ​ទិ្ធ​ពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្មែរ លើ​ឆាក​អន្តរជាតិ​។​
 
​គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ផ្ទាល់ខ្លួន ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ សង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​ផ្ទាល់ខ្លួន ដែល​ទូរទស្សន៍​បក្សប្រឆាំង​នេះ គ្រោង​ផ្សាយ​ព័ត៌មាន​ខ្លួន​សាកល្បង នៅក្នុង​ឆ្នាំ​២០១៦​នេះដែរ​៕

Tag:
 ទូរទស្សន៍
  មហាផ្ទៃ
  កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com